ភ្នំពេញ ៖ លោកស្រី សួង ភាវី ដែលមានស្រុកកំណើតនៅក្រុងសួង ខេត្តត្បូងឃ្មុំ ហើយបានមករស់នៅលើទឹកដីនៃសាធារណរដ្ឋកូរ៉េរយៈជាង ៧ឆ្នាំ ជាជ័យលាភីជើងឯកកីឡាស្នូកឃ័រប្រចាំសាធារណរដ្ឋកូរ៉េពីរឆ្នាំជាប់គ្នា ២០១៦-២០១៧ និងជាIdol សម្រាប់នារីខ្មែរដែលរៀបការស្វាមីកូរ៉េមករស់នៅលើទឹកដីកូរ៉េ ក្នុងការអំណត់តស៊ូ ព្យាយាម និងជំនះគ្រប់ឧបសគ្គ ដើម្បីជីវិតទទួលបានជោគជ័យ។
ចាប់តាំងពីរៀនលេងកីឡាស្នូកឃ័រតាមរយៈស្វាមី មកទល់បច្ចុប្បន្ន និងដោយមានការឧបត្ថមគាំទ្រយ៉ាងពេញទំហឹងពីស្វាមីជាជនជាតិកូរ៉េ លោកស្រីសួង ភាវី បានទទួលពានរង្វាន់ចំនួន ៣៣ពាន ក្នុងនោះបានទទួលជ័យលាភីចំណាត់ថ្នាក់លេខ ១ ចំនួន ១០ដង លេខ ២ ចំនួន ១០ដង ហើយអ្វីដែលជារឿងគួរឲ្យមោទនៈ និងគួរឲ្យកោតសរសើរចំពោះ ភាវី គឺសុខចិត្តមិនព្រមចូលជាសញ្ជាតិកូរ៉េ ដោយមូលហេតុតែមួយគត់គឺចង់លើកស្ទួយកិត្យានុភាពជាតិខ្មែរឲ្យកម្ពុជា ក៏ដូចជាជនរួមជាតិ និងតំណាងកម្ពុជាក្នុងការប្រកួតលើឆាកអន្ដរជាតិផ្សេងៗ។
ក្នុងជំនួបសំណេះសំណាលជាមួយ លោកស្រី សួង ភាវី កាលពីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ លោកឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានថ្លៃងនូវការកោតសរសើរ និងសូមជំរុញលើកទឹកចិត្តបន្ថែមទៀតក្នុងនាមតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា ដោយជាមួយគ្នានេះលោកនឹងសិក្សាពីនីតិវិធី និងស្នើសុំជំនួយពីក្រសួងការបរទេសកម្ពុជា និងគណៈកម្មាធិការជាតិអូឡាំពិក ដើម្បីបញ្ចូលឈ្មោះប្អូនស្រី សួង ភាវី ជាជម្រើសជាតិកម្ពុជាលើផ្នែកកីឡាស្នូកឃ័រ ដើម្បីផ្ដល់ឱកាសឲ្យ សួង ភាវី មានសិទ្ធិពេញលេងតំណាងឲ្យកម្ពុជា និងមានឱកាសប្រកួតលើឆាកអន្ដរជាតិកាន់តែទូលំទូលាយ៕ ដោយ៖បញ្ញាស័ក្តិ