ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលស្រុកមង្គលបូរីបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតម៉ូតូ១គ្រឿង ព្រមទាំងទឹកក្រាធុំចំនួន២០ដប ដែលមាន៣ប្រភេទពណ៌ និងក្លិនផ្សេងៗគ្នា ខណៈជនសង្ស័យកំពុងឈប់ម៉ូតូចាក់សាំង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចការ៉ាសាំងមួយកន្លែង ស្ថិតក្នុងភូមិព្រែកជីក ឃុំបត់ត្រង់ ស្រុកមង្គលបូរី។
លោកវរសេនីយ៍ទោ ឌី ទាវ អធិការនគរបាលស្រុកមង្គលបូរី បានឱ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ និងម៉ូតូ១គ្រឿង ដើម្បីធ្វើការឆែកឆេរ។
ជាលទ្ធផល សមត្ថកិច្ចបានរកឃើញទឹកក្រាធុំចំនួន២០ដប ដែលក្នុង១ដបមានចំណុះ១លីត្រកន្លះ និងត្រូវបានដាក់ក្នុងការ៉ុង។
លោកបានបញ្ជាក់ថា ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានកម្លាំងជំនាញនាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។
តាមចម្លើយសារភាព ជនសង្ស័យបានស៊ីឈ្នួលដឹកទឹកក្រាធុំឱ្យគេ ក្នុងតម្លៃ៨.០០០រៀល ដោយដឹកពីក្រុងសិរីសោភ័ណ មកដាក់នៅរថយន្តឈ្នួលក្នុងស្រុកមង្គលបូរី។
ជនសង្ស័យត្រូវបានឃាត់ខ្លួនទុករយៈពេលមួយយប់ ដើម្បីសាកសួរ។
ក្រោយពីសាកសួររួច សមត្ថកិច្ចបានធ្វើកិច្ចសន្យា និងអប់រំ ដោយសារមិនទាន់មានច្បាប់អនុវត្តទោសលើករណីនេះ ហើយបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។
លោកវរសេនីយ៍ទោ ឌី ទាវ បានបញ្ជាក់បន្ថែមថា ទឹកក្រាធុំចំនួន២០ដប ដែលមានចំណុះ១ដប១លីត្រកន្លះ រួមមាន ៨ដបពណ៌ និងក្លិនតែបៃតង ៨ដបពណ៌ និងក្លិនកាហ្វេ និង៤ដបពណ៌ និងក្លិនតែក្រូចឆ្មា ត្រូវបានកម្លាំងជំនាញយកទៅចាក់ចោល។
ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងបញ្ឈប់ការប្រើប្រាស់ទឹកក្រាធុំ ព្រោះអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN





