ភ្នំពេញ៖ លោករដ្ឋមន្ត្រីបរិស្ថាន បានលើកទឹកចិត្តរបស់សិស្សានុសិស្សទាំងអស់ ដែលនឹងចូលសិក្សានៅថ្នាក់មហាវិទ្យាល័យ គួរតែរកការងារធ្វើ ទន្ទឹមនឹងការសិក្សារៀនសូត្រ ដែលនឹងឱ្យសិស្សានុសិស្ស ស្គាល់គ្នា ក្នុងសង្គម និងអាចធ្វើការនិងប្រាស្រ័យទាក់ទង ក្នុងការងារបានកាន់តែល្អប្រសើរថែមមួយកម្រិតទៀត ជាពិសេស ត្រូវស្វ័យសិក្សារៀនសូត្រ តាមបច្ចេកវិទ្យា អាចសិក្សាស្រាវជ្រាវបានតាមរយៈ ហ្គូហ្គល ឬក៏យូធូប ដែលនឹងផ្តល់ចំណេះដឹងទូលំទូលាយ ហើយអាចឱស្វែងយល់ពីបញ្ហាជាច្រើន ។
ក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្ស ដែលទទួលបានជ័យលាភីឆ្នើម ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ ទាំង៣៤វិទ្យាល័យ នៅថ្ងៃទី៤ ខែតុលានេះ លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានថ្លែងថា ភាពជោគជ័យរបស់សិស្សានុសិស្សទាំងអស់ ដែលបានទទួលជ័យលាភីឆ្នើម ក្នុងការប្រឡងឆ្នាំ២០១៧ កើតចេញពីការបណ្តុះបណ្តាលរបស់លោកគ្រូអ្នកគ្រូ និងអរគុណដល់ឪពុកម្តាយ ដែលជាសរសទ្រូង ជាក្បូនដ៏រឹងម៉ាំ និងជាថ្នាលក្នុងការបណ្តុះសិស្សានុសិស្ស។
ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រី បានលើកឡើង ពីការស្វ័យសិក្សារៀនសូត្រ តាមបច្ចេកវិទ្យា ដែលសិស្សានុសិស្ស អាចសិក្សាស្រាវជ្រាវបានតាមរយៈ ហ្គូហ្គល (Google) ឬក៏យូធូប (Youtube) ដែលនឹងផ្តល់ចំណេះដឹងទូលំទូលាយ ហើយអាចឱស្វែងយល់ពីបញ្ហាជាច្រើន ដែលកើនជុំវិញខ្លួនរបស់យើង ទាំងក្នុងប្រទេស ឬក្នុងពិភពលោកទាំងមូល។ លោកបានលើកឡើង ពីភាពជោគជ័យរបស់អ្នកសិក្សាជាច្រើន នៅលើសកលលោក ដែលបានចំណាយពេលសិក្សារៀនសូត្រ ដោយខ្លួនឯង តាមរយៈការស្រាវជ្រាវ និងស្វែងយល់ ហើយទទួលបានជោគជ័យក្នុងការសិក្សា និងអាជីព។
យ៉ាងណាក៏ដោយលោករដ្ឋមន្ត្រី បានបញ្ជាក់ថា សិស្សានុសិស្សត្រូវចេះប្រែក្លាយឧបសគ្គ ទៅជាឱកាស ហើយថា ភាពរឹងម៉ាំ របស់កម្ពុជា គឺមិនមែនពឹងអាស្រ័យ លើកម្លាំងបាយនោះទេ គឺកម្លាំងខួក្បាល៕ ដោយ៖កូឡាប