ឯកអគ្គរដ្ឋទូតអាមេរិច ប្រចាំប្រទេសប៉ាណាម៉ា ឈ្មោះ John Feeley បានលាលែងចេញពីតំណែង ដោយលោកបានប្រកាសប្រាប់ក្រសួងការបរទេសអាមេរិចថា លោកមិនមានអារម្មណ៏ថាអាចបំរើប្រធានាធិបតី ត្រាំ បានតទៅទៀតឡើយ។
លោកបានថ្លែងនៅក្នុងលិខិតលាលែងដូច្នេះថា “ក្នុងនាមជាសមាជិកម្នាក់ របស់បេសកម្មកិច្ចការបរទេសរបស់អាមេរិច ខ្ញុំបានចុះហត្ថលេខាលើសម្បត់ ថានឹងបំរើប្រធានាធិបតី និងរដ្ឋបាលដោយស្មោះស្មគ្រ័នៅក្នុងកិច្ចការនយោបាយ បើទោះបីជាខ្ញុំប្រហែលមិនយល់ព្រមជាមួយនឹងគោលនយោបាយពិតប្រាកដ”។
លោកបន្តទៀតថា “គ្រូរបស់ខ្ញុំធ្លាប់បានបញ្ជាក់ច្បាស់ប្រាប់ខ្ញុំថា ប្រសិនជាខ្ញុំជឿជាក់ថា ខ្ញុំមិនអាចធ្វើបែបនោះបាន ខ្ញុំនឹងលាលែង។ ពេលវេលានោះក៏បានមកដល់”។
ជុំវិញការសម្រេចលាលែងនេះដែរ អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថា លោក John Feeley ពិតជាបានចាកចេញ ដោយបានលោកលើងថា លោកបានផ្តល់ដំណឹងទៅដល់សេតវិមានរួចហើយ។
អនុរដ្ឋមន្ត្រីការបរទេស Steve Goldstein បាននិយាយថា ការលាលែងរបស់លោក John Feeley មិនជាប់ទាក់ទងទៅនឹង ការប្រើប្រាស់ពាក្យពេជរបស់លោកត្រាំទេ ដែលលោកត្រាំ បានប្រើពាក្យ កខ្វក់ និងថោកទាប ដើម្បីព៌ណនាពីប្រទេសហៃទី និងប្រទេសអាហ្វ្រិចដទៃទៀត ក្នុងកំឡុងកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ៕ សុភ័ក្ត្រ