Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្ត​ព្រះសីហនុ ត្រៀម​ចាត់ការ​ច្បាប់​ឲ្យ​ធ្ងន់ធ្ងរ ចំពោះ​ម្ចាស់​រថយន្ត​ដឹកទំនិញ​ធំៗ បើក​ចូល​ក្រុង​ពេល​ថ្ងៃ​

​ព្រះសីហនុ​៖​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ ត្រៀម​ចាត់វិធានការ​ក្តៅ​តាមផ្លូវ​ច្បាប់ ទៅលើ​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​ធំៗ​ទាំងឡាយណា ដែល​នៅ​បន្ត​បើករថយន្ត​ធុន​ធ្ងន់ ឬ​រថយន្ត​ដឹកទំនិញ​ធំៗ​របស់ខ្លួន ចូលក្នុង​ក្រុង​ពេល​ថ្ងៃ និង​ចត​តាម​ចិញ្ចើមផ្លូវ នាំ​ឲ្យ​ស្ទះផ្លូវ​ធ្វើដំណើរ ព្រមទាំង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​។​

​អភិបាលរង​ខេត្ត​ព្រះសីហនុ លោក ជា វិជ្ជាក់ ផ្តល់​សម្ភាស​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែតុលា​ថា អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ រួមមាន​មន្ត្រី​សាធារណៈការ និង​ដឹកជញ្ជូន កម្លាំង​នគរបាល​ចរាចរណ៍ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ច្រើន​ស្ថាប័ន​ទៀត នៃ​រដ្ឋបាលខេត្ត​នេះ បាន​ចុះ​ណែនាំ​សេចក្តីជូនដំណឹង ស្តីអំពី​ការហាមឃាត់​ប្រភេទ​រថយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់ មិន​ឲ្យ​ធ្វើ​ចរាចរណ៍​ចូល​ក្រុង​ពេល​ថ្ងៃ និង​តម្រូវ​ឲ្យ​លាង​សំអាត​កង់ ឬ​តួ​រថយន្ត​ឲ្យ​បាន​ស្អាត មុនពេល​បើកបរ​តាមផ្លូវ​សាធារណៈ ពិសេស​បើក​ចូល​ទីប្រជុំជន​ក្រុងព្រះសីហនុ​។​


​លោក​បន្តថា បំរាម​នេះ កម្លាំងចម្រុះ បាន​ចុះ​អនុវត្ត​នៅតាម​ទីតាំង​មួយចំនួន មាននៅ​តាមផ្លូវ​ចាប់ពី​ស្ថានីយប្រេងឥន្ធនៈ​សូគីម៉ិច​កែង​រ៉ា​រទេះភ្លើង រហូតដល់​មុខ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។ ចុះ​អនុវត្ត​នៅ​ចំណុច​តាមផ្លូវ​ជាតិ​លេខ​៤ និង​បាន​ចុះទៅ​ណែនាំ​ដល់ទី​តាំង​ក្រុមហ៊ុន សូ ងួន និង ក្រុមហ៊ុន ក្រឡុក​ស៊ីម៉ងត៍ អ៊ុយ ញ៉ុ​ង​ជាដើម មាន​ទីតាំង​ក្នុង​ក្រុងព្រះសីហនុ​។​
​សេចក្តីជូនដំណឹង​នេះ លោក ជា វិជ្ជាក់ និង​ក្រុមការងារ បាន​ផ្សព្វផ្សាយ​ឲ្យ​តំណាង​ក្រុមហ៊ុន​នីមួយៗ ត្រូវ​ចូលរួម​សហការ​ជាមួយ​រដ្ឋបាលខេត្ត​ព្រះសីហនុ ដើម្បី​រួមគ្នា​ថែរក្សា​បរិស្ថាន ក្រុង​ទេសចរណ៍​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ ឲ្យ​មាន​សោ​ភ័​ណ្ឌ​ភាព ជាពិសេស​ទប់ស្កាត់​រាល់​ការកកស្ទះ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​។​

