ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យអភិបាលខណ្ឌទាំង១៤ ពិនិត្យឲ្យបានហ្មត់ចត់ លើការដ្ឋានសាងសង់ ការចាក់ដីបំពេញ ការបូមខ្សាច់ នៅក្នុងរាជធានីភ្នំពេញ ដោយត្រូវត្រួតពិនិត្យ ពីបញ្ហាបច្ចេកទេស និងការគោរពតាមបទដ្ឋាននគរូបនីប្បញ្ញាតិ្តជាមុន បើទោះជាការដ្ឋានសំណង់នោះ មានកម្ពស់២ទៅ៣ជាន់ក៏ដោយ ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្ងៃងបែបនេះ កាលពីរសៀលថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំពាក់ព័ន្ធការពិនិត្យ ការដ្ឋានសាងសង់ ការចាក់ដីបំពេញ ការបូមខ្សាច់ គ្មានច្បាប់អនុញ្ញាត នៅក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ និងមន្ត្រីជំនាញពាក់ព័ន្ធ ជាច្រើនទៀត។
លោក ឃួង ស្រេង ក៏បានលើកឡើងនូវកិច្ចការមួយចំនួន ជាពិសេស ការធ្វេសប្រហែសរបស់អភិបាលខណ្ឌ (អភិបាលខណ្ឌចាស់១២ខណ្ឌ) ដែលចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ដោយហាក់មិនសូវយកចិត្តទុកដាក់ ទៅនឹងការណែនាំរបស់អភិបាលក្រុងពាក់ព័ន្ធ ការបើកឲ្យមានចរាចរណ៍ ចំពោះរថយន្តក្រឡុកស៊ីម៉ងត៍ ដែលមិនគោរពតាមពេលវេលា ដែលបានកំណត់កន្លងមក ពោលគឺការអនុវត្តនោះ នូវមានកម្រិតនៅឡើយ ។
លោកអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ” ថ្ងៃនេះយើងតម្រឹមគ្នា កន្លែងខ្លះបើត្រូវធ្វើរបាយការណ៍ ទៅក្រសួងរៀបចំដែនដី គឺទៅក្រសួងដែនដី ហើយកន្លែងខ្លះត្រូវធ្វើទៅក្រសួងមហាផ្ទៃ គឺទៅក្រសួងមហាផ្ទៃ។ ការរំលឹករឿងទាំងអស់នេះ ដោយសារកន្លងមកមានការធ្វេសប្រហែសច្រើន ហើយខ្ញុំចង់បញ្ជាក់ក្នុងថ្ងៃនេះថា អ្វីៗទាំងឡាយ ដែលកើតមានឡើង ក្នុងដែនសមត្ថកិច្ច អាជ្ញាធរជាអ្នកទទួលខុសត្រូវ” ។
លោកអភិបាលរាជធានីភ្នំពេញ បានលើកឡើង ករណីជាក់ស្តែង អំពីហេតុការណ៍ ដែលបានកើតឡើងកន្លងទៅថ្មីៗនេះ នៅខេត្តព្រះសីហនុ ទៅកាន់អភិបាលខណ្ឌទាំងអស់ឲ្យដឹងច្បាស់ថា អ្នកដែលទទួលខុសត្រូវ គឺជាអាជ្ញាធរដែនដីតែម្តង មិនមែនមន្ទីររៀបចំដែនដីនោះទេ ។
លោក ឃួង ស្រេង បានលើកឡើងថា “បើស្រួលពេកមិនដំណើរការ អត់ទៅមុខ មិនដើរ យើងក៏មិនដាច់ម៉ាត់ដែរ បើអគារនឹងវាជាបុរី ពីរបីជាន់ ចេញច្បាប់ពីយើង ពីរាជធានីទៅឲ្យបុកគ្រឹះបណ្តើរៗ ប៉ុន្តែត្រូវមានការធានាបច្ចេកទេស ពីសេនាធិការយើងច្បាស់លាស់ ថាមិនអីទេ គាត់ធ្វើទៅកើតអាចទៅបាន គាត់គោរពតាមបទដ្ឋាន នគរូបនីប្បញ្ញាតិ្តហើយ បច្ចេកទេសគាត់ មានភាពរឹងមាំហើយ ធានាបាននូវការរស់ នៅថ្ងៃអនាគត ចឹងក៏យើងទៅកើតដែរ កុំបណ្តោយ បើសិនបណ្តែតបណ្តោយ វាជារឿងមួយ ដែលពិបាកស្មាន ពាក់ព័ន្ធនឹងបច្ចេកទេសនោះ” ៕ ដោយ:កូឡាប