Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណង់​រឹងមាំ​បន្ត​សង់​រំលោភ​ដី​ចំណី​ឆ្នេរសមុទ្រ ខេត្ត​ព្រះសីហនុ​ ក្នុង​តំបន់​ពយ​កំពេញ ប៉ុន្តែ​រដ្ឋបាល​ខេត្ត​គ្មាន​ការទប់ស្កាត់​

​ខេត្ត​ព្រះសីហនុ​៖ អ្នកឃ្លាំមើល​ផែន​ការអភិវឌ្ឍ​សង្គម និង​ប្រជាពលរដ្ឋ រស់នៅ​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា សកម្មភាព​សង់​សំណង់​រឹងមាំ​រំលោភ​ដី​ចំណី​ឆ្នេរសមុទ្រ នា​ខេត្ត​ព្រះសីហនុ បាន​បន្ត​កើតមាន​យ៉ាង​អនាធិបតេយ្យ ប៉ុន្តែ​គ្មាន​អាជ្ញាធរ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិសេស​រាជរដ្ឋាភិបាល ចេញមុខ​ហាមឃាត់​ទេ​។

​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយចំនួន នា​ខេត្ត​ព្រះសីហនុ បាន​រិះគន់​រដ្ឋបាលខេត្ត​ព្រះសីហនុ ពិសេស​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​ថា អនុវត្ត​ច្បាប់​មិន​បាន​ស្មើភាព រវាង​ប្រជាពលរដ្ឋ​ក្រីក្រ មន្ត្រី​មាន​អំណាច ឬ​មាន​យសស័ក្តិ​ខ្ពស់ និង​ឈ្មួញ​មានទ្រព្យ​មាន​ងារ​ជា​ឧកញ៉ា​នោះទេ​។

​អ្នកឃ្លាំមើល​សង្គម​មួយ​ចំនួន បាន​កត់សម្គាល់​ថា រាល់ថ្ងៃនេះ ឆ្នេរសមុទ្រ ឬ​ដី​ចំណី​ឆ្នេរសមុទ្រ នៅតាម​តំបន់​ខ្លះ នា​ខេត្ត​ព្រះសីហនុ ជា​ពិសេស​តំបន់​ពយ​កំពេញ ស្ថិតក្នុង​សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​ជាដើម ត្រូវ​ឈ្មួញ​មានទ្រព្យ​មាន​ងារ​ជា​ឧកញ៉ា និង​មន្ត្រី​មាន​អំណាច​មួយចំនួន អាច​មាន​សិទ្ធិ​សង់​សំណង់​រឹងមាំ នៅលើ​ដី​ចំណី​ឆ្នេរសមុទ្រ ឬ​ជាប់​ឆ្នេរសមុទ្រ ដោយ​គ្មាន​មន្ត្រី​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិសេស​រដ្ឋាភិបាល​ចេញមុខ​ទប់ស្កាត់​ទេ​។

​បញ្ហា​នេះ​ដែរ អ្នកឃ្លាំមើល​សង្គម មន្ត្រីរាជការ និង​ពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ រស់នៅ​ខេត្ត​ព្រះសីហនុ ក៏​បាន​រិះគន់ ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ដឹកនាំ​ដោយ លោក ជា សុផារ៉ា ថា ខ្វះ​លទ្ធភាព ឬ​មាន​ភាពកម្សោយ​ទៅលើ​ការងារ​គ្រប់គ្រង​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ ឲ្យបាន​ត្រឹមត្រូវ​ស្របតាម​ច្បាប់​កំណត់​នោះ​ទេ​។

​ត្រង់​ចំណុច​នេះ ពួកគេ​ចោទថា រាល់​សកម្មភាព​ចុះ​អនុវត្ត​ច្បាប់ របស់​មន្ត្រី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ គឺ​មិន​បាន​ស្មើភាព​គ្នា រវាង​ពលរដ្ឋ​ក្រីក្រ មន្ត្រី​មាន​អំណាច និង​ឈ្មួញ​មានទ្រព្យ​ឡើយ​។ អ្នកឃ្លាំមើល​សង្គម និង​ពលរដ្ឋ​ខ្លះ បាន​អះអាង​ថា រាល់ថ្ងៃ​នេះ​ឈ្មួញ​មាន​ទ្រព្យ និង​មន្ត្រី​មានអំណាច អាច​ធ្វើ​សកម្មភាព​សង់​សំណង់​រឹងមាំ​នៅលើ​ដី​ចំណី​ឆ្នេរសមុទ្រ​នា​ខេត្ត​ព្រះសីហនុ ដោយ​គ្មាន​ការហាមឃាត់ ឬ​ឈានទៅ​មានច្បាប់​អនុញ្ញាត​ឲ្យ​សាងសង់​សំណង់​រឹងមាំ​ស្រប​ច្បាប់​ថែម​ទៀត ប៉ុន្តែ​បើ​ពលរដ្ឋ​ក្រីក្រ ឬ​មន្ត្រីរាជកា​មាន​បុណ្យស័ក្តិ​ទាប គឺ​មិន​មាន​សិទ្ធិ​ទេ​។

​ប្រជាពលរដ្ឋ អះអាងថា ដី​ចំណី​ឆ្នេរសមុទ្រ ដែល​ត្រូវ​ឈ្មួញ និង​មន្ត្រី​មានអំណាច កំពុង​សង់​សំណឹង​រឹងមាំ ដោយ​គ្មាន​ការហាមឃាត់​ពី​មន្ត្រី​ស្ថាន​ប័ន​ជំនាញ​ពាក់ព័ន្ធ​រាល់ថ្ងៃនេះ គឺ​មាន​ទីតាំង​នៅ​តំបន់​ពយ​កំពេញ ស្ថិតក្នុង​សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​ជាដើម​។​

​មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ភាគច្រើន រស់នៅ​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា សកម្មភាព​ហ៊ុំ​ព័ទ្ធ​របង​ថ្ម និង​សង់​សំណង់​រឹងមាំ​ជា​បឹង​កា​ឡូ ឬ​ជា​ផ្ទះថ្ម​លំហែកាយ បាន​បន្ត​សកម្មភាព​រាល់ថ្ងៃ​នៅ​តំបន់​ពយ​កំ​ពេញ ដោយ​រាល់ថ្ងៃនេះ សកម្មភាព​សង់​សំណង់​រឹងមាំ​មួយ​ចំនួន កំពុង​សង់​នៅ​ជាប់​ឆ្នេរសមុទ្រ ដោយ​គ្មាន​អាជ្ញាធរ​ពី​ស្ថាប័ន​ណាមួយ​ចេញមុខ​ទប់ស្កាត់​ទេ​។

​ភាពអនាធិបតេយ្យ នៃ​សកម្មភាព​ហ៊ុំ​ព័ទ្ធ​របង​ថ្ម និង​សង់ផ្ទះ រំលោភ​យក​ដី​ចំណី​ឆ្នេរសមុទ្រ​អនាធិបតេយ្យ ដែល​កំពុង​កើតមាន​នៅ​ខេត្ត​ព្រះសីហនុ​រាល់ថ្ងៃនេះ ទាំង​មន្ត្រី​សង្គម​ស៊ីវិល មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ភាគច្រើន រស់នៅ​ខេត្ត​នេះ បាន​សំណូមពរ​ដល់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យជួយ​សង្គ្រោះ​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ​ឲ្យបាន​គង់វង្ស​។ ព្រោះ​រាល់​ថ្ងៃនេះ មាន​មន្ត្រី​មាន​ងារ​ជា​ឯកឧត្តម និង​ឈ្មួញ​មានទ្រព្យ​មាន​ងារ​ជា​ឧកញ៉ា ព្រមទាំង​មាន​មន្ត្រី​ខ្លះ​កំពុង​ធ្វើការ​នៅ​ក្នុង​ស្ថាប័នរដ្ឋ ក្រោម​ឱវាទ​រដ្ឋបាលខេត្ត​ព្រះសីហនុ បានធ្វើ​សកម្មភាព​ហ៊ុំ​ព័ទ្ធ​របង​ថ្ម និង​សង់ផ្ទះ​រំលោភ​យក​ដី​ចំណី​ឆ្នេរសមុទ្រ មាន​ទីតាំង​នៅ​តំបន់​ពយ​កំពេញ ស្ថិតក្នុង​សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​កំពុង​បន្ត​កើតមាន​រាល់ថ្ងៃ និង​គ្មាន​អាជ្ញាធរ​ហាមឃាត់​ទេ​។

