ភ្នំពេញ៖ យុទ្ធនាការរបស់រដ្ឋបាលរាជធានីភ្នំពេញលើការងារស្តារលូ លាងលូ ដើម្បីត្រៀមរំដោះទឹកភ្លៀងនៅរដូវវស្សាខាងមុខ ក្នុងមួយសប្តាហ៍នេះ ក្រុមការងារអនុវត្តសម្រេចបានជាង៣០០០ម៉ែត្រហើយ ។លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងនៅព្រឹកថ្ងៃទី១២មករានេះថា យុទ្ធនាការរបស់រដ្ឋបាលរាជធានីភ្នំពេញលើការងារស្តារលូ លាងលូ ក្នុងមួយសប្តាហ៍នេះសម្រេចបាន៣៣៩៥ម៉ែត្រហើយ ក្នុងនោះរួមមាន ៖ ការងាបូមស្តា លាងលូផ្លូវលេខ៣១៥ចាប់ពីផ្លូវ៥១៦ដល់ផ្លូវលេខ៥២៨ ចាប់ពីថ្ងទី០៤ មករា ដល់ថ្ងៃ១១ មករា២០១៨ លាងលូទំហំ០,៦០ម៉ែត្រ មានប្រវែង៦៧០ម៉ែត្រ។ការងារបូមលាងលូផ្លូវលេខ១១០ចាប់ពីផ្លូវR8ដល់ផ្លូវ២៨៩ចាប់ពីថ្ងៃទី០៤ មករា ២០១៨ លាងលូទំហំ០,៦០ម៉ែត្រ បានប្រវែង៥៦១ម៉ែត្រ លាងលូទំហំ១០០ម៉ែត្របានប្រវែង៦៥២ម៉ែត្រ ការងារបូមលាងលូផ្លូវលេខ១២៨ ចាប់ពីផ្លូវ២៦៥ដល់ផ្លូូវ២៥៣ ចាប់ពីថ្ងៃ ៤មករា ២០១៨ លាងលូទំហំ ០,៦០ម៉ែត្រ បានប្រវែង ៧៥៦ម៉ែត្រ។ លាងលូទំហំ១០០ម៉ែត្រ បានប្រវែង ៧៥៦ម៉ែត្រ ស្ដារលូនិងអូសកៅឡាក់ផ្លូវលេខ៦៨ចាប់ពីផ្លូវលេខ៩៣ដល់ផ្លូវជាតិលេខ៥ ។ ដោយឡែក នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧យុទ្ធនាការស្តារលូរងសំរាប់ខណ្ឌទួលគោក នៅចំនុចផ្លូវលេខ ២៥៣ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ពាក់ព័ន្ធនឹងយុទ្ធនាការស្តាលូខាងលើនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់កន្លងមកថា រដ្ឋបាលសាលារាជធានីភ្នំពេញ បានប្រគល់ភារៈកិច្ចជូនទៅរដ្ឋបាលខណ្ឌទាំង៤កណ្តាលក្រុងដោយអនុវត្តតាមវិមជ្ជកាថ្នាក់ក្រោមជាតិ គឺប្រគល់សិទ្ធិ និងប្រគល់ថវិកា អោយទៅខណ្ឌ ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញ ក៏មិនប្រលែងដៃចោលដែរ គឺនៅតែតាមដាននិងផ្តល់បច្ចេកទេស ឬថវិកាបន្ថែមប្រសិនបើមានការខ្វះខាត។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការនឹងដឹងជញ្ជូន រាជធានីភ្នំពេញធ្លាប់បានបញ្ជាក់ អោយដឹងហើយថា លូដែលត្រូវអនុវត្តនៃការស្តារនេះមានប្រវែងជាង៤៦០គីឡូម៉ែត្រ ស្មើនឹង៦៤ខ្សែ គឺខណ្ឌដូនពេញមានប្រវែង២៤,៣៩០ម៉ែត្រ, ខណ្ឌចំការមនមានប្រវែង២៨,០៦៨ម៉ែត្រ, ខណ្ឌទួលគោកមានប្រវែង២៨,៨១៩ម៉ែត្រ និងខណ្ឌ៧មករា មានប្រវែង២០,៨១៤ ម៉ែត្រ។ ចំពោះការស្តាលូទាំង៦៤ខ្សែនេះ គឺប្រើប្រាស់មធ្យោបាយស្តាលូ គឺមានរថយន្តសំរាប់បូមទឹកចំនួន៤គ្រឿ រថយន្តបាញ់ទឹកបំបែកដីភក់ចំនួន៤គ្រឿង រថយន្តដឹកដីចំនួន៤គ្រឿង និងកម្មករចំនួន៥០នាក់។ ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ខាងមុខ ដោយប្រើរយៈពេល៧ខែអោយរួចរាល់ទូទាំង៤ខណ្ឌ៕ ដោយ៖កូឡាប