​ដើម្បី​អនុវត្ត​ការងារ​នេះ ឲ្យ​ទទួលបាន​ជោគជ័យ លោក ជា វិជ្ជាក់ អភិបាលរង​ខេត្ត​ព្រះសីហនុ បានស្នើ​ដល់​ម្ចាស់​ក្រុមហ៊ុន ឬ​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​ធំៗ មិនត្រូវ​លួច​ធ្វើ​សកម្មភាព​បើករថយន្ត​ចូល​ទីប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ​ពេល​ថ្ងៃ​ទៀត​ទេ​នា​ថ្ងៃ​ខាងមុខ​។ ជាង​នេះ ក៏​ហាម​ដាច់ខាត​មិន​ត្រូវយក​ចិញ្ចើមផ្លូវ​ថ្នល់ជាតិ សម្រាប់​ឈប់ ឬ​ចត​រថយន្ត ដើម្បី​ដាក់ ឬ​ផ្ទេរ​ទំនិញ របស់ខ្លួន នាំ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈ និង​បង្ក​ការកកស្ទះ​ដល់​អ្នកធ្វើដំណើរ​ទៀត​ទេ​។​
​ទាក់ទិន​បញ្ហា​នេះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ី សុខា ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ ដែល​បាន​ចូលរួម​ចុះ​ណែនាំ​សេចក្តីជូនដំណឹង​នេះ ឲ្យ​ដឹង​ដែរ​ថា អាជ្ញាធរ​នឹង​ផាកពិន័យ ឬ​ឈានដល់​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ឲ្យ​បាន​ធ្ងន់ធ្ងរ ទៅលើ​អ្នកបើកប​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់ ពិសេស​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ដែល​មិន​ចូលរួម​សហការ​ជាមួយ​រដ្ឋបាលខេត្ត​ព្រះសីហនុ ដែល​ហាម​មិន​ឲ្យ​បើករថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ មិន​ឲ្យ​បើក​ចូល​ក្រុង​ពេល​ថ្ងៃ និង​យក​ចិញ្ចើមផ្លូវ​សាធារណៈ ដើម្បី​ចត​រថយន្ត​នាំ​ឲ្យ​ស្ទះផ្លូវ​ធ្វើដំណើរ​ទៀត​នោះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បន្តថា ចាប់ពីពេលនេះ​តទៅ ក្រុមការងារ ដែលមាន​សមភាព​ចម្រុះ មកពី​គ្រប់​ស្ថាប័ន​ជំនាញ ក្រោម​ឱវាទ រដ្ឋបាលខេត្ត​ព្រះសីហនុ នឹងមិន​អនុញ្ញាតិ ឲ្យ​រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ បើក​ចូលក្នុង​ទីប្រជុំជន​ក្រុង​ទេសចរ​មួយ​នេះ ខុសពេល​វេលា​ទៀត​នោះ​។​


​បញ្ជាក់ថា បំរាម​នេះ ក៏​តម្រូវ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ដឹកទំនិញ​ធុន​ធ្ងន់​ទាំងអស់ មុននឹង​បើករ​យន្ត​ដឹកទំនិញ របស់ខ្លួន​ចេញពី​ក្រុមហ៊ុន ឬ​ឃ្លាំង ឡើងមក​លើផ្លូវ​សាធារណៈ ឬ​ផ្លូវជាតិ ពិសេស​បើក​ចូលក្នុង​ទីប្រជុំជន​ក្រុងព្រះសីហនុ គឺ​ដាច់ខាត ត្រូវ​លាង​សំអាត​កង់ និង តួ​រថយន្ត​ឲ្យ​បាន​ស្អាត ដើម្បី​ជៀសវាង​កុំ​ឲ្យ​ជ្រុះ​ដី​ពាសពេញ​ផ្លូវជាតិ បង្កើត​ទៅជា​ធូលី​ដី ឬ​ប្រលាក់​ផ្លូវ​សាធារណៈ នាំ​ឲ្យ​មាន​ដី​ហ​យុ ប៉ះពាល់​ដល់​បរិស្ថាន សោ​ភ័​ណ្ឌ​ភាព​ក្នុង​ក្រុង​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ជាពិសេស​ប៉ះពាល់​សុខភាព របស់​ប្រជាពលរដ្ឋ​។​
​លោក​បន្តថា កម្លាំង​នគរបាល​ចរាចរណ៍ និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ នឹង​ចុះ​អនុវត្ត​ការងារ​នេះ ឲ្យ​បាន​តឹងរឹង​ជា​បន្តបន្ទាប់ ហើយ​ឈានដល់​ផាកពិន័យ​ម្ចាស់​ក្រុមហ៊ុន ឬ​អ្នកបើកបរ ដែល​មិន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​។​

