ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់គណនី បណ្តាញសង្គមហ្វេសប៊ុកឈ្មោះ SK Skincare Boutique កំពុងផ្សព្វផ្សាយលក់ផលិតផល គ្រឿងសម្អាង គ្មានចុះប្រវេទន៍ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ ឲ្យបានជ្រាបថា៖
យោងតាមការពិនិត្យឃើញ លើបណ្តាញសង្គមហ្វេសប៊ុក(Facebook) រៀងរាល់ថ្ងៃមានគណនី ឈ្មោះSK, Skincare Boutique កំពុងផ្សព្វផ្សាយលក់ផលិតផល គ្រឿងសម្អាងមួយចំនួន ដោយគ្មានចុះប្រវេទន៍គ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ និងគ្មានច្បាប់ ។
ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់ អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតនោះ។ ក្រសួងសុខាភិបាលសូមជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលគ្រឿងសម្អាងទាំងនេះបន្តទៀត។ ក្រសួងសុខាភិបាល តម្រូវឲ្យម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ ត្រូវបញ្ឈប់ការនាំចូល លក់ចែកចាយ និងផ្សព្វផ្សាយគ្រឿងសម្អាងទាំងអស់នេះ ជាបន្ទាន់ និងប្រមូលផលិតផល ខាងលើនេះ មកកម្ទេចចោល ។
ក្រសួងសុខាភិបាលនឹងមាន វិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ SK Skincare Boutique ដែលនាំចូល លក់ ចែកចាយ និងផ្សព្វផ្សាយគ្រឿងសម្អាងខាងលើនេះ ទៅតាម ច្បាប់ស្តីពីការគ្រប់គ្រងឱសថនិងច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថជាធរមាន។
ក្នុងករណីបងប្អូនបានជួបប្រទះឃើញ ជនណាកំពុងលក់ និងចែកចាយនូវផលិតផល គ្រឿងសម្អាងខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែម ពីនាយកដ្ឋានឱសថ ចំណីអាហារបរិក្ខារ ពេទ្យ និងគ្រឿងសម្អាងនៃក្រសួងសុខាភិបាល ៕ដោយ៖កូឡាប