សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្ត ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំនៅកម្ពុជា សំដៅជួយជំរុញបន្ថែមកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម អប់រំ បច្ចេកវិទ្យា ដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋ និងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
សំណើរបស់សម្តេចប្រធានរដ្ឋសភាបានលើកឡើងនៅក្នុងឱកាសដែលសម្តេចទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម មឺស៊ុត អូស្កាន (Mesut Özcan) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។
នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា និងឯកឧត្ដម មឺស៊ុត អូស្កាន បានសម្តែងការពេញចិត្តជាខ្លាំងនៃទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរដែលមានតាំងពីយូរលង់ណាស់មកហើយ។ ក្នុងរយៈពេលចុងក្រោយនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌនីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ មានការវិវឌ្ឍរីកចម្រើនគួរកត់សម្គាល់ និងបាននាំមកនូវផលប្រយោជន៍ដល់ប្រទេសនិងប្រជាជនទាំងសងខាង។ ទំនាក់ទំនង ការផ្លាស់ប្តូរ ការធ្វើអន្តរកម្ម និងការគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី បានប្រព្រឹត្តទៅជាញឹកញាប់ ដោយផ្តោតលើការគោរពគ្នា ការយោគយល់គ្នា និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
សម្តេចបានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរដែលមានរយៈពេលជិត ៧ ទសវត្សរ៍មកនេះ បានចាក់ឫសដោយផ្អែកលើការជឿទុកចិត្តគ្នា ដោយផ្តោតលើលទ្ធផលជាក់ស្តែង និងផ្អែកលើផលប្រយោជន៍ប្រជាពលរដ្ឋជាស្នូល។ ដូចនេះ យើងត្រូវបន្តជំរុញកម្លាំងចលករដ៏ល្អនេះ តាមរយៈការផ្តោតលើផលប្រយោជន៍ប្រជាពលរដ្ឋជាស្នូលក្នុងគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការរបស់យើង។
កម្ពុជា និងតួកគីយ៉េ មានគុណតម្លៃរួមជាច្រើន ក្នុងនោះគឺការលើកកម្ពស់តម្លៃនៃសន្តិភាព និងវិបុលភាពរួម។ ប្រទេសយើងទាំងពីរតែងតែប្រកាន់ខ្ជាប់ និងជឿជាក់លើច្បាប់អន្តរជាតិ និងពហុភាគីនិយម ដោយបើកចំហ និងបរិយាបន្ន។ សម្តេចបានថ្លែងអំណរគុណសមានចិត្តដ៏ល្អរបស់មិត្តតួកគីយ៉េ ដែលបានចេញលិខិតអំពាវនាវដល់ប្រទេសកម្ពុជា និងថៃ ពឹងផ្អែកលើការចរចាដើម្បីបញ្ចប់ជម្លោះព្រំដែន និងគោរពច្បាប់អន្តរជាតិ។
សម្តេចប្រធានរដ្ឋសភាបានស្នើដល់ប្រទេសតួកគីយ៉េ បន្តយកចិត្តទុកដាក់លើករណីនេះបន្ថែមទៀត និងបានបញ្ជាក់ពីជំហររបស់កម្ពុជា ដែលស្រឡាញ់សន្តិភាព ការពារសន្តិភាព និងអនុវត្តច្បាប់អន្តរជាតិជាប់ជានិច្ច។
ឯកឧត្ដម មឺស៊ុត អូស្កាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានឆ្លៀតពេលដ៏មមាញឹកទទួលជួបពិភាក្សាការងារជាមួយឯកឧត្ដម និងសហការីនៅក្នុងឱកាសនេះ។ ឯកឧត្ដមបានបញ្ជាក់ថា នៅក្នុងអាណត្តិបេសកកម្មការទូតនៅកម្ពុជានេះ ឯកឧត្ដមនឹងខិតខំបំពេញបេសកកម្មឱ្យទទួលបានជោគជ័យ សម្រាប់ផលប្រយោជន៍ប្រទេសទាំងពីរ។
ក្នុងនាមជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណជូនប្រទេសតួកគីយ៉េផងដែរ ដែលបានផ្តល់ជំនួយផ្លូវគមនាគមន៍ ផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដល់ពលរដ្ឋនៅក្នុងខេត្តកណ្តាលដើម្បីឱ្យពួកគាត់បានធ្វើកសិកម្មបែបទំនើប។
សម្តេចបានកត់សម្គាល់ថា ដោយសារមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ នៅក្នុងរយៈពេលចុងក្រោយនេះ ទំហំពាណិជ្ជកម្មកម្ពុជា និងតួកគីយ៉េ បានកើនឡើងដល់ ៧០ លានដុល្លារ។ សម្តេចមានជំនឿយ៉ាងមុតមាំថា ឯកឧត្ដមឯកអគ្គរដ្ឋទូតថ្មី នឹងពិនិត្យសក្តានុពលនៃប្រទេសទាំងពីរបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យពលរដ្ឋកម្ពុជា និងតួកគីយ៉េ ទទួលបានផ្លែផ្កាកាន់តែច្រើនពីទំនាក់ទំនងដ៏ល្អនេះ។
ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី សង្ឃឹមថានៅក្នុងអាណត្តិការទូតរបស់ឯកឧត្ដម មឺស៊ុត អូស្កាន ទំនាក់ទំនងកម្ពុជា -តួកគីយ៉េ នឹងរីកចម្រើនមួយកម្រិតទៀត៕រក្សាសិទ្ធដោយ៖សុទ្ធលី









