ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរមួយករណី បានកើតឡើង តាមបណ្តោយផ្លូវជាតិលេខ៤ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបន្តថា គ្រោះថ្នាក់ចរាចរនេះ ខាងភាគីរថយន្ត បើកបរដោយជនជាតិចិន និងភាគីម៉ូតូ បើកបរ ដោយជនជាតិខ្មែរ។ ហើយថា គ្រោះថ្នាក់នេះ បានកើតឡើងកាលពីម៉ោង ១ និង៣០នាទី រសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅតាមផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០០-២០១ ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរខាងលើនេះ បានបណ្តាលឲ្យខាងភាគីជិះម៉ូតូរងរបួសធ្ងន់ ប៉ុន្តែក្រោយមកមានព័ត៌មានក្រៅផ្លូវការថា ជនរងគ្រោះ បានស្លាប់ពេលបញ្ជូនទៅកាន់សង្គ្រោះមន្ទីរពេទ្យឯខេត្តកំពត។
តាមរបាយការណ៍ របស់សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរនេះ បង្កដោយរថយន្ត ១គ្រឿង ម៉ាក TRITON ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2N-9365 បើកបរមានពីទិសដៅ ចេញពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ។ រថយន្តបង្កនេះ បើកបរដោយជនជាតិចិន (មិនទាន់ស្គាល់ឈ្មោះ) បានបើកបុកម៉ូតូ ១គ្រឿងពីក្រោយ ម៉ាក HONDA-DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1C-2050 បើកបរមានទិសស្របគ្នា។
ចំណែក អ្នកបើកបរម៉ូតូ មានឈ្មោះ កែវ ចន្ធី ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានរងរបួសធ្ងន់ ប៉ុន្តែក្រោយមកបានស្លាប់ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
សមត្ថកិច្ច បានឲ្យដឹងបន្តថា បច្ចុប្បន្ន ចំពោះវត្ថុតាងរថយន្ត និងម៉ូតូ ត្រូវសមត្ថកិច្ច នាំយកមករក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។
ដោយឡែក ចំពោះអ្នកបើកបររថយន្តបង្កហេតុ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នាំយកមកអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីដោះស្រាយបន្តតាមនីតិវិធីច្បាប់ ជាបន្តទៀត៕ដោយ៖ដែនសីម៉ា