សៀមរាប៖ គិតមកដល់ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកានេះ សត្វដំរីចំនួន៥ក្បាលហើយ ដែលបានដឹកជញ្ជូនចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅកាន់ព្រៃសហគមន៍បុស្សធំ ស្ថិតនៅភូមិបុស្សធំ ឃុំខ្នាពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ការងារនេះ ធ្វើឡើងដោយសមាគមគ្រប់គ្រងសត្វដំរី សហការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីឱ្យសត្វដំរីទាំងនោះ មានជីវិតរស់នៅបែបធម្មជាតិរបស់វា ក៏ដូចជាការអភិរក្សសត្វដំរីទាំងនោះផង។
នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា សត្វដំរីចំនួន២ក្បាល ត្រូវបានក្រុមការងារជំនាញ ដឹកជញ្ជូនតាមរថយន្តចេញពីកន្លែងរស់នៅ មុខប្រាសាទភ្នំបាខែង សំដៅទៅកាន់ព្រៃសហគមន៍បុស្សធំ ដែលមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ នៅព្រឹកថ្ងៃទី១៥នេះ សត្វដំរីចំនួន៣ក្បាលទៀត ក៏បានធ្វើដំណើរទៅកាន់កន្លែងរស់នៅថ្មីនោះដែរ។
ក្នុងខ្លឹមសារនៃសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៤ ខែវិច្ឆិកា ការងារនេះធ្វើឡើងដើម្បីលើកកម្ពស់ជីវិត នៃការរស់នៅបែបធម្មជាតិរបស់សត្វដំរី សមាគមគ្រប់គ្រងសត្វដំរី សហការជាមួយអាជ្ញាធរជាតិអប្សរា បានធ្វើការដឹកជញ្ជូនសត្វដំរីជាបណ្ដើរៗ ចេញពីរមណីយដ្ឋានអង្គរ សំដៅទៅរកការបញ្ឈប់សកម្មភាពអាជីវកម្ម ក្នុងការយកសត្វដំរី មកផ្តល់ជាសេវាដឹកជញ្ជូនភ្ញៀវទេសចរកម្សាន្ត នៅដើមឆ្នាំ២០២០តទៅ។
អស់រយៈពេលច្រើនឆ្នាំមកហើយ ដែលសត្វដំរីបានចូលរួមចំណែកយ៉ាងសកម្មក្នុងការបម្រើវិស័យទេសចរណ៍នៅរមណីយដ្ឋានអង្គរ។ សត្វដំរីទាំងនោះមិនត្រឹមតែផ្តល់នូវភាពទាក់ទាញដ៏អស្ចារ្យក្នុងការផ្តល់សេវាកម្មសម្បូរបែបក្នុងរមណីយដ្ឋានអង្គរប៉ុណ្ណោះទេ ថែមទាំងបានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនដល់ភ្ញៀវជាតិនិងអន្តរជាតិ ។
ក្នុងបរិបទថ្មីនៃការអភិវឌ្ឍវិស័យទេសចរណ៍ ក៏ដូចជាដើម្បីលើកកម្ពស់ជីវិតនៃការរស់នៅបែបធម្មជាតិរបស់សត្វដំរី សមាគមគ្រប់គ្រងសត្វដំរីសហការជាមួយអាជ្ញាធរជាតិអប្សរានឹងធ្វើការដឹកជញ្ជូនសត្វដំរីជាបណ្តើរៗចេញពីរមណីយដ្ឋានអង្គរ សំដៅទៅរកការបញ្ឈប់សកម្មភាពអាជីវកម្មក្នុងការយកសត្វ ដំរីមកផ្តល់ជាសេវាដឹកជញ្ជូនភ្ញៀវទេសចរកម្សាន្តក្នុងរមណីយដ្ឋានអង្គរនៅដើមឆ្នាំ២០២០តទៅ។ ក្នុងន័យនេះ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ សមាគមគ្រប់គ្រងសត្វដំរីនឹងធ្វើការដឹកជនសត្វដំរីមួយចំនួនចេញពីរមណីយដ្ឋានអង្គរទៅកាន់ព្រៃសហគមន៍បុស្សធំ ស្ថិតក្នុងឃុំខ្នាពោធិ៍ស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីឲ្យសត្វដំរីរស់នៅតាមលក្ខណៈធម្មជាតិនិងក្រោមការមើលថែទាំរបស់សមាគមគ្រប់គ្រងសត្វដំរី។ ដោយឡែក សត្វដំរីដែលនៅសល់នឹងបន្តដឹកជញ្ជូនចេញពីរមណីយដ្ឋានអង្គរជាបន្តបន្ទាប់នាពេលក្រោយ៕ដោយ៖កូឡាប