ខេត្តសៀមរាប៖ ជនសង្ស័
យ ប្រុស-ស្រី ចំនួន២នាក់ រួមមាន បុរសឥណ្ឌា ម្នាក់ និង ស្ត្រីខ្មែរម្នាក់
ត្រូវបាននគរបាលខេត្តសៀមរាប ចាប់ខ្លួន និង កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងការទទួលប្រាក់កក់ពីអតិថិជន ដែលបានកក់បន្ទប់ស្នាក់នៅសណ្ឋាគារ ប៉ុន្តែពេលដល់ថ្ងៃស្នាក់នៅ បែរជាគ្មានបន្ទប់សម្រាប់ផ្តល់ជូនភ្ញៀវ និងមិនបានសងប្រាក់កក់វិញ។
សមត្ថកិច្ចនគរបាលឱ្យដឹងថា: តាមការសាកសួររបស់នគរបាល ជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថា: ពួកគេពិតជាបានទទួលប្រាក់កក់ពីអតិថិជន ដែលបានកក់បន្ទប់ស្នាក់នៅសណ្ឋាគារ Asthra Green Aura ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប សម្រាប់ការស្នាក់នៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
ការកក់បន្ទប់នេះមានចំនួន២៤ក្រុម ស្មើនឹង៣១បន្ទប់ និងមានទឹកប្រាក់សរុប១,១១១.៥០ដុល្លារអាមេរិក។
បន្ទាប់ពីទទួលបានប្រាក់កក់ ជនសង្ស័យទាំង២នាក់បានយកប្រាក់ទាំងនោះទៅចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួនអស់ ដោយមិនបានផ្តល់បន្ទប់ស្នាក់នៅជូនអតិថិជនឡើយ។
សមត្ថកិច្ចបានបញ្ជាក់ថា: ជនសង្ស័យទាំង២ នាក៩ មានឈ្មោះ VENUGOPAL ROSHAN ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិឥណ្ឌា កាន់លិខិតឆ្លងដែនលេខ U6376166 មានទីលំនៅបច្ចុប្បន្ននៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ និង ម្នាក់ទៀត មានឈ្មោះ ឃឹម ណែត ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
សូមជម្រាបថា ក្រោយទទួលបានព័ត៌មានតាមបណ្តាញសង្គម និងគ្រុបតេឡេក្រាម ពាក់ព័ន្ធនឹងករណីភ្ញៀវបង់ប្រាក់កក់បន្ទប់សណ្ឋាគារ ប៉ុន្តែគ្មានបន្ទប់ស្នាក់នៅ និងមិនទទួលបានការសងប្រាក់វិញ លោក ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានណែនាំឱ្យចាត់វិធានការស្រាវជ្រាវ និងដោះស្រាយបញ្ហានេះ ដើម្បីការពារកិត្តិយស និងភាពជឿជាក់លើខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់។
តាមការណែនាំនេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានចាត់កម្លាំងជំនាញចុះស្រាវជ្រាវ និងកំណត់អត្តសញ្ញាណជនសង្ស័យទាំង២នាក់ រួចនាំមកសាកសួរនៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
ករណីនេះ បានកើតឡើងបន្ទាប់ពីសណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនក្នុងតំបន់ប្រតិបត្តិការបានបិទ ដោយមិនបានជូនដំណឹងដល់ភ្ញៀវជាមុន និងមិនបានសងប្រាក់កក់ជូនអតិថិជន។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN







