តាកែវ៖ ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំសាមញ្ញ លើកទី៥ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តតាកែវ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំទីចាត់ការផែនការ និងវិនិយោគខេត្ត នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក អ៊ុំ អួក សមាជិកក្រុមប្រឹក្សាខេត្តតាកែវ បានលើកឡើងពីបញ្ហាសំរាម ដែលប្រជាពលរដ្ឋ មួយចំនួននៅតែមានទម្លាប់ បោះសំរាមចោលនៅតាមសួនច្បារមាត់បឹង និងតាមផ្លូវទីសាធារណៈ ដោយពុំបានបោះចោលក្នុងធុងសំរាម ឬកន្លែងចាក់សំរាមឲ្យបានត្រឹមត្រូវនោះឡើយ ដែលនាំឲ្យបរិស្ថានអនាម័យក្នុងខេត្តមានសភាពមិនល្អស្អាតនិងមានក្លិនមិនល្អ ។
លោក អ៊ុំ អួក សមាជិកក្រុមប្រឹក្សាខេត្ត បានបន្តថា ប្រជាពលរដ្ឋភាគច្រើនពួកគាត់នៅតែបន្ត មានទម្លាប់មិនល្អ ក្នុងការយកសំរាមមកបោះចោលពាសវាលពាសកាល នៅតាមដងផ្លូវសារធារណៈ ពិសេសក្រុមហ៊ុនប្រមូលសំរាមនៅក្នុងខេត្ត ដែលមិនបានទៅប្រមូលសំរាមនៅទីកន្លែងផ្សេងៗ ដែលបញ្ហានេះ វានឹងធ្វើឲ្យក្រុងដូនកែវ ក្លាយជាទីក្រុងសំរាមដោយសារតែពួកគាត់ មិននាំគ្នាយកសំរាមយកចោលក្នុងធុងឲ្យបានត្រឹមត្រូវ ។
លោក អ៊ុំ អួក បន្ថែមទៀតថាប្រសិនបើពួកគាត់នៅតែបោះសំរាមចោលពាសវាលពាសកាលតទៅទៀត សូមអាជ្ញាធរខេត្ត មេត្តាចាត់វិធានការ ដោយធ្វើការផាកពិន័យចំពោះប្រជាពលរដ្ឋណា ដែលនៅតែយកសំរាមមកបោះចោល តាមដងផ្លូវសាធារណៈ ឬតាមសួនច្បារនានា ក្នុងក្រុងឲ្យបានធ្ងន់ធ្ងរ ពីព្រោះបើមិនធ្វើការផាកពិន័យទេ ពួកគាត់នៅតែមានទម្លាប់ដដែលៗ ហើយតាមរយៈការផាកពិន័យនេះ វានឹងធ្វើឲ្យពួកគាត់ភ្ញាក់រំលឹក និងធ្វើជាគំរូល្អដល់អ្នកដទៃ ក្នុងការយកសំរាមមកបោះចោលក្នុងធុងសំរាម ពិសេស គឺចូលរួមសម្អាតបរិស្ថានអនាម័យទាំងអស់គ្នា ទាំងនៅក្នុងផ្ទះ ក្រៅផ្ទះ និងតាមដងផ្លូវនានា កុំឲ្យមានថង់ប្លាស្ទិកហើរតាមខ្យល់ ។
ឆ្លើយតបទៅនឹងបញ្ហាសំរាមនេះដែរ លោក លី សាវ៉េត អភិបាលរងខេត្តតាកែវ មានប្រសាសន៍ថា លោកពិតជាទទួលស្គាល់ចំពោះបញ្ហាបោះសំរាម ចោលតាមដងផ្លូវសាធារណៈ ឬតាមសួនច្បារមាត់បឹង ប៉ុន្តែក្នុងនាមរដ្ឋបាលខេត្ត តែងតែ បានណែនាំដល់គ្រប់មន្ទីរពាក់ព័ន្ធ និងផ្នែកឯកជនទាំងអស់ ធ្វើការផ្សព្វផ្សាយឲ្យបានខ្លាំក្លាពីបញ្ហាសំរាមនេះ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយក៏បានដាក់ធុងសំរាមនេះ នៅតាមទីសាធារណៈ ឬនៅតាមសួនច្បារផងដែរ ដើម្បីផ្តល់ភាពងាយស្រួល ដល់ពលរដ្ឋយកសំរាមមកចោល តែឃើញថា ភាគតិចណាស់ ដែលបានយកសំរាមមកចោលក្នុងធុង ដែលបញ្ហានេះ ទាមទារឲ្យមានការអប់រំណែនាំបន្ថែមទៀតដល់ពួកគាត់ ពិសេស ត្រូវចូលរួមអនុវត្តទាំងអស់គ្នា ក្នុងការទប់ស្កាត់មិនឲ្យមានករណីបោះសំរាមចោលផ្ដេសផ្តាស តាមទីសាធារណៈ និងនៅតាមទីប្រជុំជនផ្សេងៗ៕ ដោយ៖ តាកែវ