រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញប្លង់មេរបស់ខ្លួនដើម្បីសាងសងព្រំដែន ដោយវានឹងត្រូវចំណាយថវិការរហូតដល់ ៣៣ប៊ីលាន (៣៣ពាន់លានដុល្លារ)។ នេះបើតាមការចេញផ្សាយរបស់សារព៌តមានអាមេរិច CNN នៅថ្ងៃសៅរ៍ទី ៦នេះ។
ក្នុងចំណោមថវិការ ៣៣ពាន់លានដុល្លារនេះ ១៨ពាន់លាននឹងត្រូវចំណាយលើការសាងសងជញ្ជាំងព្រំដែន ចំនែក ១៥ពាន់លានទៀតនឹងត្រូវចាយលើបច្ចេកវិទ្យា បុគ្គលិក និងការត្រៀមចំណាយផ្សេងៗ។
បើតាមឯកសារគយ និងការការព្រំដែនបានឲ្យដឹងថា ថវិការ ១៨ពាន់លានដុល្លារនឹងត្រូវចាយលើការសាងសងជញ្ជាំងព្រំដែនចំងាយ ជិត ១.១១៦គីឡូម៉ែត្រ (៧២២ម៉ាយល៏)។
សូមរំលឹកផងដែរថា ក្នុងកំឡុងយុទ្ធនាការបោះឆ្នោតក្នុងឆ្នាំ ២០១៦ លោក ត្រាំបានប្រកាសថា នឹងសាងសាងជញ្ជាំងព្រំដែនខណ្ឌអាមេរិច និងមិចស៊ិចកូ ដើម្បីការពារកុំឲ្យជនអន្តោប្រវេសន៍ឆ្លងចូលអាមេរិច ហើយការស្នើសុំថវិការលើគំរោងនេះ គឺជាការបំពេញតាមការសន្យារបស់ខ្លួន៕ សុភ័ក្ត្រ