Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រើនរំលឹក​ដល់​និស្សិត ហុង ភា​រិ​ន “​ទោះបីជា​ស្ថិតនៅក្នុង​កាលៈទេសៈ​ណាក៏ដោយ ត្រូវយក​ចំណេះ​ជំនាញ​ដែល​ខ្លួន​មានមក​បម្រើ​ប្រទេសជាតិ​វិញ​”

​ភ្នំពេញ ​៖ នៅ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួល​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​ឆ្នើម ហុង ភា​រិ​ន ជា​និស្សិត​កម្ពុជា​ដែល​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ និង​មាន​សម្ថ​ភាព​ពិសេស​ផ្នែក​ចងចាំ​បានល្អ​។​

​នាពេល​ថ្មីៗ​នេះ និស្សិត​ឆ្នើម ហុង ភា​រិ​ន បានបង្ហាញ​អំពី​សមត្ថភាព និង​ទេពកោសល្យ​នៃ​ការចងចាំ របស់ខ្លួន​នៅក្នុង​កម្មវិធី​បញ្ចេញ​សមត្ថភាព​របស់​ទូរទស្សន៍​ថៃ « Super 100» ដោយ​ទទួលបាន​ការកោតសរសើ​រ និង​គាំទ្រ​យ៉ាងខ្លាំង​ពី​គណៈកម្មការ ក៏ដូចជា​មហាជន​ជាច្រើន ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស ហើយ​ត្រូវបាន​មហាជន​​ទូទៅ​ប្រសិទ្ធ​នាម និស្សិត ហុង ភា​រិ​ន ជា​អច្ឆរិយ​កម្ពុជា ភា​រិ​ន ទៀតផង​។

​ជា​កូន​ទី​២ ក្នុងចំណោម​បងប្អូន​ប្រុស​២​នាក់ និស្សិត​ឆ្នើម ហុង ភា​រិ​ន មាន​អាយុ​២៣​ឆ្នាំ មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​ថ្នល់​បែក​លិច ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម​។ ដោយ​ស្ថិតនៅក្នុង​គ្រួសារ​កសិករ​ដែលមាន​ជីវភាព​លំបាក ដោយសារ​ឱ​ពុក ម្តាយ​បាន លែងលះគ្នា ភា​រិ​ន បាន​ខិតខំ​តស៊ូ​ប្រឹងប្រែង​រៀនសូត្រ​រហូត​ទទួលបាន​អាហារូបករណ៍​ព្រះរាជទាន​ថ្នាក់​បរិញ្ញាបត្រ ប្រចាំ​សាកលវិទ្យាល័យ​រ៉ា​ឆា​ផាត់​ឆៃ​យ៉ា​ភូមិ ឯកទេស​អភិវឌ្ឍន៍ជនបទ​។ ក្តី​សុ​បិ​ន្ត​របស់​និស្សិត​ឆ្នើម​ថ្នាក់​បរិញ្ញាបត្រ​ឆ្នាំ​ទី​៤​រូបនេះ គឺ​ចង់យក​ចំណេះដឹង​ដែល​ខ្លួន​បាន​ខិតខំ​រៀនសូត្រ​មក​អភិវឌ្ឍ​ប្រទេសជាតិ​។

​ក្នុងជំនួប​សំណេះសំណាល​នេះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួល​ស្វាគមន៍ និង​កោតសរសើរ​ចំពោះ​ទេពកោសល្យ​របស់ ភា​រិ​ន ដែលមាន​សមត្ថភាព​ពិសេស​អាច​ចងចាំ​បានល្អ​។ ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី ក្រើនរំលឹក​ឲ្យ​ភា​រិ​ន ខិតខំ​ប្រឹងប្រែង​បង្កើន​សមត្ថភាព​ខ្លួន​បន្ត​ទៅមុខទៀត​ដោយ​មិនត្រូវ​ភ្លេចខ្លួន​ឡើយ​។ បន្ថែម​ពីលើ​នេះ លោក​បានលើកឡើង​អំពី​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់លោក​ទាំង​ការសិក្សា​រៀនសូត្រ និង​ការបំពេញ​ការងារ​ក្នុង​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ និង​បាន​ជំរុញ​លើកទឹកចិត្ត ឱ្យ​ភា​រិ​ន មាន​ស្មារតី​ស្រឡាញ់​សង្គមជាតិ ទោះបី​ស្ថិតនៅក្នុង​កាលៈទេសៈ​ណាក៏ដោយ ខ្លួន​ជា​កូន​ខ្មែរ មាន​បេះដូង​ជា​ខ្មែរ ត្រូវយក​ចំណេះ​ជំនាញ​ដែល​ខ្លួន​មានមក​បម្រើ​ប្រទេសជាតិ​វិញ​ផងដែរ​។ លោក​បានផ្តល់​ជូន​នូវ​ឃ្លា​ទូន្មាន​ជា​ភាសា​អង់គ្លេស​ថា “I Must Study Harder” ប្រែ​ថា “​ខ្ញុំ​ដាច់ខាត​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ឲ្យ​កាន់តែខ្លាំង​ឡើង​” ដល់​ភា​រិ​ន ដើម្បី​ជំ​នុ​ញ​លើកទឹកចិត្ត​ឱ្យ​ភា​រិ​ន​កាន់តែ​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​។

​ជាការ​ឆ្លើយតប ហុង ភា​រិ​ន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​លោក ទេសរដ្ឋមន្ត្រី ដែល​តែងតែ​ជួយ​គាំទ្រ និង​លើកទឹកចិត្ត ដល់​និស្សិត​ឆ្នើម​របស់​កម្ពុជា​នាពេល​កន្លងមក រួមទាំង​ខ្លួន​លោក​ផ្ទាល់​ផងដែរ​។ លោក​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹង​រៀនសូត្រ​បន្ថែម​ទៀត​តាម​អនុសាសន៍​ណែនាំ ដើម្បី​ចែករំលែក​ចំណេះដឹង​របស់លោក​ដល់​សិស្ស​និស្សិត​កម្ពុជា ក៏ដូចជា​សម្រេច​ក្តី​សុ​បិ​ន្ត​របស់លោក​ក្នុងការ​រួមចំណែក​កសាង​ប្រទេស​កម្ពុជា​ឲ្យ​កាន់​តែ​​រីកចម្រើន​ថែមទៀត​។ ភា​រិ​ន បន្ថែមទៀតថា លោក​មានបំណង​ចូលរួម​ប្រកួត​សមត្ថភាព​នៃ​ការចងចាំ​លំដាប់ថ្នាក់​ពិភពលោក ដែល​នឹង​ប្រ​ពឹ​ត្ត​ទៅ​នៅ​ខែធ្នូ​ខាងមុខនេះ នៅ​ប្រទេស​ចិន​ក្នុង​គោលបំណង​បង្ហាញ​ពី​សមត្ថភាព​កូន​ខ្មែរ និង​ទង់ជាតិ​ខ្មែរ នៅក្នុង​ការប្រកួតប្រជែង​លំដាប់ថ្នាក់​ពិភពលោក​នេះ​៕ ​ដោយ ​៖​ កូ​ឡាប​

×