Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការ​ពិភព​លោកធំៗ និង​ប្រទេស​ម្ចាស់ជំនួយ គាំទ្រ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជំនាញ​ទេសចរណ៍​កម្ពុជា​

spot_img

​សៀមរាប​៖ ក្រសួងទេសចរណ៍ សហការ​ជាមួយ​អង្គការ​ពិភព​លោកធំៗ និង​ប្រទេស​ម្ចាស់ជំនួយ​មួយចំនួន បានរៀបចំ​ការវាយតម្លៃ​លើ​សមត្ថភាព និង​បទពិសោធន៍​របស់​អ្នកជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ តាម​យន្តការ​នៃ​ការវាយតម្លៃ​ការសិក្សា​ពីមុន (RPL) ស្របតាម​ស្តង់ដារ​គុណភាព​ជាតិ និង​អាស៊ាន ក៏ដូចជា​ស្របតាម​យុទ្ធនាការ “​បុគ្គលិក​ម្នាក់ ជំនាញ​មួយ​”​។​

​ការវាយតម្លៃ​នេះ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​៩-១៣ ខែធ្នូ ឆ្នាំ​២០១៩ នៅ​សាលា​សណ្ឋាគារ និង​ទេសចរណ៍​ប៉ូល​ឌុយ​ប្រ៊ូ​ល ដែលជា​នៅ​មជ្ឈមណ្ឌល​វាយតម្លៃ​សមត្ថភាព ផ្នែក​សេវាកម្ម​សណ្ឋាគារ​។​

​ការវាយតម្លៃ​សមត្ថភាព​ខាងលើនេះ មាន​៣​ដំណាក់កាល រួមមាន​៖ សំណួរ​ផ្ទាល់មាត់ សំណួរ​សរសេរ និង​ការអនុវត្ត​ផ្ទាល់ លើ​ជំនាញ​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ ជំនាញ​ការិយាល័យ​ជួរមុខ និង​ជំនាញ​គេហកិច្ច (Housekeeping)​។​

​សកម្មភាព​វាយតម្លៃ​នេះ​មានការ​គាំទ្រ និង​សង្កេត​ការ​ពី​អង្គការ​អន្តរជាតិ​ធំ​មួយចំនួន រួមមាន​៖ អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) អង្គការ​សហ​ប្រជា​តិ (UN) ទីភ្នាក់ងារ​សម្រាប់​ការ​សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​ស្វី​ស អង្គការ UNESCO អង្គការ UNIDO អង្គការ UNYAP ព្រមទាំង​គណៈប្រតិភូ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួង​អប់រំ យុវជន និង​កីឡា​ផងដែរ បាន​អញ្ជើញ​ចុះមក​ពិនិត្យ និង​ដកស្រង់​បទពិសោធន៍​អំពី​ការវាយតម្លៃ​លើ​សមត្ថភាព និង​បទពិសោធន៍​របស់​អ្នកជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ តាម​យន្តការ​នៃ​ការវាយតម្លៃ​ការសិក្សា​ពីមុន (RPL) ស្របតាម​ស្តង់ដារ​គុណភាព​ជាតិ និង​អាស៊ាន​។​

​លោក ទ្រី ឈី​វ ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ជាតិ​អ្នកជំនាញ​ទេសចរណ៍ និង​ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ និង​អាស៊ាន នៃ​ក្រសួងទេសចរណ៍ បានលើកឡើង​អំពី​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ២០១៧-២០២៥ ក្រោម​បរិបថ​នៃ​សមាហរណកម្ម​អាស៊ាន ដោយ​ដាក់ចុះ​នូវ​ផែនការ​វាយតម្លៃ​សម្ថ​ភាព អ្នក​ដែល​កំពុង​បម្រើការ នៅក្នុង​វិស័យ​ទេសចរណ៍ គឺជា​គោលដៅ​យុទ្ធសាស្ត្រ​មួយ ដើម្បី​ធ្វើយ៉ាងណា ឲ្យ​អ្នក​កំពុង​បម្រើ​ការងារ មាន​ជំនាញ​ច្បាស់លាស់​ជាក់លាក់ ហើយ​អាច​អភិវឌ្ឍ​អាជីព​របស់ខ្លួន តាម​វិថី​អភិវឌ្ឍ​ជំនាញ​ទេសចរណ៍ ដែល​ក្រសួងទេសចរណ៍​បានដាក់ចុះ ស្របទៅតាម​ផែនការ​យុទ្ធសាស្ត្រ​ដែល​បាន​ចែងថា ត្រឹម​ឆ្នាំ​២០២០ អ្នក​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ ត្រូវមាន​វិញ្ញាបនបត្រ​ជំនាញ​វិជ្ជាជីវៈ​ទទួលស្គាល់​យ៉ាងតិច ៥០% ២០២៥ សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ “​បុគ្គលិក​ម្នាក់ ជំនាញ​មួយ​” គឺ​អ្នកបម្រើ​ការងារ​ទាំងអស់ ត្រូវមាន​វិញ្ញាបនបត្រ​ជំនាញ​វិជ្ជាជីវៈ​ទទួលស្គាល់ និង​ត្រឹម​ឆ្នាំ​២០៣០ សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព របស់​អង្គការសហប្រជាជាតិ SDG4 “​ការសិក្សា​ពេញ​មួយជីវិត​»”​និង SDG8 “​ការងារ​សមស្រប​”​។​

​សូមបញ្ជាក់ថា រហូតមកដល់​បច្ចុប្បន្ន ប្រទេស​កម្ពុជា ជា​ប្រទេស​ឈានមុខ​គេ ក្នុង​អនុវត្ត​កម្មវិធីសិក្សា​តាម​ស្តង់ដារ​អាស៊ាន ក្នុងនោះ​ក្រសួងទេសចរណ៍ ដែលមាន​គណៈកម្មាធិកា​រ​ជាតិ​អ្នកជំនាញ​ទេសចរណ៍ ជា​សេនាធិការ​បាន​ពង្រឹងសមត្ថភាព សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​ប្រើប្រាស់​កម្មវិធីសិក្សា​ស្តង់ដារ​អាស៊ាន​ចំនួន ២០ បណ្តុះបណ្តាល​គ្រូ​បង្គោល និង​អ្នកវាយតម្លៃ​បង្គោល​អាស៊ាន​ចំនួន ៣០​រូប ហើយ​គ្រូ​បង្គោល និង​អ្នកវាយតម្លៃ​បង្គោល​ជាតិប្រមាណ​ជាង ៦០០​នាក់​។​

​បច្ចុប្បន្ន មាន​សិស្ស​ដែល​បញ្ចប់​ការសិក្សា​តាម​ស្តង់ដារ​អាស៊ាន ចេញពី​សាលា​បណ្តុះបណ្តាល​នេះ មាន​ចំនួន​ជាង ៤.០០០​នាក់​។​

​ដោយឡែក ក្រសួងទេសចរណ៍ កំពុង​ដាក់ចុះ​នូវ​អភិក្រម បណ្តុះបណ្តាល​ថ្មីៗ​ផ្សេងទៀត ដូចជា​កំពុង​រៀបចំ​ឲ្យ​មានការ​បណ្តុះបណ្តាល កម្រិត​សញ្ញាបត្រ​មធ្យមសិក្សា​វិជ្ជាជីវៈ​ទេសចរណ៍ ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​សិស្ស​សិក្សា​ក្នុង​រយៈពេល​៣​ឆ្នាំ (​ថ្នាក់​ទី​១០ ១១ និង​១២) ទទួលបាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិវិទ្យាជីវ​ទេសចរណ៍​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×