Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផល នៃ​ទស្សនកិច្ច​របស់​សម្តេច ហ៊ុន សែន នៅ​ប្រទេស​ហុង​គ្រី​

​ភ្នំពេញ​៖ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បានប្រកាស​ពី​លទ្ធផល នៃ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ប្រទេស​ហុង​គ្រី នៅ​ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៩​។​

​ក្រសួងការបរទេស បាន​បញ្ជាក់ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណាចក្រ​កម្ពុជា បានបញ្ចប់​​ទស្សនកិច្ច​ដោយ​ជោគជ័យ​នៅ​ប្រទេស​ហុង​គ្រី ជា​កន្លែង​ដែល​សម្តេច​តេ​ជោ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ប៊ុ​យ​ដា​ប៉ែស​ស្តីពី​ទឹក លើក​ទី​៣ (3″d BWS) នៅ​ថ្ងៃទី ១៥ ខែតុលា នៅ​ទីក្រុង​ប៊ុ​យ​ដា​ប៉ែស​។​

​រៀបចំឡើង​ក្រោម​ប្រធានបទ “​ការទប់ស្កាត់​វិបត្តិ​ទឹក​” កិច្ចប្រជុំ​កំពូល​ប៊ុ​យ​ដា​ប៉ែស​ស្តីពី​ទឹក លើក​ទី​៣​ត្រូវបាន ​ថ្លែង​បើក​ដោយ​លោក យ៉ា​ណូ​ស អា​ឌ័​រ ប្រធានាធិបតី​ហុង​គ្រី ។​

​ថ្លែង​នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល 3rd BWS សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា កម្ពុជា​ចាត់ទុក​ទឹកជា “​មា​សស​” ដែលជា​កាតាលីករ​យុទ្ធសាស្ត្រ​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។​
​សម្តេច​តេ​ជោ​បានបញ្ជាក់​បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​ជា​បន្តបន្ទាប់​នូវ​យុទ្ធសាស្ត្រ​
​ចតុកោណ​ដែល​ផ្តោតលើ​វិស័យ​អាទិភាព​ចំនួន​បួន​គឺ​៖ មនុស្ស ទឹក ភ្លើង និង​ថ្នល់​។ ជាងនេះទៅទៀត កម្ពុជា​
​បាន​ចូលរួម​យ៉ាងសកម្ម ទាំង​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​អន្តរជាតិ ចំពោះ​ការគ្រប់គ្រង​ធនធានទឹក និង​សកម្មភាព​នានា​ដើម្បី​ការពារ​បរិស្ថាន រួមទាំង​ការទប់ស្កាត់​នូវ​វិបត្តិ​ទឹក​ផងដែរ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា កម្ពុជា​បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​ការពារ​និង​ទប់​
​ស្កាត់​នូវ​វិបត្តិ​ទឹក តាមរយៈ​ការអនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ និង​សកម្មភាព​នានា​ដូច​បង្ហាញជូន​ខាងក្រោម​៖

​ទីមួយ បន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្តិ គោលនយោបាយ និង​ផែនការមេ​ស្តីពី​ការ​​គ្រប់គ្រង​ធនធានទឹក​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ទី​ពីរ បង្កើត​និង​ពង្រឹង​យន្តការ​គ្រប់គ្រង​ធនធានទឹក​តាម​អាង​ទន្លេ​-​ស្ទឹង ទាំង​នៅ​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ ដោយ​រៀបចំ​និង​អនុវត្ត​ផែនការ​គ្រប់គ្រង​ធនធានទឹក និង​អាង​ទន្លេ រួមមាន ការគ្រប់គ្រង​ធនធាន​​ទឹក​បម្រើ​ឲ្យ​គ្រប់​វិស័យ​ពាក់ព័ន្ធ ប្រកបដោយ​តុល្យភាព​និង​សមធម៌ ការរៀបចំ​ផែនទី​ស្ដីពី​ជំនន់ និង​ទឹក​ក្រោម​ដី ការកសាង​អាង​ស្តុក​ទឹក ទំនប់​ការពារ​ទឹកជំនន់ ការពារ​ទឹក​ប្រែ ប្រព័ន្ធ​ទឹក និង​ឈាន​ជា​បណ្តើរៗ​ក្នុង​ការធ្វើ​ទំនើបកម្ម​គ្រប់​ជ្រុងជ្រោយ​។​

​ទី​បី កសាង​មូលដ្ឋាន​បច្ចេកទេស ធនធានមនុស្ស និង​ឈានទៅ​បង្កើត​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​ដែល​ប្រមូលផ្តុំ​ទាំង​ទឹក ទាំង​អាកាសធាតុ ដើម្បី​វិភាគ ធ្វើ​អាជីវកម្ម និង​ផ្សព្វផ្សាយ បម្រើ​ដល់​គ្រប់​វិស័យ​ពាក់ព័ន្ធ​ទាំង​កម្រិត​ជាតិ​និង​អន្តរជាតិ ជាពិសេស​បម្រើការ​គ្រប់គ្រង និង​ការអភិវឌ្ឍ​ធនធានទឹក ការបន្ត​វាយតម្លៃ​សក្តានុពល និង​តម្រូវការ​ទឹក ទាំង​បរិមាណ និង​គុណភាព ដើម្បី​ឆ្លើយតប​ទៅនឹង​ការអភិវឌ្ឍ​។​

​ទី​បួន ជំរុញ និង​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន ឲ្យ​ចូលរួម​ក្នុងការ​អភិវឌ្ឍ​វិស័យ​ធនធានទឹក ព្រមទាំង​បង្កើន​ថវិកាជាតិ និង​កៀរគរ​ជំនួយ​ពី​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ និង​ប្រទេស​ជា​ដៃគូ​ដើម្បី​អភិវឌ្ឍ​វិស័យ​ធនធានទឹក ធានា​ដល់​តម្រូវការ​ទឹក​ក្នុង​គ្រប់​វិស័យ​ពាក់ព័ន្ធ ប្រកបដោយ​ប្រសិទ្ធភាព និង​ចីរភាព​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​លោក​យ៉ា​ណូ​ស អា​ឌ័​រ​ប្រធានាធិបតី​ហុង​គ្រី​។ លោក​ប្រធានាធិបតី នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​នៅ​ចុងខែ​នេះ តប​តាម​ការអញ្ជើញ​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នៅក្រៅ​កិច្ចប្រជុំ​កំពូល 3d BWs សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានអនុញ្ញាត​ឲ្យ​លោក លី យ៉ុង អគ្គនាយក​អង្គការ​អភិវឌ្ឍ​ឧស្សាហកម្ម​សហប្រជាជាតិ (UNIDO) ចូលជួប​សម្តែង​ការគួរសម ដែល​ក្នុងអំឡុង​ពេលនោះ សម្តេច​តេ​ជោ​បាន​ស្នើសុំ​ឲ្យ​អង្គការ UNIDO ជួយ​គាំទ្រ​ទៅលើ​វិស័យ​គោលនយោបាយ​ចំនួន​ពីរ​គឺ ៖
(១)​គោលនយោបាយ​នាំចេញ​អង្ករ និង (២) គោលនយោបាយ​ឧស្សាហកម្ម​ឆ្នាំ ២០១៥-២០២៥៕ ​ដោយ​៖​កូ​ឡាប​

×