ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា មានរថយន្តកូរ៉េ ១គ្រឿង បានឆេះ បន្ទាប់ពីបានប៉ះគ្នាជាមួយរថយន្តដឹកទំនិញធុនធំមួយគ្រឿង កាលពីព្រឹកថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០១៨។
នគរបាលអោយដឹងថា ភ្លាមៗបន្ទាប់ពីរថយន្តកូរ៉េ ១គ្រឿងត្រូវភ្លើងឆេះនេះ ត្រូវបានរថយន្តពន្លត់អគ្គីភ័យ របស់នគរបាល ស្រុកព្រៃនប់ បានមកជួយពន្លត់ទាន់ពេល បន្ទាប់ពីរថយន្តនេះ បានបុកបះ ជាមួយរថយន្តធន់ធំ ១គ្រឿងទៀត ក្នុងទិសដៅបញ្ច្រាស់គ្នា។
ហេតុការណ៍នេះ បានបណ្តាលអោយមានមនុស្សចំនួន ២នាក់ នៅខាងភាគីរថយន្តកូរ៉េបានរងរបួសធ្ងន់ ដោយមានជនរងគ្រោះម្នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ ។
សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា គ្រោះថ្នាក់នេះបានកើតឡើង នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំនុចផ្លូវកោង ចន្លោះគីឡូម៉ែត្រលេខ១៧៤-១៧៥ ស្ថិតក្នុងភូមិត្រពាំមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕ ដែន សីមា