ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំឲ្យយុវជនកម្ពុជា ផ្សព្វផ្សាយពីកត្តាសន្តិភាព ស្ថិរភាព និងការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជាដល់យុវជននៃប្រទេសដទៃ ពិសេសវិស័យទេសចរណ៍កម្ពុជា។
ក្នុងជំនួបជាមួយយុវជនកម្ពុជាអាស៊ីអាគ្នេយ៍នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង លោក រដ្ឋមន្ត្រីបានឲ្យដឹងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាបានរក្សាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសគឺវិស័យទេសចរណ៍ ដូច្នេះហើយក្រុមយុវជនកម្ពុជា ដែលនឹងចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន នាពេលខាងមុខនោះ ត្រូវផ្សព្វផ្សាយទៅកាន់យុវជនប្រទេសដទៃឲ្យបានច្បាស់លាស់ ក្នុងនាមជាអ្នកការទូតជំនួសរាជរដ្ឋាភិបាលកម្ពុជា។
លោករដ្ឋមន្ត្រី បានបន្តថា អ្វីដែលសំខាន់ចំពោះការផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជានោះ ក្រុមយុវជនកម្ពុជាត្រូវផ្សព្វផ្សាយពីប្រទេសកម្ពុជាថា ជាប្រទេសមានសក្ដានុពលខ្ពស់លើវិស័យទេសចរណ៍ កម្ពុជាមានប្រាង្គប្រាសាទបុរាណដ៏ល្បាញល្បី ដូចជា ប្រាសាទអង្គរ ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក និងប្រាសាទរាប់ពាន់ទៀត កម្ពុជាមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាងគេ ព្រមទាំងតំបន់ទេសចរណ៍ធម្មជាតិ នៅភូមិភាគឦសាន្តទៀតផងដែរ ពិសេសគឺអនុគ្រោះដល់លទ្ធភាពនៃការវិនិយោគ។
ក្រៅពីនេះ លោក រដ្ឋមន្ត្រី បានដាស់តឿនដល់ក្រុមយុវជនទាំងនោះថា ត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីបង្ហាញទៅកាន់យុវជនប្រទេសដទៃថា ប្រជាពលរដ្ឋកម្ពុជាយើង ពិតជាមានសាមគ្គីភាព ចេះស្រឡាញ់គ្នា ពិសេសជាជាតិសាសន៍ដែលស្រឡាញ់ និងចេះថែរក្សាសន្តិភាព និងការពារស្ថិរភាពផងដែរ៕ ដោយ៖ជាលី