“Fire and Fury: Inside the Trump White House” (បកប្រែជាបណ្តោះអាសន្នថា ៖ ភ្លើង និងការផ្ទុះកំហឹង ៖ នៅខាងក្នុងសេតវិមានរបស់ប្រធានាធិបតី Trump) គឺជាស្នាដៃនិពន្ធថ្មី ដែលអ្នកនិពន្ធពុំមានជាប់សាច់សាលោហិតជាមួយលោក ត្រាំ។ តាមនោះ Michael Wolff, ជាអ្នកកាសែតម្នាក់ដែលសម្ងំ “តាមដានអចិន្ត្រៃ” ក្នុងសេតវិមាន នាអំឡុងពេញមួយខែដំបូងដែលលោក ត្រាំ ឡើងកាន់តំណែង។ តាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក នោះសៀវភៅនេះបានសរសេរនូវអាថ៌កំបាំងពុំធ្លាប់មានអ្នកដឹង ជាហេតុធ្វើឲ្យសាធារណជនកំពុងស្រេកឃ្លានការអានជាខ្លាំង។ តាមខ្លឹមសារសង្ខេបដែលប្រព័ន្ធផ្សព្វផ្សាយអាមេរិកលើកឡើងរួមមាន ៖
១.លោកត្រាំ មិនចង់ធ្វើជាប្រធានាធិបតី ជាក់ស្តែងពុំមាននរណាម្នាក់ក្នុងយុទ្ធនាការដណ្តើមសន្លឹកឆ្នោតសង្ឃឹមថា លោកត្រាំឈ្នះឡើយ សូម្បីខ្លួនឯង លោកត្រាំក៏ពុំសង្ឃឹមថា ទទួលបានជ័យជំនះលើអ្នកនយោបាយជើងចាស់ Hillary Clinton។ លើសពីនេះទៀត លោកត្រាំក៏បានត្រៀមស្មារតីក៏ដូចជាផែនការវិលត្រឡប់មករស់នៅជីវភាពធម្មតាដូចមុនវិញ។ Michael Wolff, សរសេរថា ៖ “ប្រសិនបើចាញ់ឆ្នោត លោកត្រាំ នៅតែក្លាយជាជនល្បីល្បាញ។ កូនស្រី Ivanka រួមនឹងស្វាមី Jared Kushner ក៏នឹងក្លាយជាមនុស្សដែលពិភពលោកទាំងមូលស្គាល់។ រីឯជំទាវ Melania Trump ក៏អាចបន្តរស់នៅក្នុងជីវិតឯកជនមួយយ៉ាងធូរស្រាល។ ចាញ់ឆ្នោតហាក់ដូចជាល្អសម្រាប់មនុស្សទាំងអស់ ចាញ់គឺជាជោគជ័យ”។
២.លោកត្រាំ ពុំចូលចិត្តនឹងរដ្ឋធម្មនុញ្ញ។ សៀវភៅនោះក៏បានសរសេរថា ពេលចាប់ផ្តើមយុទ្ធនាការដណ្តើមសន្លឹកឆ្នោតលោកត្រាំ ទើបពឹងពាក់ Sam Nunberg ឲ្យជួយបកស្រាយអំពីរដ្ឋធម្មនុញ្ញអាមេរិក ខណៈពេលលោកអង្គុយសម្លឹងមើលពិដានផ្ទះក្នុងភាពធុញទ្រាន់។
៣.លោកត្រាំ ពុំចង់ប្តូរទៅរស់នៅក្នុងសេតវិមានទេ។ លោកត្រាំ និងជំទាវ Melania ដេកក្នុងបន្ទប់២ ដោយឡែកពីគ្នា ហើយលោកបានហាមឃាត់មិនឲ្យអ្នកណារើសនូវរបស់អ្វីៗដែលទម្លាក់ចុះលើកម្រាលព្រំ។ លោកត្រាំ ខ្លាចត្រូវគេបំពុល ហើយហាមមិនឲ្យនរណាម្នាក់ប៉ះពាល់ដល់ច្រាសដុសធ្មេញរបស់ខ្លួន។
៤.Ivanka ចង់ឈរឈ្មោះជាបេក្ខប្រធាប្រធានាធិបតី ។ កូនស្រីរបស់លោកត្រាំ និងស្វាមី Jared Kushner បានព្រមព្រៀងគ្នាថា ប្រសិនបើមានឱកាស Ivanka ជាអ្នកឈរឈ្មោះបេក្ខភាពប្រធានាធិបតី ហើយក៏សម្រេចចចិត្តចង់ក្លាយជាប្រធានាធិបតីដំបូងនៅប្រទេសអាមេរិក។
៥.លោកត្រាំ ខ្វះការយល់ដឹងអំពីបណ្តាបញ្ហាគោលនយោបាយ។ ជំនួយការមួយចំនួនដែលជិតដិតរបស់លោកត្រាំ ធ្លាប់ “បែកអំពិលអំពែក” ជាច្រើនដង ហើយស្ទើ “ឆ្កួត” ព្រោះតែកង្វះខាតយល់ដឹងរបស់ប្រធានាធិបតី ជុំវិញបញ្ហាគោលនយោបាយ។
៦.លោកត្រាំ បានផ្ទុះកំហឹងក្នុងថ្ងៃទទួលតំណែង។ “ក្នុងសៀវភៅនោះមានសំណេរថា លោកត្រាំ ពុំមានការសប្បាយចិត្តនៅថ្ងៃទទួលតំណែងឡើយ។ មូលហេតុដែលលោកផ្ទុះកំហឹងព្រោះតែតារាលំដាប់ដំបូងរបស់អាមេរិក បានធ្វើព្រងើយកន្តើយចំពោះព្រឹត្តិការណ៍នេះ ពេលនោះលោកថែមទាំងមានការឈ្លោះប្រកែកជាមួយភរិយា ហើយលោកស្រី Melania បានយំ។
៧.ក្រិត្យច្បាប់ដំបូងរបស់លោកត្រាំ ចំពោះការហាមឃាត់ជនអន្តោប្រវេសន៍មកពីបណ្តាប្រទេសដែលមានជនជាតិអ៊ីស្លាមច្រើន ធ្វើឲ្យបុគ្គលិករបស់សេតវិមានស្រឡាំងកាំងនិងខឹងសម្បារ។
… ហើយនៅមានរឿងរ៉ាវគួរឲ្យជក់ចិត្តផ្សេងៗទៀត កើតឡើងក្នុងសេតវិមាន ក្នុងអំឡុងពេលកាន់អំណាច១ឆ្នាំរបស់ប្រធាត្រាំ។
អ្នកនិពន្ធ Michael Wolff បានសម្ភាសន៍មនុស្សជាង ២០០នាក់ រួមទាំងបុគ្គលិកជាន់ខ្ពស់របស់សេតវិមាន ហើយប្រើពេលអស់១៨ខែ សម្រាប់ការសរសេរសៀវភៅនេះ៕ សូយន