Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពង្រីក​មូលដ្ឋាន​ព្យាបាល​អ្នកញៀន​គ្រឿងញៀន​បន្ថែមទៀត រហូតដល់​ជាង​២​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​២០១៨

​ភ្នំពេញ​៖​ឆ្នាំ​២០១៨ នឹង​ពង្រីក​ទីតាំង​ព្យាបាល​អ្នកញៀន​គ្រឿងញៀន​បន្ថែមទៀត ដើម្បី​ឆ្លើយតប​នឹង​ចំនួន​អ្នកញៀន ដែល​មាន​រហូត​ដល់​ជាង​២​ម៉ឺន​នាក់ ស្របពេល ឆ្នាំ​២០១៧ ក្រសួង​សុខាភិបាល មាន​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ចំនួន​៤១៩​ទីតាំង នៅ​ទូទាំង​ប្រទេស ហើយ​អ្នក​ញៀន​គ្រឿងញៀន មក​ទទួល​សេវា​ព្យាបាល​ជាង​៣​ពាន់​នាក់ ដែល​មាន​កើន​ឡើង​ជាង​ឆ្នាំ​២០១៦ មាន​ចំនួន​១៧៧​ទីតាំង និង​ទទួលបាន​ការព្យាបាល​ជាង​១​ពាន់​តែប៉ុណ្ណោះ​។​

​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន អគ្គនាយក​បច្ចេកទេស នៃ​ក្រសួង​សុខាភិបាល​ ក្នុង​ពិធី​បើក​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្តី​ពី​គោលការណ៍​ប្រតិបត្តិ សម្រាប់​ការព្យាបាល​អ្នកញៀន​គ្រឿងញៀន ដោយ​ផ្អែក​លើ​សហគមន៍ ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០១៨​នេះ នៅ​ភោជនីយដ្ឋាន វ័ន​ម័រ បានបញ្ជាក់​ថា រាជរដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ នឹង​ខិតខំ​ប្រឹងប្រែង​បន្ដទៀត ដើម្បី​កាត់បន្ថយ និង​ជំរុញ​លើក​ទឹកចិត្ដ អ្នកញៀន​គ្រឿងញៀន មក​ទទួល​សេវា​ពិនិត្យ​ព្យាបាល នៅតាម​មណ្ឌល​បន្សាប​គ្រឿងញៀន​ទូទាំង​ប្រទេស​នេះ ខណៈ​ដែល​យើង​កំពុងតែ​បង្កើន​នៅ​មូលដ្ឋាន​សុខាភិបាល សាធារណៈ​ជា​បន្ដបន្ទាប់​នេះ​។​

​លោកស្រី​វេជ្ជបណ្ឌិត សូម​ស្នើ​ដល់​ភាគី​ពាក់ព័ន្ធ គ្រប់​រាជធានី​ខេត្ដ ជួយ​ជំរុញ​គាំទ្រ ដល់​បច្ចេកទេស​ព្យាបាល នៅតាម​មណ្ឌល​បណ្ដោះអាសន្ន ពិសេស​ធ្វើ​ស្លាក​សញ្ញា​បន្ថែម ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ងាយស្រួល​រក​ទីតាំង​ព្យាបាល ដោយ​រហូតមកដល់​ពេលនេះ យើង​ស្លាក​សញ្ញា ៣០៣​កន្លែង​ហើយ ក្នុងចំណោម​មូលដ្ឋាន​ជាង​៤០០​ទីតាំង​នោះ​។ លើសពីនោះ ត្រូវធ្វើ​ជា​សារ​អប់រំ ដល់​ប្រជាពលរដ្ឋ​យើង ទាំង​អ្នក​ញៀន​គ្រឿងញៀន និង​សមាជិក​គ្រួសារ ដើម្បី​ឲ្យ​ពួកគាត់ បញ្ជូន​កូនៗ​របស់គាត់ ដែល​ញៀន​គ្រឿងញៀន មក​ទទួល​សេវា​ព្យាបាល ដោយ​ឥតគិតថ្លៃ និង​មិន​ជាប់​ទោសទណ្ឌ​អ្វី​ទាំងអស់ មានតែ​ការលើក​ទឹកចិត្ដ​។​

​ក្នុង​ឆ្នាំ​២០១៧ ក្រសួង​សុខាភិបាល​បាន​ពង្រាយ​សេវា​ព្យាបាល​អ្នកញៀន​គ្រឿងញៀន​៤១៩​ទីតាំង ក្នុងនោះ​មន្ទីរពេទ្យ​ជាតិ​មាន​២​ទីតាំង មន្ទីរពេទ្យ​ខេត្ត​មាន​២៤​ទីតាំង មន្ទីរពេទ្យបង្អែក​មាន​៧២​ទីតាំង និង​មណ្ឌល​សុខភាព​មាន​៣២១​ទីតាំង ក្នុងនោះ​លើ​ស្លាក​សញ្ញា​សំគាល់​បាន ៣០៣ ទីតាំង (៧២%) ។ អ្នកញៀន​គ្រឿងញៀន ដែល​បាន​ស្ម័គ្រចិត្ត​មក​ទទួល​សេវា​ពិនិត្យ ព្យាបាល​នៅ​តាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​សរុប​មាន​ចំនួន ៣១០១​នាក់ (​ប្រុស​ចំនួន ២៨៧០​នាក់ និង​ស្រី​ចំនួន​២៣១ នាក់​) ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×