ភ្នំពេញ៖ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការធ្វើអន្តោប្រវេសន៍ពីតំបន់មួយទៅតំបន់មួយ គឺជារឿងធម្មតាសម្រាប់សង្គមប្រជាធិបតេយ្យ ហើយក៏ជាសិទ្ធិសេរីភាពក្នុងការជ្រើសរើសមុខរបរ និងកន្លែងរស់នៅដែលខ្លួនពេញចិត្តរបស់មនុស្សជាតិទូទៅ សំខាន់គឺត្រូវគោរពតាមច្បាប់ដែលមានតាមកន្លែងរស់នៅទាំងនោះ។
កាលពីរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ រួមជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ អធិការ អាវុធហត្ថខណ្ឌ អាជ្ញាធរសង្កាត់ មេប៉ុស្តិ៍ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី ការគ្រប់គ្រងវត្តមានជនបរទេសក្នុងរាជធានីភ្នំពេញ។
លោកបានថ្លែងថា ការគ្រប់គ្រងជនបរទេស ដែលមកស្នាក់នៅស្រុកខ្មែរទទួលបានជោគជ័យនិងមានប្រសិទ្ធភាព ដាច់ខាតត្រូវតែមានការចូលរួមសហការពីប្រជាពលរដ្ឋ បើមិនមានការចូលរួមសហការពីប្រជាពលរដ្ឋទេ នោះការងាររបស់យើងបរាជ័យហើយ។ ដូច្នេះ អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋជឿទុកចិត្ត ហើយសហការជាមួយយើង។
លោកបន្តថា ពាក់ព័ន្ធនិងការគ្រប់គ្រងជនបរទេសនេះ ក្នុងនាមជាអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវចុះស្រង់ស្ថិតិជនបរទេសឲ្យបានច្បាស់លាស់ នៅតាមបុរី ខុនដូនានា ហើយបើរកឃើញថា មានបញ្ហាប្រក្រតីហើយយើងអនុវត្តន៍ច្បាប់ ដោយចាប់បញ្ជូនទៅក្រសួងមហាផ្ទៃតែម្តង។
គួរបញ្ជាក់ថា បើយោងតាមសេចក្តីណែនាំស្តីពីការគ្រប់គ្រងវត្តមានជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា លេខ០០៩សណន ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១០ ស្តីពីការគ្រប់គ្រងវត្តមានជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងអនុវត្ដន៍មាត្រា១៨ មាត្រា២០ និងមាត្រា២២ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ឱ្យមានប្រសិទ្ធភាព និងដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ សំដៅបង្កើនការគ្រប់គ្រងវត្តមាន នៃការស្នាក់នៅរបស់ជនបរទេសឱ្យមានប្រសិទ្ធភាពខ្ពស់ ធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក៏ដូចជាសុវត្ថិភាពផ្ទាល់របស់ជនបរទេសគ្រប់រូប ដែលស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដូចខាងក្រោម៖
១- ម្ចាស់ឬអ្នកកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ ត្រូវរាយការណ៍អំពីវត្តមានជនបរទេសដែលបានចូល
មកស្នាក់នៅក្នុងទីតាំងរបស់ខ្លួន ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ -សង្កាត់នៅក្នុងមូលដ្ឋាននោះ តាមរយៈគំរូរបាយការណ៍ ឬប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងវត្តមានជនបរទេស ដែលរៀបចំដោយអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ មិនឱ្យលើសពីរយៈពេល២៤ម៉ោង។ ក្នុងករណីម្ចាស់ ឬអ្នកកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទជាជនបរទេស ត្រូវរាយការណ៍បន្ថែមអំពីវត្តមាន
របស់ខ្លួនឯង និងសមាជិកដែលជាជនបរទេសក្នុងបន្ទុក ក្នុងរយៈពេលបិនលើសពី២៤ម៉ោងដូចគ្នា ។
២-ខ្លឹមសារនៃសេចក្តីរាយការណ៍ ត្រូវបញ្ជាក់ច្បាស់អំពីរយៈពេលស្នាក់នៅ រយៈពេលបន្តការស្នាក់នៅ និងឧប្បទ្ទវហេតុនានាលើជនបរទេស ដើម្បីកម្លាំងសមត្ថកិច្ច មានវិធានការសមស្របទាន់ពេលវេលា។
៣-ចំពោះម្ចាស់ ឬអ្នកកាន់កាប់លំនៅដ្ឋានណាដែលមិនបានរាយការណ៍ ពីវត្តមាននៃការស្នាក់នៅរបស់ ជនបរទេសតាមការកំណត់ នៃច្បាប់និងបទដ្ឋានគតិយុត្តនានា នឹងត្រូវផ្តន្ទាទោសតាមបទប្បញ្ញតិដែលមានចែង
ក្នុងច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ផ្សេងៗទៀត នៃព្រះរាជាណាចក្រកម្ពុជា។
៤-ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវផ្តល់គំរូរបាយការណ៍ និងពាក្យស្នើសុំបង្កើតគណនីប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងវត្តមានជនបរទេស ដែលរៀបចំដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដល់ម្ចាស់ឬអ្នកកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ ដើម្បីធ្វើសេចក្តីរាយការណ៍ប្រចាំថ្ងៃ និងត្រូវបូកសរុបរបាយការណ៍ ផ្ញើមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
៥-ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវរាយការណ៍មកក្រសួងមហាផ្ទៃ តាមរយៈអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អំពីមរណភាព ការបាត់ខ្លួន និងឧប្បទ្ទវហេតុនានារបស់ជនបរទេស និងត្រូវទទួលខុសត្រូវ ក្នុងការត្រួតពិនិត្យជនបរទេសអន្តោប្រវេសន៍ ដែលបានមកតាំងទីលំនៅ ឬទើបមកតាំងទីលំនៅ ក្នុងដែនដីក្រោមសមត្ថកិច្ចរបស់ខ្លួន។
៦-អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវរៀបចំផែនការអនុវត្តន៍ និងផ្សព្វផ្សាយណែនាំដល់ម្ចាស់ ឬអ្នក
កាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សមត្ថកិច្ចពាក់ព័ន្ធ និងសាធារណជន និងចាត់តាំងមន្ត្រីជំនាញចុះត្រួតពិនិត្យការអនុវត្តសេចក្តីណែនាំនេះ ព្រមទាំងធ្វើការបូកសរុបវាយតម្លៃ
រាយការណ៍ជូនក្រសួងមហាផ្ទៃ ដើម្បីមានគោលការណ៍ដឹកនាំ។
៧-ក្រសួងមហាផ្ទៃ សូមអំពាវនាវដល់សាធារណជន មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ត្រូវចូលរួមចំណែកផ្តល់ព័ត៌មាន និងរាយការណ៍ដល់សមត្ថកិច្ចពាក់ព័ន្ធអំពីវត្តមានជនបរទេសដែលស្នាក់នៅក្នុងមូលដ្ឋានរបស់ខ្លួន៕ដោយ៖កូឡាប