ភ្នំពេញ ៖ សេចក្តីថ្លែងការណ៍ផ្លូវការពីក្រុមប្រឹក្សាភិបាលនៃធនាគារ ព្រីនស៍ ម.កជូនចំពោះ៖សាធារណជនទូទៅ,អតិថិជនដ៏មានតម្លៃរបស់យើង,និងបុគ្គលិកទាំងអស់នៃធនាគារ ព្រីនស៍ ម.ក
ប្រធានក្រុមប្រឹក្សាភិបាល និងក្រុមប្រឹក្សាភិបាល នៃធនាគារ ព្រីនស៍ ម.ក សូមជម្រាបជូនទាក់ទងទៅនឹងការដាក់បញ្ចូលឈ្មោះរបស់ធនាគារ ព្រីនស៍ កាលពីពេលថ្មីៗនេះ នៅក្នុងបញ្ជីទណ្ឌកម្មដែលចេញផ្សាយដោយ ការិយាល័យត្រួតពិនិត្យទ្រព្យសកម្មបរទេស នៃក្រសួងរតនាគារសហរដ្ឋអាមេរិក (OFAC) និងរដ្ឋាភិបាលនៃចក្រភពអង់គ្លេស។ ក្រុមប្រឹក្សាភិបាលរបស់ធនាគារយើងខ្ញុំត្រួតពិនិត្យស្ថានការណ៍នេះដោយយកចិត្តទុកដាក់បំផុត ហើយយើងចង់ធានាដល់គ្រប់ភាគីពាក់ព័ន្ធរបស់ធនាគារ ព្រីនស៍ ទាំងអស់ថា ធនាគារ ព្រីនស៍ នៅតែរក្សា ស្ថិរភាព សុចរិតភាព និងការបន្តប្តេជ្ញាអនុលោមតាមស្តង់ដារក្រមសីលធម៌ និងបទប្បញ្ញត្តិយ៉ាងខ្ជាប់ខ្ជួន។
ការប្តេជ្ញាចិត្តចំពោះអភិបាលកិច្ចល្អ និងតម្លាភាព
ក្នុងនាមជាក្រុមប្រឹក្សាភិបាលដែលមានសិទ្ធិ និងសមត្ថភាពខ្ពស់បំផុតក្នុងការធ្វើសេចក្តីសម្រេចពាក់ព័ន្ធនឹងធនាគារ យើងសូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដោយឥតងាករេរបស់យើងក្នុងការអនុវត្តអភិបាលកិច្ចល្អ តម្លាភាព និងការអនុលោមតាមបទប្បញ្ញត្តិ។ ធនាគារបានរៀបចំនូវរចនាសម្ព័ន្ធផ្ទៃក្នុង និងបង្កើតយន្តការត្រួតពិនិត្យជាច្រើន ដើម្បីធានាថាគ្រប់ផ្នែកទាំងអស់នៅក្នុងធនាគារប្រកាន់ខ្ជាប់ និងអនុវត្តតាមស្តង់ដារល្អបំផុតរបស់វិស័យធនាគារ។ ធនាគាររបស់យើងប្រតិបត្តិការយ៉ាងតឹងរ៉ឹងស្របតាមច្បាប់ និងបទប្បញ្ញត្តិរបស់ ធនាគារជាតិនៃកម្ពុជា (NBC) និងក្របខ័ណ្ឌច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាដែលគ្រប់គ្រងលើស្ថាប័នហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណទាំងអស់។ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានធ្វើសវនកម្មដោយឯករាជ្យដោយសវនករខាងក្រៅដ៏ល្បីឈ្មោះ ដើម្បីពង្រឹងតម្លាភាព គណនេយ្យភាព និងការគ្រប់គ្រងហិរញ្ញវត្ថុបានយ៉ាងល្អ។
ការត្រួតពិនិត្យឯករាជ្យ និងការអនុលោមភាពយ៉ាងតឹងរ៉ឹង
ក្រុមប្រឹក្សាភិបាលអនុវត្តការត្រួតពិនិត្យឯករាជ្យ និងសកម្មលើរាល់បញ្ហាប្រតិបត្តិការ យុទ្ធសាស្ត្រ និងការអនុលោមភាព។
ដើម្បីជួយសម្រួលដល់មុខងារសំខាន់ៗនេះ គណៈគ្រប់គ្រងជាន់ខ្ពស់តែងតែផ្តល់ពត៌មាន និងការអភិវឌ្ឍពាក់ព័ន្ធទាំងអស់ជាប្រចាំជូនដល់ក្រុមប្រឹក្សាភិបាលឱ្យបានពេញលេញ ដែលអនុញ្ញាតឱ្យក្រុមប្រឹក្សាភិបាលធ្វើការសម្រេចចិត្តទាន់ពេលវេលា និងចាំបាច់ ដើម្បីការពារផលប្រយោជន៍ល្អបំផុតរបស់ធនាគារ។

