ភ្នំពេញៈ ប៉ូលិសកម្ពុជាបានស្រាវជ្រាវស៊ើបអង្កេត និងមានតម្រុយខ្លះហើយ លើករណីជនបរទេសមកធ្វើចារកម្មនៅក្នុងប្រទេសកម្ពុជា ឃុបឃិតជាមួយមេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលរៀបចំផែនការធ្វើបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។
ប៉ុន្តែសមត្ថកិច្ចនៅមិនទាន់បង្ហាញព័ត៍មានលំអិតនៅឡើយទេ ដោយរង់ចាំការស៊ើបអង្កេតចប់សិន។
ការស្រាវជ្រាវករណីជនបរទេសធ្វើចារកម្មនៅកម្ពុជា គឺបន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យអគ្គស្នងការនគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏ដូចជាក្រសួងការបរទេស ស្រាវជ្រាវវត្តមាននៃជនជាតិអាមេរិកទាំងឡាយដែលសង្ស័យថា បានធ្វើចារកម្មនៅពីក្រោយបញ្ហាឆ្នាំ២០១៣។
នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានបញ្ជាក់កាលពីព្រឹកថ្ងៃទី០៤ ខែតុលា នៅក្រៅប្រជុំផ្សព្វផ្សាយអនុក្រឹត្យ ១២៩ អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្តីពីការលុបចោល និងដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ថា បញ្ហានេះ គឺជាបញ្ហាពាក់ព័ន្ធរវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជាមួយអគ្គស្នងការនគរបាលជាតិ ហើយសំខាន់បំផុតវាជាការងារសន្តិសុខជាតិ ដែលចាំបាច់សមត្ថកិច្ចត្រូវតែតាមដានរហូតដល់ពេលចប់លទ្ធផលទើបអាចប្រាប់បាន។
នាយឧត្តមសេនីយ៍ សុខ ផល បានបញ្ជាក់ថា “ទាក់ទងករណីនេះ សមត្ថកិច្ចស្រាវជ្រាវបានតម្រុយខ្លះហើយ ពីព្រោះយើងធ្វើហើយ ពិតជាមានតម្រុយ ប៉ុន្តែគ្រាន់ថា ការងារនេះ វាពាក់ព័ន្ធនិងសន្តិសុខជាតិ មិនទាន់ប្រាប់បានទេ ហើយវាប៉ះពាល់ដល់សិទ្ធិគេទៀត ពីព្រោះសិទ្ធិសម្រេចខុសច្បាប់កន្លែងណា ចុងក្រោយគឺសាលក្រមរបស់តុលាការទេ ដែលជាអ្នកសម្រេច”។
សូមជម្រាបថា ក្នុងឱកាសចុះជួបជាមួយកម្មករកម្មការិនីចំនួនជាងមួយម៉ឺននាក់នៅសួនឧស្សាហកម្មវឌ្ឍនៈ១ ក្នុងភូមិដំណាក់ធំ ក្នុងខណ្ឌមានជ័យ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យអគ្គស្នងការនគរបាលជាតិ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក៏ដូចជាក្រសួងការបរទេសស្រាវជ្រាវវត្តមាននៃជនជាតិអាមេរិកទាំងឡាយដែលសង្ស័យថា បានធ្វើចារកម្មនៅពីក្រោយបញ្ហាឆ្នាំ២០១៣ ហើយមុននឹងទៀតផង។ តើអ្នកណាខ្លះបានចូលមកកម្ពុជា?។ ពីមុនមកយើងបានដឹងចារកម្មពីរនាក់បានមកបញ្ជាសូម្បីផ្លូវវ៉េងស្រេងក៏មានបាតដៃពីរនាក់នោះដែរ៕ ដោយៈ មុនីរាជ