ភ្នំពេញៈ អគ្គនាយកអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ប្រជុំផ្សព្វផ្សាយអនុក្រឹត្យ ១២៩ អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្តីពីការលុបចោល និងដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧។
លោកនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានថ្លែងថា ជនបរទេសអន្តោប្រវេសន៍ចុះបញ្ជីជំរឿនឆ្នាំ២០០២ សរុប១៩ពាន់ ៤៣៧គ្រួសារ ចំនួនរួម ៧០០១២នាក់ មាន២០សញ្ជាតិ ។ ដោយឡែកជនជាតិវៀតណាមមានចំនួន ១៩១៥៨គ្រួសារ មនុស្សចំនួន៦៩៤១៣នាក់ (ស្រី២៤៤០០នាក់) ។ ជនបរទេសរស់នៅមិនប្រក្រតី មានជនបរទេសដែលអន្តោប្រវេសន៍កាន់កាប់ឯកសារកម្ពុជាមិនប្រក្រតី គឺសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្រកំណើតខ្មែរ សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន។ មាន៥សញ្ខាតិ វៀតណាម ថៃ ឡាវ បង់ក្លាដេស និងចិន។ ជនបរទេសដែលអន្តោប្រវេសន៍កាន់កាប់ឯកសារមិនត្រឹមត្រូវ (កាន់ឯកសារក្លែងក្លាយ) មានចំនួន១១៦៥គ្រួសារ មនុស្សរួមចំនួន៤៨៧៦នាក់ (ស្រី២៣១៦នាក់) បានដកហូតេកសាររួចហើយ និងជនអន្តោប្រវេសន៍ស្នាក់នៅយូរ (គ្មានឯកសារអ្វីទាំងអស់) ចំនួន៥៩៥៧គ្រួសារ មនុស្សរួមចំនួន២៨៥២៧នាក់ (ស្រី៦៨៧៥នាក់)។
លោកបានបញ្ជាក់ថា សរុបជនបរទេសដែលអន្តោប្រវេសន៍ទាំងអស់ មានចំនួន ៤៦ពាន់ ៧៧៦គ្រួសារ មនុស្សរួម១៧ម៉ឺន ៦៨១២នាក់ (ស្រី៧៩៧២៨នាក់)។ ហើយបានស្រង់ស្ថិតិនៅឆ្នាំ២០១៤-២០១៥ គឺស្រង់បានប្រមាណ ៨៥% ប៉ុណ្ណោះ បើគិតជាតួលេខ១០០% ចំនួនប្រមាណជាជិត២០ម៉ឺននាក់ ។
អគ្គនាយកអន្តោប្រវេសន៍បានបញ្ជាក់ទៀតថា គិតចាប់តាំងពីឆ្នាំ២០០២ រហូតមកដល់ឆ្នាំ២០១៦ ចំនួនតួលេខជនបរទេសដែលអន្តោប្រវេសន៍បានកើនឡើងពីជាង៧ម៉ឺននាក់ រហូតដល់ជិត២០ម៉ឺននាក់ មានការកើនឡើង៕ ដោយៈ មុនីរាជ