​ត្រង់ចំណុច​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ី សុខា ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ព្រមាន​ដល់​អ្នកបើកប​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​នៅតាម​ក្រុមហ៊ុន​នីមួយៗ ដាច់ខាត​មិនត្រូវ​ប្រើប្រាស់​គ្រឿងញៀន និង​មិនត្រូវ​ផឹក​គ្រឿង​ស្រវឹង ក្នុងពេល​បើកបរ​ជាដាច់ខាត ព្រោះ​នឹង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ហើយនឹង​ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​ធ្ងន់ធ្ងរ​។ បន្ថែម​លើ​នេះ​អ្នកបើកបរ​ទាំងអស់ មិនត្រូវ​បើក​លឿន​លើស​ច្បាប់​កំណត់ ឬ​បើក វ៉ា​ជែង​ក្នុងស្ថានភាព​ផ្លូវ​គ្រោះថ្នាក់ ហើយ​ត្រូវមាន​សុ​ជីវ​ធ៌​ម​ខ្ពស់​ក្នុងការ​បើកបរ ដោយ​ត្រូវ​អធ្យាស្រ័យ ឬ​យោគយល់​ឲ្យ​គ្នា​ទៅវិញទៅមក ដើម្បី​ឈានទៅ​រួមចំណែក​កាត់បន្ថយ​អត្រា​គ្រោះ​ធ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ព្រះសីហនុ​ឲ្យ​ថយចុះ​ចំនួន​ថែមទៀត​។​
​អ្នកឃ្លាំមើល​ផែនការ​អភិវឌ្ឍ​សង្គម បង្ហាញ​ការគាំទ្រ ចំពោះ​ចំណាត់ការ របស់​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ ដែល​បានចេញ​សេចក្តីណែនាំ ឬ​ដាក់​បំរាម​ហាម​មិន​ឲ្យ​រថយន្ត​ដឹកទំនិញ​ធំៗ បើក​ចូល​ក្រុង​ពេល​ថ្ងៃ​នៅពេលនេះ​។​
​ព្រម​ជាមួយគ្នានេះ ពួកគេ ក៏​សំណូមពរ​ឲ្យ​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងនោះ ត្រូវ​រួមសហការ​គ្នា ចុះ​អនុវត្ត​សេចក្តីជូនដំណឹង​នេះ ឲ្យ​បាន​សកម្ម​ជា​រៀងរាល់ថ្ងៃ ជាពិសេស​ត្រូវ​ផាកពិន័យ​ម្ចាស់​ក្រុមហ៊ុន ឬ​អ្នកបើករថយន្ត​ដឹកទំនិញ​ធំៗ​ទាំងឡាយណា ដែល​មិន​អនុវត្តតាម​សេចក្តីណែនាំ របស់​អាជ្ញាធរ​ឲ្យ​បាន​ធ្ងន់ធ្ងរ​។ ជាងនេះទៀត ក៏​ស្នើ​ដល់​ក្រុមការងារ​ចុះ​អនុវត្ត​បំរាម​រថយន្ត​ដឹកទំនិញ​ធំៗ ហាម​មិន​ឲ្យ​បើក​ចូល​ក្រុង​ពេល​ថ្ងៃនេះ ត្រូវអនុវត្ត​ការផាកពិន័យ ឲ្យ​បាន​ស្មើភាព និង​ត្រូវ​ជៀស​ឲ្យ​ផុតពី​អំពើពុករលួយ ឬ​បក្សពួកនិយម ជាដើម ដែល​អាច​នឹង​កើតមានឡើង ទើប​ការអនុវត្ត​បំរាម​នេះ មាន​ប្រសិទ្ធភាព ហើយ​ទទួលបាន​ការគាំទ្រ​ពី​សាធារណៈជន​។​

​បញ្ហា​នេះដែរ លោក​វរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​អះអាងថា បាន​ដឹកនាំ​កម្លាំង​នគរបាល​ប្រមាណ ១០​នាក់ ចូលរួម​សហការ​ជាមួយ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត ដើម្បី​ចុះ​អនុវត្ត​សេចក្ដីជូនដំណឹង​ស្តីពី ការហាមឃាត់​ប្រភេទ​រថយន្ត​ដឹកទំនិញ​ធំៗ មិន​ឲ្យ​បើក​ចូលក្នុង​ទីប្រជុំជន​ក្រុងព្រះសីហនុ​ពេល​ថ្ងៃ​ដោយ​យកចិត្តទុកដាក់​ខ្ពស់​។ លោក​បន្តថា ការងារ​នេះ កម្លាំង​ជំនាញ​នគរបាល នឹង​បន្ត​ចុះ​អនុវត្ត​ឲ្យ​បានជា​ប្រចាំថ្ងៃ ឲ្យ​ស្របតាម​ការចង្អុលបង្ហាញ របស់​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត និង ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បានដាក់​ចេញ​ឲ្យ​មាន​ប្រសិទ្ធភាព​៕ សត្យា


×