ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់ពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវជាតិលេខ១ នាំគ្នាមកចោមរោមមើល ខណៈប្រទះឃើញសាកសពអណ្តែតទឹកក្បែរគល់ស្ពានហាយវ៉េ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៣និង០០នាទីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
បន្ទាប់ពីមានបុរស់ម្នាក់បានអះអាងថា សពនេះមានគេស្គាល់ថា ឈ្មោះ សំ មករា ភេទប្រុស អាយុ២៣ឆ្នាំនៅភូមិតាកុត ឃុំត្រពាំងស្តៅ ស្រុករមាសហែក មុខរបរសន្តិសុខឯកជន ក្រុងបាវិត បានបាត់ខ្លួនពីកន្លែងស្នាក់នៅក្រុងបាវិត ស្រាប់តែប្រទះឃើញសាកសពអណ្តែតទឹកហើមស្ពីង នៅចំណុចគល់ស្ពានហាយវ៉េ ស្ថិតនៅភូមបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ធ្វើឲ្យមានកាភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់សមត្ថកិច្ចនិងមហាជន មកឈមើលអ៊ូអរពេញលើស្ពានផ្លូវជាតិលេខ១តែម្តង។
បើតាមការអះអាងឳពុកម្តាយសពប្រាប់ថា ជនរងគ្រោះឈ្មោះ សំ មករា អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី២ ជាសិស្សរៀនពូកែគ្រប់មុខវិជ្ជា ហើយបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ហើយបានមករៀននៅសកលវិទ្យាល័យស្វាយរៀង ជានិស្សិតឆ្នាំទី២ ហើយមកស្នាក់នៅក្នុងវត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង។ ដោយជីវភាពគ្រួសារមានការខ្វះខាតគ្មានលទ្ធភាព ឲ្យកូនសិក្សាបន្តកូនប្រុសគាត់ បានសម្រេចចិត្តផ្អាកការសិក្សា នៅសកលវិទ្យាល័យ ហើយទៅធ្វើការជាសន្តិសុខឯកជន នៅក្រុងបាវិតជាមួយឳពុក។
ប្រភពបានបន្តទៀតថា ស្រាប់តែបានបាត់ខ្លួនកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៧ វិច្ឆិកា ២០១៩ នៅក្រុងបាវិត មិនដឹងថាទៅណានោះទេ លុះដល់ថ្ងៃទី១២វិច្ឆិកា មិនឃើញកូនត្រឡប់ទៅធ្វើការវិញ ហើយទូរស័ព្ទក៏មិនចូល ពេលកូនគាត់បាត់ខ្លួននោះ មានតែសម្លៀកបំពាក់មួយចង្កេះ និងលុយកាក់បន្តិចបន្តួចប៉ុណ្ណោះ ទើបរូបគាត់ជាឳពុកម្តាយ មានការព្រួយបារម្ភបានថតរូបកូនប្រុសរបស់គាត់ ប្តឹងសមត្ថកិច្ចឲ្យជួយរកនិងមករកកន្លែង កូនធ្លាប់មកស្នាក់នៅក្នុងវត្តព្រៃឆ្លាក់ តែគ្មានដំណឹងសោះ។
រហូតដល់វេលាម៉ោង២និង៥នាទីរសៀលថ្ងៃទី១៣វិច្ឆិកា ស្រាប់តែសមត្ថកិច្ចប្រាប់ថា៖ ប្រជាពលរដ្ឋអ្នកនេសាទត្រី ប្រទះឃើញសពអណ្តែតទឹក ក៏រាយការណ៍ជូនសមត្ថកិច្ចឲ្យមកពិនិត្យមើល ហើយសមត្ថកិច្ចក៏បានទូរស័ព្ទហៅឲ្យមកមើលសពអណ្តែតទឹកនេះ ក៏ស្គាល់ថាពិតជាកូនប្រុសរបស់គាត់ ដែលបានបាត់ខ្លួននោះហើយ។
បន្ទាប់ពីក្រុមគ្រូពេទ្យនិងសមត្ថកិច្ច ពិនិត្យសពរួចមកបានឲ្យដឹងថា បើតាមស្ថានភាពសពអាចស្លាប់ ក្នុងអំឡុង៣ទៅ៤ថ្ងៃប៉ុណ្ណោះ បើស្លាប់តាំងពីពេលបាត់ខ្លួនថ្ងៃទី៧វិច្ឆិកានោះ សពអាចត្រីចឹកស៊ីធ្លុះធ្លាយលិចទឹកបាត់ហើយ ដូច្នេះសពនេះអាចទើបតែស្លាប់រយៈពេល៧៣ម៉ោង ទៅ៨៥ម៉ោងប៉ុណ្ណោះ ក៏ប៉ុន្តែមិនអាចបញ្ជាក់បានថា ស្លាប់ដោយមូលហេតុអ្វីពិតប្រាកដនោះទេ។
បើតាមលោកវេជ្ជបណ្ឌិតសូបូរាណ ក្រុមបច្ចេកទេសពិនិត្យធ្វើកោសល្យវិច័យ បានមានប្រសាសន៍ថា ដោយសពមានសភាពហើមខ្លាំង មិនអាចពិនិត្យឃើញស្នាមជាំបាន គឺពិនិត្យត្រឹមការបាកឆ្អឹង ជើងឆ្អឹងដៃ ក និងក្បាលគឺពុំមានស្លាកស្នាមឬបែកបាក់ទេ ដូច្នេះការសន្និដ្ឋានជំហ៊ានដំបូង គឺស្លាប់ដោយលង់ទឹក។
ក្រោយពិនិត្យរួចសមត្ថកិច្ចបានប្រគល់សព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហើយអ្វីគួឲ្យសង្វេគទៀតនោះស្រ្តីជាម្តាយ បានយំទួញសោករហូតសន្លប់បាត់ស្មារតី បានអ្នកជិតខាងដឹកយកទៅសង្គ្រោះ នៅឯផ្ទះអ្នកស្រុកដោយសោកស្តាយ កូនប្រុសជាទីស្រឡាញ់៕ ដោយ៖ វ៉ៃកូ