​ឆ្លើយតប​បញ្ហា​នេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ផ្តល់​សម្ភាស​ដល់​អ្នក​យក​ព័ត៌មាន cen.com.kh ប្រចាំ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​សុក្រ ទី​៥ ខែ​មករា ឆ្នាំ​២០១៨​ថា មិនទាន់​ទទួលបាន​ព័ត៌មាន នៃ​សកម្មភាព​សង់ផ្ទះ និង​ហ៊ុំ​ព័ទ្ធ​របង​ថ្ម​រឹងមាំ​រំលោភ​ដី​ចំណី​ឆ្នេរសមុទ្រ នៅ​តំបន់​ពយ​កំពេញ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​នោះទេ​។ ប៉ុន្តែ​លោក​ថា បើ​សំណង់​សង់​ខុសច្បាប់ ឬ​គ្មាន​ច្បាប់​អនុញ្ញាត ហើយ​បាន​ប៉ះពាល់​ដល់​ដី​ចំណី​ឆ្នេរសមុទ្រ រដ្ឋបាល​ខេត្ត​នឹងមាន​វិធានការ​តាម​ផ្លូវច្បាប់ ឬ​ផ្អាក​មិនឲ្យ​បន្តសកម្មភាព​សាង់សង់​ទៀត​ទេ​។ ហើយ​ករណី​នេះ លោក​ថា នឹង​បញ្ជូន​មន្ត្រី​ជំនាញ​ទទួលខុសត្រូវ​លើ​ការងារ​គ្រប់គ្រង​ឆ្នេរ ឬ​ដីធ្លី ដឹកនាំ​ដោយ លោក ស្រ៊ុន ស្រ៊ន់ អភិបាលរង​ខេត្ត​ព្រះសីហនុ និង​លោក នួន ប៉ុក ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ព្រះសីហនុ ចុះ​ត្រួតពិនិត្យ​ការងារ​នេះ ឲ្យ បាន​ត្រឹមត្រូវ​ជា​ថ្មី​ឡើងវិញ​។

​យ៉ាងនេះក្តី ប្រជាពលរដ្ឋ​ភាគច្រើន រស់នៅ​ខេត្ត​ព្រះសីហនុ បាន​សំណូមពរ​ដល់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មេត្តា​ជួយ​មាន​វិធានការ​ទប់ស្កាត់​សំណឹង​រឹងមាំ ដែល​កំពុង​សង់​រំលោភ​យក​ដី​ចំណី​ឆ្នេរសមុទ្រ នា​តំបន់​ពយ​កំពេញ ស្ថិតក្នុង​សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​ជាបន្ទាន់ ព្រោះ​ទំនងជា​អាច​មាន​ការឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ ឬ​មាន​បក្សពួក​និយម ទើប​សំណង់​រឹងមាំ​អាច​សង់​នៅលើ​ឆ្នេរសមុទ្រ ត្រង់​ចំណុច​តំបន់​ពយ​កំពេញ ក្រុង​-​ខេត្ត​ព្រះសីហនុ បាន​ដោយ​រលូន​បែបនេះ​។

​ចំណុច​នេះ ក្រុម​ប្រជាពលរដ្ឋ អះអាងថា ម្ចាស់​សំណឹង​រឹងមាំ និង​ហ៊ុំ​ព័ទ្ធ​របង​រំលោភ​យក​ដី​ចំណី​ឆ្នេរសមុទ្រ ដែល​កំពុង​កើតមាន​អនាធិបតេយ្យ​នា​ខេត្ត​ព្រះសីហនុ ពិសេស​នៅ​តំបន់​ពយ​កំពេញ គឺជា​មន្ត្រី​មាន​អំណាច​ខ្ពស់ កំពុង​បំរើ​ការងារ​នៅ​ថ្នាក់​ជាតិ និង​មាន​មន្ត្រី​ខ្លះ​ទៀត កំពុង​បំរើ​ការងារ​នៅក្នុង​ស្ថាប័ន​ខ្លះ ក្រោម​ឱវាទ​រដ្ឋបាលខេត្ត​ព្រះសីហនុ​។

​ក្រសួងទេសចរណ៍​បង្ហា​ញ​ថា ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ មាន​ប្រវែង​ជាង ១៧១​គីឡូម៉ែត្រ (១៧១.៣៥​គីឡូម៉ែត្រ​) និង​មាន​កោះ​ចំនួន ៣២ មាន​ជីវចម្រុះ​ធម្មជាតិ​ស្រស់ស្អាត​ដែល​ជា​សក្ដានុពល​ក្នុង​ការអភិវឌ្ឍ​ពង្រីក​វិស័យ​ទេសចរណ៍​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ នា​ថ្ងៃ​អនាគត​៕ ដែន សីមា

×