ខេត្តព្រះសីហនុ៖ បុគ្គលិកសំអាតអនាម័យសំរាម មានចំនួនរាប់រយនាក់ នៃក្រុមហ៊ុនប្រមូលសំរាម មានឈ្មោះហៅកាត់ថា ខេ.អេស.ដាប់បែលយូ.អ៊ឹម (KSWM) នាទីប្រជុំជនក្រុងព្រះសីហនុ បានថ្លែងអំគុណដល់ ស្ត្រីសប្បុរសម្នាក់ឈ្មោះ លោកស្រី ចំរើន ច័ន្ទលីដា ដែលមានទឹកចិត្តសប្បុរសធម៌ ដោយបានចាត់តំណាង ឲ្យនាំយកចំណីអាហារមកជួយឧបត្ថម្ភដល់ពួគាត់រួមមាន៖ បាយកញ្ចប់ចំនួន ១៣០កញ្ចប់ ព្រមទាំងទឹកផ្លែឈើចំនួន ៦កេះ និងទឹកសុទ្ធ៦កេះ យកទៅចែកជូនដល់ពួកគាត់ ដែលជាបុគ្គលិកសំអាតអនាម័យសំរាម ក្នុងទីក្រុងព្រះសីហនុ នៃក្រុមហ៊ុន KSWM បានទទួលទានអាហារជុំគ្នា ដ៏មានរសជាតិឆ្ងាញ់ពិសា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩នេះ។
ឆ្លៀតឱកាសនេះ បុគ្គលិកសំអាតអនាម័យសំរាម នៃក្រុមហ៊ុន KSWM ទាំងអស់ ក៏បានសម្តែងកាយវិការគោរព នុងកោតសរសើរពីចម្ងាយតាមប្រព័ន្ធផ្សព្វផ្សាយ ចំពោះទឹកចិត្តសប្បុរសធម៌ របស់លោកស្រី ច័ន្ទលីដា ដែលមិនត្រឹម មិនបានរើសអើងដល់ពួកគេ ដែលមានការងារជាបុគ្គលិកប្រមូលសំរាម និងមានជីវភាពខ្វះខាតក្រីក្រប៉ុណ្ណោះទេ ប៉ុន្តែបែរជាមានទឹកចិត្តរាប់អាន និងបានជួយឧបត្ថម្ភផ្តល់ជូនជាអារហារទទួលទាន និងភេសជ្ជៈដ៏ឆ្ងាញ់ពិសាជូនដល់ពួកគាត់ បានចំអែតក្រពះឆ្ងាញ់មួយពេល គឺនៅចំថ្ងៃអាទិត្យចុងសប្តាហ៍ ដែលជាថ្ងៃ សម្រាប់ក្រុមមនុស្សអ្នកមានធនធាន ឬអ្នកមានទ្រព្យស្តុកស្តម្ភឈប់សម្រាកលំហែសប្បាយរីករាយក្នុងក្រុមគ្រួសាររៀងៗខ្លួន ប៉ុន្តែសម្រាប់បុគ្គលិកសំអាតអនាម័យសំរាមដូចពួកគាត់មិនមានឱកាសនោះទេ គឺសូម្បីតែមួយថ្ងៃសម្រាប់ខ្លួនឯង ឬជាមួយក្រុមគ្រួសារ ក៏គ្មសនដែរ…។
តាមរយៈទឹកចិត្តសប្បុរសធម៌ខាងលើនេះ ក្រុមបុគ្គលលិកធ្វើការជាអ្នកប្រមូលសំរាម និងសំអាតអនាម័យក្នុងទីប្រជុំជនក្រុងព្រះសីហនុទាំងអស់គ្នា ក៏បានផ្ញើសារជូនពរជ័យ ដល់សប្បុរសជនអ្នកមានចិត្តធម៌ គឺលោកស្រី ចំរើន ច័ន្ទលីដា និងក្រុមគ្រួសារ ព្រមទាំងសហការីទាំងអស់ សូមឲ្យមានសុខភាពល្អ ហើយជួបប្រទះតែសេចក្តីសុខ សុភមង្គល និងមានជោគជ័យគ្រប់ភារកិច្ចការងារ ក៏ដូចជាធ្វើជំនួញផ្សេងៗ ទទួលបានផលវិជ្ជមានជារៀងរហូតតទៅថ្ងៃអនាគត។ ជាពិសេសសូមទទួលការគោរពពីពួកគាត់ទាំងអស់គ្នាដោយអនុគ្រោះពីចម្ងាយផងចុះ…៕ ដោយ៖ ដែន សីមា