តាកែវ ៖ មន្ត្រីជំនាញថា ជ្រូកនាំចុះទៅវៀតណាមមិនមានផលប៉ះពាល់អ្វីទេ តែប្រជាពលរដ្ឋរស់នៅស្រុកបូរីជលសារ នៅតែមានការព្រួយបារម្ភខ្លាំងក្រោយឃើញជ្រូកសម្បុរខុសប្លែកពីធម្មតា រាងក្រហមឡើងតាមផ្លូវទឹកដឹកតាមរថយន្ត មកក្នុងស្រុកវិញ ដោយគ្មានមន្ត្រីជំនាញឬអាជ្ញាធរណាត្រួតពិនិត្យនិងបង្ក្រាបឡើយ។
មានការចល័តសត្វជ្រូករស់ចេញចូលពីខេត្តតាកែវ ប្រទេសកម្ពុជា ទៅខេត្តជាប់ព្រំដែននៃប្រទេសវៀតណាម កំពុងមានហាងឆេងខ្ពស់នៅក្នុងរដូវចូលឆ្នាំចិនឆ្នាំថ្មី២០២០ខាងមុខនេះ។ ប្រភពពីពលរដ្ឋដែលរស់នៅជាប់ផ្លូវប្រឡាយ០១ស្រុកបូរីជលសារ បាននិយាយថា ពួកគាត់បានឃើញរថយន្តយីឌុបធំៗដឹកសត្វជ្រូក ប្រមាណជា៧០ក្បាលទៅជិត១០០ក្បាល មានសម្បុរធម្មតាជាសត្វជ្រូកចុះតាមផ្លូវទឹកដាក់ទូក ដឹកចុះទៅក្រោម ដោយមិនមានត្រួតពិនិត្យសួរនាំ ពីអាជ្ញាធរឬមន្ត្រីជំនាញណាឡើយ ក្រោយពីមានការដឹកសត្វជ្រូកចុះទៅប្រទេសវៀតណាមនេះ ពួកគាត់ក៏បានឃើញ មានសត្វជ្រូកដែលដឹកតាមរថយន្តធំៗឡើងមកវិញ មានសម្បុរក្រហមប្លែកខុសពីសត្វជ្រូកដែលដឹកចុះទៅ ធ្វើឲ្យគាត់កាន់តែមានការព្រួយបារម្ភ ជាខ្លាំងចំពោះកត្តាសុខភាពរបស់អ្នកបរិភោគ ដែលមិនបានឃើញផ្ទាល់ភ្នែកដូចពួកគាត់។ មានមតិពលរដ្ឋជាច្រើនបាននិយាយថា នេះប្រហែលជាឆ្នាំបាយនៃការរកស៊ីរបស់ឈ្មួញធំៗ ពីររូបដែលគេដឹងថា មានទីតាំងនៅថ្មសមួយ និងនៅក្បែរផ្សារល្វេមួយ ជាមួយនិងថ្នាក់ដឹកនាំក្នុងខេត្តហើយមើលទៅ ព្រោះមើលឃើញថា ជាឱកាសចំណេញលើគោក ខណៈដែលតម្រូវការសាច់សត្វជ្រូកកើនឡើងខ្ពស់ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមខាងមុខនេះ។
លោក ថៃ លី ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តតាកែវ បានឲ្យដឹងតាមរយៈខ្សែទូរស័ព្ទនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះថា ជ្រូកដែលដឹកចុះទៅលក់នៅវៀតណាម ជាជ្រូករបស់ក្រុមហ៊ុនមានច្បាប់អនុញ្ញាតត្រឹមត្រូវ ហើយចំពោះសត្វជ្រូកដែលដឹកឡើងមកវិញនោះ ជាជ្រូកមិនគ្រប់គីឡូ និងមិនត្រូវប៉ាន់របស់វៀតណាមទើមគេមិនទទួលយក។
ក្រោយ លោក ថៃ លី ឆ្លើយថា ជ្រូកមិនត្រូវប៉ាន់ មិនគ្រប់គីឡូ ម៉ូយមិនទទួលទិញដូចនេះ ម្តេចសត្វជ្រូកចុះទៅវៀតណាមនិងឡើងមកកម្ពុជាវិញ មានចំនួនប្រហាក់ប្រហែលគ្នាទៅវិញ (ទៅក៏ប៉ុណ្ណឹង ឡើងមកក៏ប៉ុណ្ណឹង) ពិសេសសត្វជ្រូកដែលឡើមមកមានសម្បុរក្រហម ដែលសង្ស័យថា ជាជ្រូកឈឺគួរឲ្យព្រួយបារម្ភ៕ដោយ៖ តាកែវ