ភ្នំពេញ៖ នៅឆ្នាំ២០១៧ ស៊ីម៉ាក់បានរុករក និងកម្ទេចចោលនូវគ្រាប់គ្រប់ប្រភេទអស់ ៤០,៩១៤គ្រាប់ ដោយបានរំដោះផ្ទៃដីជាង១១០គីឡូម៉ែត្រក្រឡា ហើយសម្រាប់ការងារបន្តនៅឆ្នាំ២០១៨ ស៊ីម៉ាកនឹងខិតខំរដោះផ្ទៃដីមានមីន គ្រាប់បែកចង្កោម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះឲ្យបាន ចំនួន១១៧ គីឡូម៉ែត្រ ដោយត្រូវការថវិកា ២០លានដុល្លារ។
នៅសុក្រទី៥ ខែមករា ឆ្នាំ២០១៨ ត្រូវនឹង៤រោចខែបុស្ប ព.ស ២៥៦១ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ មានការប្រជុំបូកសរុបការងារឆ្នាំ២០១៧ និងផ្សព្វផ្សាយផែនការឆ្នាំ២០១៨។ ការប្រជុំនេះមានការចូលរួមពីគ្រប់កងឯកភាពចំណុះអង្គភាពស៊ីម៉ាក់។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក បានថ្លែងថា ឆ្នាំ២០១៧កន្លងទៅអង្គភាពសម្រេចបានជោគជ័យធំធេង ដោយបោសសំអាតផ្ទៃដីបញ្ហាគ្រាប់មីន បានចំនួនជាង១១០គីឡូម៉ែត្រក្រឡា ស្មើនឹងជាង១០៥%នៃផែនការ និងរុករកកម្ទេចចោលគ្រាប់គ្រប់ប្រភេទបានចំនួន ៤០.៩១៤គ្រាប់ស្មើនឹងប្រមាណ៩០%នៃផែនការ និងសមិទ្ធផលសំខាន់ៗមួយចំនួនទៀតដូចជាការងារអប់រំអំពីគ្រោះថ្នាក់មីន ការស្រាវជ្រាវ និងការជួយសង្គ្រោះនពិការនិងការសហការអន្តរជាតិជាដើម។
លោកបានបន្ថែមថា ឆ្នាំ២០១៨ ស៊ីម៉ាក់មានផែនការបោសសំអាតចំការមីន និងចំការគ្រាប់បែកចង្កោម ចំនួន១១៧ គីឡូម៉ែត្រ និងតំបន់សង្ស័យសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួនជាង៣០គីឡូម៉ែត្រក្រឡា និងបន្តអនុវត្តភារកិច្ចស្នូលរួមមាន ការអប់រំយល់ដឹងពីមីន ការស្រាវជ្រាវចំការមីន គ្រាប់បែកចង្កោម/គ្រាប់បែកគីមី និងការជួយគាំទ្រសង្គ្រោះជនពិការដោយសារមីន។ ដើម្បីសម្រេចគោលដៅខាងលើក្នុងឆ្នាំ២០១៨នេះ ស៊ីម៉ាក់ត្រូវការថវិកាចំនួនប្រមាណ២០លានដុល្លារអាមេរិក។ គិតត្រឹមថ្ងៃទី៥ខែមករា២០១៨នេះ ស៊ីម៉ាក់បានទទួលជំនួយនិងថវិកាពីគម្រោងនានាមានចំនួនសរុបជាង១៤,៦លានដុល្លារហើយ ចំពោះចំនួននៅខ្វះកំពុងកៀរគរនិងចរចាគម្រោងមួយចំនួនជាង៥,៧លានដុល្លារ៕ ដោយ៖កូឡាប