ទាហានពន្លត់អគ្គិភ័យទីក្រុងញូវយ៉ក បានមានវត្តមាននៅភូមិគ្រឹះឯកជនរបស់អតីតប្រធានាធិបតីអាមេរិកប៊ីល គ្លីនតុន នៅ Chappaqua ក្រោយពេលទទួលបានព័ត៌មានពីអគ្គិភ័យកើតឡើងនៅទីនោះ។
ហេតុការណ៍កើតឡើងនៅល្ងាចថ្ងៃ ៣/១ (ម៉ោងតំបន់) អណ្តាតភ្លើងបានឆាបឆេះឡើងនៅភូមិគ្រឹះអតីតប្រធានាធិបតី Bill Clinton និងភរិយាប្រមុខការទូត Hillary Clinton នៅ Chappaqua នៅបុរីញូវយ៉ក។
លោក Nick Merrill, នាយកព័ត៌មានរបស់គ្រួសារគ្លីនតុន ឲ្យដឹងថា អគ្គិភ័យបានឆាបឆេះនៅតំបន់ផ្ទះសម្រាប់ភ្នាក់ងារសន្តិសុខ ស្ថិតនៅដាច់ដោយឡែក។ សំណាងល្អដែលប្តីប្រពន្ធគ្លីនតុន សុទ្ធតែមានវត្តមាននៅផ្ទះខណៈពេលអគ្គិភ័យកើតឡើង និងពុំមាននរណារងរបួសឡើយក្នុងហេតុការណ៍នេះ។
ខណៈពេលនោះប៉ូលិសញូវយ៉កឲ្យដឹងថា ទាហានពន្លត់អគ្គិភ័យបានមានវត្ថមាននៅភូមិគ្រឹះលោកគ្លីនតុន នៅវេលាម៉ោង ១៤និង៥០នាទី ហើយបានពន្លត់អណ្តាតភ្លើងឲ្យរលត់ក្នុងអំឡុងពេល ៣០នាទី។ អគ្គិភ័យបានឆាបឆេះចេញពីបន្ទប់ដេកមួយ ហើយគេពុំទាន់ដឹងពីអន្តរាយបង្កឡើងដោយអគ្គិភ័យឡើយ។
គ្រួសារលោកគ្លីនបានទិញភូមិគ្រឹះនេះកាលពីឆ្នាំ ១៩៩៩ ក្នុងតម្លៃ ១,៧ លានដុល្លារ ក្រោយពេលអតីតប្រធានាធិបតី ប៊ីល គ្លីនតុន បញ្ចប់អាណត្តិ ផ្ទះនេះមានបន្ទប់ដេក ១១ ហើយជាកន្លែងរស់នៅរបស់គ្រួសារគ្លីនតុន ក្នុងអំឡុងពេល ២០ឆ្នាំកន្លងមក៕ ចន្ទ្រា