ស្វាយរៀង៖ នៅល្ងាចថ្ងៃទី៥ខែតុលាឆ្នាំ២០១៧ ប្រហែលម៉ោង៦ មន្ត្រីស៊ីម៉ាក់និងអាជ្ញាធរគីមី បានទទួលជនរងគ្រោះពុលសារជាតិ នៃអាវុធគីមី (ផ្អែកការផ្តល់ចំលើយរបស់ជនរងគ្រោះ) ដែលមានកុមារចំនួន៤នាក់និងស្ត្រីម្នាក់ (ទទួលដំណឹងនៅម៉ោង៦ល្ងាចទៅហើយ ប៉ុន្តែមានគ្រោះថ្នាក់នៅម៉ោងប្រហែល៣)។នេះបើតាមការឲ្យដឹងពីលោកហេង រតនា អគ្គនាយកស៊ីម៉ាក់។
លោកអគ្គនាយកស៊ីម៉ាក់ បានថ្លែងថា “ពួកគេថា មានគ្រាប់បែកគីមីចំនួន២គ្រាប់ ហើយស្ថិតក្នុងចំការដំឡូង មានចំងាយប្រមាន៣-៤គីឡូម៉ែត្រ ពីកន្លែងកំពុងប្រតិបតិ្តការក្នុងវត្តគីគីរ។ ការពុលនោះអាចមិនធ្ងន់ធ្ងរ មុជទឹកសំអាតខ្លួនប្រាណ ហូបទឹកឱ្យច្រើន បរិភោគឱ្យឆែ្អត និងលេបថ្នាំខ្លះអាចធូរស្រាលវិញ។ តែទោះយ៉ាងណា ខាងអាជ្ញាធរមូលដ្ឋាន បានខិតខំជួយចាត់បញ្ជូនពួកគាត់ ទៅទេព្យបង្គោល ដើម្បីបង្ការភាពអាក្រក់ណាមួយកើតឡើង”។
លោកអគ្គនាយក បានបញ្ជាក់ថា សារធាតុគីមីនេះ អាចជះចំហាយតាមខ្យល់ នៅពេលកកាយដីប៉ះចំគ្រាប់គីមីនោះ តាមបច្ចេកទេសគីមីប្រភេទ CS កាន់តែស្ងួតការភាយ និងប្រតិកម្មគីមីកាន់តែខ្លាំង និងងាយឆេះណាស់។ ភាពសើម មានទឹកនិងដីសើម អាចជួយកាត់បន្ថយកំលាំងចំហាយជាតិពុលបានខ្លះដែរ។ ដូចនេះការគាល់ធុង ឬរបើកដាច់កញ្ចប់គីមី ងាយបង្កពុលដោយកំហាយសារធាតុគីមីណាស់។
ជនរងគ្រោះដោយសារគីមី រួមមាន ៖ ពូជ សាវិល ភេទស្រី អាយុ៥៣ឆ្នាំ , សូ សារ៉ន ភេទប្រុស អាយុ២៩ឆ្នាំ, សូ សំអូន ភេទប្រុស អាយុ១៤ឆ្នាំ, ឈ្មោះ ម៉ិញ ធឿន ភេទប្រុស អាយុ១៦ឆ្នាំ និង អ៊ិន សាបុល ភេទប្រុសអាយុ៦ឆ្នាំ ។ ជនរងគ្រោះបានដើរឃ្វាលគោក្នុងចំការដំឡូង បានប្រទះឃើញដែក ហើយកកាយជម្រៅប្រមាណ១៥សង់ទីម៉ែត្រ នៅវេលាម៉ោង៣រសៀលថ្ងៃទី៥តុលានេះ ហើយនៅម្តុំហ្នឹងមានគ្រាប់បែកគីមីចំនួនពីរគ្រាប់ ៕ ដោយ៖ជាលី