Thursday, November 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ស៊ុន ចាន់ថុល ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ ក្រុមហ៊ុន Pfizer ឯកទេសក្នុងការសិក្សា​ស្រាវជ្រាវ និង​ផលិតឱសថ​ឈានមុខ​គេមួយនៅក្នុង​ពិភពលោក

វ៉ាស៊ីងតុន ឌីស៊ី ៖ កាលពីរសៀលថ្ងៃអង្គារ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) ក្នុងឱកាសបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគក្នុងទឹកដីនៃសហរដ្ឋអាម៉េរិក ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងទេសចរណ៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក និងម៉ិកស៊ីកូ និងគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាកាងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Pfizer ដែលជា​ក្រុមហ៊ុនមានជំនាញឯកទេសក្នុងការសិក្សា​ស្រាវជ្រាវ និង​ផលិតឱសថ​ឈានមុខ​គេ​បំផុត​មួយ​របស់​ពិភពលោក។ ជំនួបនាឱកាស​នេះ​បាន​ផ្តោត​លើ​ការ​ផ្សារភ្ជាប់​វិស័យ​ឱសថ និង​សុខាភិបាល​កម្ពុជា ​ជាមួយ​បច្ចេកវិទ្យានិង​ស្តង់ដា​សកល​របស់ Pfizer។

ជាកិច្ចចាប់ផ្តើម ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Pfizer បាន​បង្ហាញ​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ការ​យកចិត្តទុកដាក់ខ្ពស់របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ជំរុញ​វិស័យ​សុខាភិបាល។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ Pfizer ក៏បាន​បង្ហាញឆន្ទៈក្នុងការ​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង​ក្រសួង​ពាក់ព័ន្ធ ដើម្បី​សិក្សា​លទ្ធភាព​នៃ​ការ​ពង្រីក​សកម្មភាព​អាជីវកម្ម​នៅ​កម្ពុជា ជាពិសេស​លើ​ការ​ផ្គត់ផ្គង់​ជាមួយលក្ខខណ្ឌពិសេសសម្រាប់ឱសថ​សំខាន់ៗ និង​ការ​គាំទ្រ​ដល់​កម្មវិធី​សុខភាព​សាធារណៈនានា។

ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ​បាន​សង្កត់ធ្ងន់​ពី​ឆន្ទៈ​ក្នុង​ការ​ធ្វើការ​រួមគ្នា​ដើម្បី​ធានា​ថា ផលិតផល​របស់ Pfizer អាច​ចូល​ទៅដល់​ទីផ្សារ​កម្ពុជា​បាន​កាន់តែ​លឿន និង​ទូលំទូលាយ ជាពិសេសជាមួយនឹងការចុះកិច្ចព្រមព្រៀងពាណិជ្ជ្កកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកនាពេលថ្មីៗនេះ ដែលនឹងផ្តល់នូវបរិយាកាសអំណោយផលបន្ថែមទៀតរវាងប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមក៏បានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយការវិនិយោគនៅក្នុងវិស័យសុខាភិបាល ការផលិតឱសថ និងបច្ចេកវិទ្យាជីវសាស្ត្រ (Biotechnology) ទទួលបានការលើកទឹកចិត្តយ៉ាងពិសេស តាមរយៈច្បាប់វិនិយោគថ្មីរបស់កម្ពុជា។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យក្រុមហ៊ុនបន្តកិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស និង​ការ​ផ្ទេរ​ចំណេះដឹង​ក្នុង​វិស័យ​ឱសថសាស្ត្រទៅដល់ប្រជាជនកម្ពុជាផងដែរ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×