ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ កាលពីរសៀលថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០១៨ បានដឹកនាំបើកកិច្ចប្រជុំជាបន្ទាន់មួយ ជូនដល់កងកម្លាំងជំនាញនគរបាលក្រោមឱវាទ ដើម្បីពង្រឹងការងាររក្សាសុវត្ថិភាព សន្តិសុខ អន្តោប្រវេសន៍ និងព្រហ្មទណ្ឌ ជូនប្រជាពលរដ្ឋមូលដ្ឋាននេះអោយបានប្រសើរថែមទៀត។
កិច្ចប្រជុំនោះ លោក ជួន ណារិន្ទ បានផ្តោតទៅលេីការងារគ្រប់គ្រងជនបរទេស ពិសេសជនជាតិចិន ការងារបង្ការទប់ស្កាត់ប្រឆាំងអំពេីភេរវកម្ម និងប្រឆាំងបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ដើម្បីការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ឲ្យមាននិរន្តរភាពអោយបានល្អថែមទៀតនាថ្ងៃអនាគត។
ទន្ទឹមគ្នានោះ លោកស្នងការ ក៏បានដាក់បទបញ្ជាដល់មន្ត្រីនគរបាល ទទួលបន្ទុកអន្តោប្រវេសន៍ និង សន្តិសុខ អោយសហការគ្នា ជាមួយអធិការក្រុង-ស្រុក ចុះធ្វេីបច្ចុប្បន្នភាព ជនបរទេស ដែលកំពុងធ្វេីការងារ ស្នាក់នៅ តាមបណ្តាគ្រឹះស្ថាន ក្រុមហ៊ុននានា ក្នុងខេត្តព្រះសីហនុ ឲ្យដឹងចំនួនមនុស្សពិតប្រាកដ។ ក្នុងនោះក៏ត្រូវប្រមូលរកឯកសារច្បាប់ពាក់ព័ន្ធ សៀវភៅការងារ និង មុខរបរ ឲ្យច្បាស់លាស់ កុំឲ្យមានការឆកល្វែង និងត្រូវស្មោះត្រង់ ចំពោះរាល់សកម្មការងាររបស់ខ្លួន។
លោក ជួន ណារិន្ទ បានសង្កត់ធ្ងន់ចំពោះជនបរទេសទាំងណា ដែលលួចលាក់រស់នៅឬស្នាក់នៅខុសច្បាប់ ដោយមិនត្រូវលេីកលែងឲ្យរួចខ្លួនដាច់ខាត ពោលគឺត្រូវអនុវត្តន៍ច្បាប់អន្តោប្រវេសន៍អោយស្របតាមច្បាប់។
នាឱកាសនោះ លោកស្នងការ ក៏បានផ្តាំផ្ញើរដល់កម្លាំងនគរបាលក្រោមឱវាទថា ពេលដែលចុះធ្វេីបច្ចុប្បន្នភាព មន្ត្រីជំនាញត្រូវតែឆ្លៀតបញ្ជ្រាបពន្យល់ផ្លូវច្បាប់អន្តោប្រវេសន៍ដល់ជនបរទេសទាំងនោះឲ្យបានដឹង និងយល់អំពីច្បាប់នៅកម្ពុជា៖
១.អ្នកអត់ប័ណ្ណការងារត្រូវប្រឈមនិងពិន័យ ។ ២.អ្នកផឹកស៊ីស្រវឹងបង្ករឿង ធ្វើឲបាត់បង់សណ្ដាប់ធ្នាប់ឬបង្ករឲមានរបួសស្នាម ត្រូវប្រឈមមុខច្បាប់។
៣.បើកបរ អត់ច្បាប់ ល្មើសច្បាប់ ត្រូវ ពិន័យ ឬ ប្រឈមមុខនិងច្បាប់។
ចំណែកមន្ត្រីនគរបាលព្រហ្មទណ្ឌវិញ លោក ជួន ណារិន្ទ ក៏បានរំលឹកថា កងកម្លាំងទាំងអស់ ត្រូវពង្រឹងសមត្ថភាពច្បាប់ និងមុខជំនាញ ព្រមទាំងធ្វេីការហ្វឹកហាត់ក្បាច់គុនយូដូ ដេីម្បីសុខភាពល្អ កាយសម្បទាមាំមួន ការពារខ្លួន ពេលចាប់ជនល្មើសប្រកបដោយគ្រោះថ្នាក់ផងដែរ។
បន្ថែមលើនេះ លោក ជួន ណារិន្ទ បានរំលឹកដល់កងកម្លាំងនគរបាលជាតិ ត្រូវចងចាំថា ពេលធ្វេីអ្វីមួយ ឬបំពេញតួនាទី របស់ខ្លួន គឺដើម្បីបំរើប្រជាពលរដ្ឋ បំរើសង្គមជាតិ និងត្រូវមានស្មារតីសាមគ្គីភាពផ្ទៃក្នុង ដោយត្រូវស្រឡាញ់រាប់អានគ្នា អោយដូចជាគ្រួសារតែមួយ៕ ដែន សីមា