Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លើង​ប្រព័ន្ធ​ពិនិត្យ សង្កេត​ធាតុអាកាស​ស្វ័យប្រវត្តិ​នៅ​កម្ពុជា សម្រាប់​បម្រើ​ឲ្យ​ការ​ព្យាករ និង​ប្រកាស​ព័ត៌មាន​ជាមុន ពី​គ្រោះធម្មជាតិ​នៅ​កម្ពុជា​

​ភ្នំពេញ​៖​លោក​លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង H.E. Mr. Jongseok KIM ប្រធាន​រដ្ឋបាល​ឧតុនិយម នៃ​សាធារណរដ្ឋ​កូរ៉េ បាន​ជួបពិភាក្សា​ការងារ និង​ចុះហត្ថលេខា​រួម លើ​អនុស្សារណៈ​យោគយល់​គ្នា ស្តីពី គម្រោង ” តម្លើង​ប្រព័ន្ធ​ពិនិត្យ សង្កេត​ធាតុអាកាស​ស្វ័យប្រវត្តិ​នៅ​កម្ពុជា សម្រាប់​បម្រើ​ឲ្យ​ការ​ព្យាករ និង​ប្រកាស​ព័ត៌មាន​ជាមុន ពី​គ្រោះធម្មជាតិ​នៅ​កម្ពុជា ” ដែលជា​ជំនួយឥតសំណង ផ្តល់​ដោយ​រដ្ឋបាល​ឧតុនិយម​នៃ​សាធារណរដ្ឋ​កូរ៉េ នា​រសៀល​ថ្ងៃ​ចន្ទ ១៣​កើត ខែ​មិគសិរ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម ។​

​ក្រសួង​ធនធានទឹក បាន​ឲ្យ​ដឹងថា ជំនួយឥតសំណង ដែល​រដ្ឋបាល​ឧតុនិយម​នៃ​សាធារណរដ្ឋ​កូរ៉េ​ផ្តល់​មក​ឲ្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម នាពេលនេះ មាន​ដូចខាងក្រោម ៖

១- តម្លើង​ស្ថានីយឧតុនិយម​ស្វ័យប្រវត្តិ​ចំនួន ២៧ កន្លែង នៅ​បណ្តា​ខេត្ត​ដែល​ពុំទាន់​មាន​ស្ថានីយឧតុនិយម​គ្រប់គ្រាន់ ក្នុង​ការពិនិត្យសង្កេត​តាមដាន​ធាតុអាកាស ដើម្បី​ទទួលបាន​ទិន្នន័យ​ព័ត៌មាន​កាន់តែ​ទូលំទូលាយ គ្រប់គ្រាន់​សម្រាប់​ធ្វើការ​ព្យាករ ស្រាវជ្រាវ ធាតុអាកាស​និង​ប្រើប្រាស់​លើ​វិស័យ​ដទៃៗ​ទៀត ។​

២- បំពាក់​គ្រឿង​បរិក្ខារ​ឧតុនិយម​មួយចំនួនទៀត សម្រាប់​ទ្រទ្រង់​ដល់​ការ​ព្យាករ​ធាតុអាកាស និង​ប្រព័ន្ធ​ប្រកាសជូន​ដំណឹង​ជាមុន ស្តីពី​គ្រោះថ្នាក់​ធម្មជាតិ​ដែល​កើត​នៅ​កម្ពុជា ។ ធ្វើការ​បញ្ជូន​អ្នកបច្ចេកទេស​របស់​កូរ៉េ មកជួយ​បណ្តុះបណ្តាល​នៅក្នុង​ប្រទេស និង​ធ្វើការ​បណ្តុះបណ្តាល​បន្ថែម​នៅ​ប្រទេស​កូរ៉េ ដើម្បី​ពង្រឹងសមត្ថភាព​ដល់​ម​ន្ត្រី​ឧតុនិយម​កម្ពុជា ក្នុងការ​ព្យាករ​ធាតុអាកាស​ឲ្យ​បាន​កាន់តែ​សុ​ក្រិត ។​

៣- បន្ថែម​ពីនេះ​រដ្ឋបាល​ឧតុនិយម​កូរ៉េ និង​វិទ្យាស្ថាន​ឧតុនិយម​កូរ៉េ និង​ក្រសួង​ធនធានទឹក និង​ឧតុនិយម​កម្ពុជា នឹង​បន្ត​ជជែក​គ្នា​ពី​លទ្ធភាព​ផ្តល់នូវ​គម្រោង​ជំនួយឥតសំណង​ថ្មីៗ​បន្ថែមទៀត លើ​ការទទួលបាន​នូវ​ព័ត៌មាន​ឧតុនិយម​ពី​ផ្កាយរណប​ឧតុនិយម​ថ្មី GK-2A របស់​សាធារណៈរដ្ឋ​កូរ៉េ ក្នុងការ​ប្រើប្រាស់ វិភាគ និង​តាមដាន​ស្ថានភាព​ធាតុ​នៅ​កម្ពុជា ។​

៤- ភាគី​ទាំងពីរ ប្តេជ្ញា​នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ឧតុនិយម​ឲ្យ​កាន់តែ​រីកចម្រើន​ត​ទៅមុខទៀត ៕​ដោយ៖​កូ​ឡាប​

×