នៅសារៈមន្ទីរជាតិភ្នំពេញ គេឃើញមានចម្លាក់ព្រះកេសព្រះអាទិទេពមួយ ធ្វើអំពីដីដុតមកពីអង្គរបុរី ដែលបុព្វការីជនបានបន្សល់ទុកពីសម័យវប្បធម៌នគរភ្នំ ។ តែជាអកុសលចម្លាក់បុរាណនេះ ពុំទាន់ត្រូវបានសិក្សាវិភាគនៅឡើយ ទោះបីជាគេបានសរសេរច្រើនអំពីវិស័យសិល្បៈស្ថាបត្យកម្ម នាសម័យបុរាណខាងលើនេះក៏ដោយ ។
តាមពិត ទៅកម្រិតសមត្ថភាពនៅសម័យមុន មិនអាចធ្វើឲ្យគេស្គាល់នូវអត្តសញ្ញាណពិតប្រាកដ របស់ព្រះកេសខាងលើនេះ ជាហេតុធ្វើឲ្យមានការបកស្រាយខុស ព្រោះគេបានចាត់ទុកថាវា គឺជាក្បាលរបស់មនុស្សធម្មតា ។
ព្រះពោធិសត្វ, ដីដុត អង្គរបុរី (សារមន្ទីរជាតិភ្នំពេញ) ថត ២០០៤)
ដោយសារតែហេតុផលនេះ ទើបតម្រូវឲ្យមានការវិភាគផ្ទៀងផ្ទាត់វិស័យពុទ្ធបដិមាកម្មឡើងវិញ ដោយផ្អែកលើទិន្ន័យថ្មីៗមួយចំនួន ដែលទើបតែរកឃើញ ទាំងនៅទីក្រុងអង្គរបុរី ទាំងនៅតំបន់នានា ស្ថិតនៅក្នុងដែនដីសណ្តនៃទន្លេមេគង្គខាងក្រោម និងមួយភាគធំនៃឈូងសមុទ្រសៀមបច្ចុប្បន្ន ។
ដូចទើបពោល បញ្ហាចម្បងនៅទីនេះ គឺការប្រមូលផ្តុំនូវរាល់ទិន្ន័យ ដែលអាចបំភ្លឺប្រភពនៃចម្លាក់ខាងលើនេះ ។ ក្នុងការសិក្សាប្រៀបធៀបយើងត្រូវផ្តើមសិក្សាអំពី ចម្លាក់នៅប្រទេសឥណ្ឌាជាមុនសិន ដែលបានឲ្យកំណើតឲ្យទៅចម្លាក់នានានៅអង្គរបុរី និងនៅអូរកែវ ឬក៏នៅទីក្រុងអ៊ូថង នៅខេត្តសុផាន់បុរីប្រទេសថៃបច្ចុប្បន្ន ។ ដោយហេតុថា យើងយល់ឃើញថា គេមិនអាចយល់ពីអត្តសញ្ញាណពិតប្រាកដ របស់វត្ថុសិល្បៈនេះ បើយើងឃ្លាតចេញពីរង្វង់អារ្យធម៌ បែបមហាយានឥណ្ឌានាសម័យបុរាណបានឡើយ ។
ប្រការនេះមានសារៈសំខាន់ណាស់ ល្មមយើងយកមកពិនិត្យឲ្យបានល្អិតល្អន់ មុននឹងធ្វើការសរុបសេចក្តី ។ ដូច្នេះបើយើងប្រៀបធៀបបច្ចេកទេសលំអ ជាពិសេសភ្នួងសក់ដែលប្រកបដោយសោភ័ណ្ឌភាព របស់ព្រះកេស នៅសារមន្ទីរជាតិយើង ទៅនឹងព្រះកេសមួយចំនួននៅមជ្ឈមណ្ឌលវិចិត្រសិល្បៈគន្ធារៈ នៃប្រាសាទឥណ្ឌាយើងឃើញមានភាពស្រដៀងគ្នា ។ ផ្ទុយទៅវិញរបៀបតុបតែងភ្នួងសក់នេះ មិនមានចំពោះព្រះកេសព្រះសម្មាសម្ពុទ្ធជាប្រវត្តិសាស្ត្រនោះទេ ។
ម្យ៉ាងវិញទៀតបើយើងពិនិត្យមើលទឹកមុខរបស់ព្រះកេសនេះ យើងក៏អាចឃើញមានភាពញញឹមស្រស់ គួរឲ្យចាប់អារម្មណ៍ផងដែរ ។ យោងលើលក្ខណៈទាំងនេះ យើងពិតជាអាចសន្និដ្ឋានយ៉ាងត្រឹមត្រូវថា ភាពញញឹមយ៉ាងត្រជាក់គួបផ្សំនិងព្រះភ័ក្ត្របើកពាក់កណ្តាលបិទពាក់កណ្តាល នៅទីនេះក៏មិនមែនជាការចៃដន្យដែរ ។ ក៏ប៉ុន្តែយើងពិតជាអាចបកស្រាយថា ការដែលវិចិត្រករឆ្លាក់ជាលក្ខណៈរបៀបនេះ បានមកពីភាពវាងវៃ ហើយមកពីគេចង់ចង្អុលបង្ហាញនូវគុណសម្បត្តិ ដ៏លើសលុបរបស់ព្រះពោធិសត្វក្នុងលទ្ធិមហាយានផងដែរ ។
រួមសេចក្តីមក គឺកត្តាទាំងអស់នេះហើយ ដែលជំរុញយើងឲ្យសន្និដ្ឋានបានថា ព្រះកេសខាងលើនេះ ដែលប្រកបដោយទឹកដមគួរឲ្យទាក់ចិត្ត គឺតំណាងឲ្យព្រះពោធិសត្វអវលោកេស្វារៈយ៉ាងប្រាកដ ។ ម្យ៉ាងវិញទៀត សិក្សាអំពីបដិមាកម្មបុរេអង្គរនៅអង្គរបុរីក៏បានជួយយើងឲ្យកំណត់កាលបរិច្ឆេទរបស់វាដែរ គឺរវាងពីស.តទី៤និងទី៥ នៃគ.ស ពោលគឺក្នុងសម័យកាលមួយដែលប្រជាជនខ្មែរ ស្ថិតនៅក្រោមឥទ្ធិពលនៃលទ្ធិព្រះពុទ្ធសាសនាទាំងពីរនិកាយគឺហិនយាននិងមហាយាន ដែលមានប្រភពមកពីឥណ្ឌា ៕ (ម.ត្រាណេ)