ភ្នំពេញ៖ ក្រសួងសុខាភិបាលសហការជាមួយសម្ព័ន្ធអង្គការសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជានិងទីភ្នាក់ងារអង្គការសហប្រជាជាតិ សូមប្រកាសអំពីការប្រារព្វសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយនៅកម្ពុជា
ឆ្នាំ២០១៩ ក្រោមប្រធានបទ យើងទាំងអស់គ្នាគាំទ្រការបំបៅកូនដោយទឹកដោះម្តាយ។
ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ថាសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយត្រូវបានប្រារព្ធនៅក្នុងប្រទេសជាង១២០ នៅជុំវិញពិភពលោកដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់ នៃការបំបៅកូនដោយទឹកដោះម្តាយ ដើម្បីកាត់បន្ថយបញ្ហាកង្វះអាហារូបត្ថម្ភ និងអត្រាស្លាប់របស់កុមារ។ សប្ដាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយត្រូវបានប្រារព្ធធ្វើឡើងជាសកលចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែសីហា ដោយឡែកនៅប្រទេសកម្ពុជាយើងនឹងប្រារព្ធចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៣១ ខែសីហា រៀងរាល់ឆ្នាំ។
ព្រឹត្តិការណ៍ថ្នាក់ជាតិនាឆ្នាំនេះនឹងប្រព្រឹត្តទៅនៅទីធ្លាហាត់ប្រាណមាត់ស្ទឹងក្បែរសណ្ឋាគាហ្គន (Grand Hotel) ក្នុងទីរួមខេត្ត សៀមរាបនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ដោយចាប់ផ្តើមពីម៉ោង ៨:00ព្រឹក ដើម្បីអបអរសាទរជាផ្លូវការនូវការប្រារព្ធសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ។
ចាប់តាំងពីឆ្នាំ២០០១មក កម្មវិធីជាតិអាហារូបត្ថម្ភរបស់ក្រសួងសុខាភិបាល បានដឹកនាំការប្រារព្ធសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយរៀងរាល់ឆ្នាំ ដែលធ្វើឱ្យអត្រាបំបៅកូន ដោយទឹកដោះម្តាយក្នុងចំណោមទារក ដែលមានអាយុក្រោម៦ខែ បានកើនឡើងយ៉ាងខ្លាំងក្នុងចន្លោះឆ្នាំ២០០០ ដល់ ២០១០ គឺកើនពី១១% ដល់៧៤%។ ចាប់ពីពេលនោះមកការប្រារព្វសប្តាហ៍ពីភពលោកបំបៅកូនដោយទឹកដោះម្តាយក៏ត្រូវបានបញ្ឈប់នៅឆ្នាំ២០១០ ដោយសារការសន្មតថា មានការយល់ដឹងយ៉ាងច្រើនក្នុងចំណោមសាធារណជនអំពីការអនុវត្តបំបៅកូនដោយទឹកដោះម្តាយ (CDHS 2000 និង2010)។
ដោយឡែកក្នុងឆ្នាំ២០១៤ លទ្ធផលនៃការអង្កេតប្រជាសាស្ត្រ និងសុខភាពបានបង្ហាញឱ្យឃើញថា អត្រានៃការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីកើតរហូតដល់អាយុ៦ខែ បានថយចុះចំនួន ៩% (ចុះពី ៧៤% ដល់៦៥%) វិញ ដោយសារតែមានការកើនឡើងនូវការប្រើប្រាស់ផលិតផលទឹកដោះគោម្សៅផ្សំតាមរូបមន្ត និងអាហារសម្រាប់កុមារតូច ហើយជាលទ្ធផលពិធីនេះក៏ត្រូវបានប្រារព្ធឡើងវិញជាថ្មីក្នុងឆ្នាំ២០១៥ ។
ការអនុវត្តបំបៅកូនដោយទឹកដោះម្តាយអាចបង្ការការស្លាប់របស់កុមារទូទាំងពិភពលោកចំនួន៨២៣.០០០នាក់ ជារៀងរាល់ឆ្នាំ។ ភស្តុតាងវិទ្យាសាស្ត្របញ្ជាក់ច្បាស់ថា ការបំបៅកូនដោយទឹកដោះម្តាយភ្លាម ក្នុងអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាលអាចទប់ស្កាត់មរណភាពទារកបានប្រហែល២០% កុមារដែលបានទទួលការបំបៅដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់រយៈពេល៦ខែដំបូងអាចកាត់បន្ថយជំងឺរាករូសបាន១១ដង និងជំងឺរលាកសួតបាន១៥ដង បើប្រៀបធៀបជាមួយកុមារដែលមិនបានទទួលការបំបៅដោយទឹកដោះម្តាយ។
កុមារដែលមិនបានបំបៅដោយទឹកដោះម្តាយធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍ ខួរក្បាលសតិបញ្ញាស្មារតី និងមានទំហំខួរក្បាលតូចជាងកុមារដែលបានបំបៅដោយទឹកដោះម្តាយ។ មិនតែប៉ុណ្ណោះពួកគេបាត់បង់ភាពវៃឆ្លាត ឬIQ ចំនួន 2.6 ពិន្ទបើប្រៀបធៀបនឹងកុមារទទួលបានការបំបៅទឹកដោះម្តាយពេញលេញ។
ក្រសួងសុខាភិបាលរួមជាមួយដៃគូអភិវឌ្ឍសុខភាព និងភាគីពាក់ព័ន្ធ សូមអំពាវនាវឱ្យមានការចូលរួមសម្ពស់
និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវការបំបៅកូនដោយទឹកដោះម្តាយក្នុងម៉ោងដំបូង និងតែមួយមុខគត់ ចាប់ពីកើតរហូតដល់អាយុ៦ខែ រួចបន្តការបំបៅរហូតដល់អាយុ២ឆ្នាំ ឬលើស។ ហើយក៏សូមសំណូមពរឱ្យបន្តប្រារព្ធសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះ ម្ដាយជាប់ជាប្រចាំ ជារៀងរាល់ឆ្នាំក្នុងន័យក្រើនរំលឹកដល់សហគមន៍ពីសារៈសំខាន់នៃការបំបៅកូនដោយទឹកដោះម្តាយ ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ភ និងការរស់រានមានជីវិតរបស់កុមារ ៕ ដោយ ៖ កូឡាប