ខេត្តស្វាយរៀងៈ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តស្វាយរៀង កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ បានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបររថយន្តដឹកកម្មកររោងចក្រ នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង ក្រោមវត្តមានដឹកនាំដោយលោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង និងមានការចូលរួមពីលោកឧត្ដមសេនីយ៍ត្រី ភោគ សុខុន ស្នងការរងនគរបាលខេត្ត លោក តី ស៊ីផន អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កងរាជអាវុធហត្ថខេត្ត បងប្អូនអ្នកបើកបររថយន្តដឹកកម្មកររោងចក្រសរុបវត្តមានចំនួន ១៤៨នាក់។
លោកឧត្ដមសេនីយ៍ត្រី ភោគ សុខុន បានមានប្រសាសន៍ថា អ្នកបើកបររថយន្តដែលតែងតែជួបគ្រោះថ្នាក់ចរាចរជាញឹកញាប់ គឺបណ្ដាលមកពីបញ្ហាមួយចំនួនដូចជា៖ រាល់ពេលបើកបរគឺមិនបានទុកចន្លោះសុវត្ថិភាព ឲ្យបានគ្រប់គ្រាន់ជាពិសេសពេលវ៉ា និងជែងក្នុងស្ថានភាពគ្រោះថ្នាក់។ ពេលបើកបរមានល្បឿនលឿនមិនគោរពស្លាកសញ្ញា និងច្បាប់ចរាចរណ៍កំណត់ដូចជានៅទីប្រជុំជន និងក្រៅទីប្រជុំជន។ អ្នកបើកបររថយន្តដឹកកម្មករទាំងអស់ត្រូវឧស្សាហ៍ត្រួតពិនិត្យ និងថែទាំរថយន្តជាប្រចាំ។ បច្ចុប្បន្នខេត្តបានបង្កើតក្រុមល្បាតចល័តដោយមានរថយន្ត២គ្រឿង ដើម្បីឃ្លាំមើលតាមដងផ្លូវចំពោះអ្នកបើកបរណា ដែលល្មើសច្បាប់ចរាចរណ៍ផ្លូវគោក និងចាប់ផាកពិន័យ។
លោកស្រីអភិបាលរងខេត្តស្វាយរៀង បានសម្ដែងនូវការសោកស្ដាយ ចំពោះគ្រោះថ្នាក់រថយន្តដឹកកម្មកររោងចក្រចំនួន២ករណី នៅថ្ងៃទី ៣០និង៣១ខែកក្កដា រហូតដល់មានអ្នកស្លាប់ និងរបួសនាពេលកន្លងទៅ ហើយចំពោះបញ្ហាគ្រោះថ្នាក់ចរាចរដែលកើតឡើង បណ្ដាលមកពីកត្តាមនុស្សភាគច្រើន ដោយសារអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ បើកបរលើសល្បឿនកំណត់ វ៉ានិងជែងខ្វះការប្រុងប្រយ័ត្ន អ្នកបើកបរប្រើប្រាស់គ្រឿងស្រវឹង និងសារធាតុញៀន អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពជាដើម។
លោកស្រីក៏បានសំណូមពរដល់អ្នកបើកបរ ពេលបើកបរទាំងអស់ សូមមានការយោគយល់អធ្យាស្រ័យគ្នា និងសូមឲ្យពួកគាត់បង្រៀនច្បាប់ចរាចរណ៍បន្តដល់បងប្អូន កូន ក្មួយក្នុងគ្រួសារ និងមិត្តភក្ដិ ជាពិសេសធ្វើកន្លែងអង្គុយក្នុងរថយន្ត ឲ្យសមរម្យ និងសុវត្ថិភាពដល់អ្នកជិះ។
បន្ទាប់ពីមានប្រសាសន៍សំណេះសំណាលចប់ ក្រុមការងារបានចែកខិតប័ណ្ណច្បាប់ចរាចរណ៍ចំនួន ២០០សន្លឹក ផ្ទាំងសម្រាប់អ្នកថ្មើរជើង ចំនួន១០សន្លឹក ស្ទីកគ័រចំណាំងផ្លាត ចំនួន៣០០សន្លឹក បិទស្ទីកគ័រថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរចំនួន២០សន្លឹក និងបានត្រួតពិនិត្យបច្ចេកទេសរថយន្តមានដូចជា ៖ រថយន្តគ្មានកៅអីសម្រាប់កម្មករអង្គុយចំនួន ៤៤គ្រឿង រថយន្តគ្មានបាឡុងតាកេចំនួន៣គ្រឿង កញ្ចក់ប្រេះស្រាំ ចំនួន២គ្រឿង ប័ណ្ណបើកបរខុសប្រភេទចំនួន៦ប័ណ្ណ គ្មានប័ណ្ណបើកបរចំនួនម្នាក់ រថយន្តគ្មានផ្លាកលេខចំនួន ២គ្រឿង ព្រមទាំងបានធ្វើកិច្ចសន្យា និងពិន័យតាមផ្លូវច្បាប់ផងដែរ៕ ដោយ៖ វ៉ៃកូ