ខេត្តកំពង់ចាម ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មាន បំភ្លឺករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកងមាស បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ រហូតមានការឃាត់ខ្លួនគ្រូបង្រៀនម្នាក់ឈ្មោះ អ៊ូ ជាលី បញ្ជូនទៅតុលាការ ។
ករណីខាងលើនេះ លោកផែង វណ្ណៈ បានសរសេរសារលើហ្វេសប៊ុកថា ព្រះរាជអាជ្ញាខេត្តកំពង់ចាម បំភ្លឺហើយ និងបានស្នើសុំផ្អាកការផ្សាយសិន ប្រយ័ត្នមានទោសព្រហ្មទណ្ឌ ។ តែការបំភ្លឺនេះ មិនបានលើកយកចម្ងល់របស់ មហាជនដែលឆ្ងល់ចំពោះ ព្រះរាជអាជ្ញា បដិសេធរបាយការណ៍កោសល្យវិច័យ ពិនិត្យស្លាកស្នាមរថយន្ដ របស់ក្រសួងមហាផ្ទៃ ។ តើមានហេតុផលអ្វីដែលបដិសេធ របាយការណ៍ កោសល្យវិច័យ ពិនិត្យស្លាកស្នាមរថយន្ដ របស់នគរបាលក្រសួងមហាផ្ទៃ ? នេះជាចម្ងល់ធំបំផុត ។
លោកថា សូមអានរបាយការណ៍កោសល្យវិច័យ ពិនិត្យស្លាកស្នាមរថយន្ដរបស់នគរបាល បច្ចេកទេសវិទ្យាសាស្រ្ត ក្រសួងមហាផ្ទៃ និង របាយការណ៍ស៊ើបអង្កេតរបស់នគរបាលចរាចរណ៍ ក្រសួងមហាផ្ទៃ ៖ តើខុសគ្នានឹងការបំភ្លឺរបស់ អយ្យការអមសាលាដំបូងខេត្តកំពង់ចាមដូចម្ដេច ?
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ព្រះរាជអាជ្ញាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០នេះ ថា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានពន្យល់អំពីទិដ្ឋភាពផ្លូវច្បាប់ ក៏ដូចជាចំណាត់ការនីតិវិធីអយ្យការ និងចៅក្រុមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ចាម ។
ជាមួយគ្នានេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ក៏បានសម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំងបំផុត ចំពោះការផ្សព្វផ្សាយរបស់គេហទំព័រព័ត៌មានមួយចំនួន និងអ្នកវិភាគវែកញែក អ្នកបកស្រាយ តាមគេហទំព័រហ្វេសបុកមួយចំនួន ដែលធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត និងមិនបានប្រមូលគ្រប់ជ្រុងជ្រោយពីគ្រប់ភាគី (ភាគីជនត្រូវចោទ ភាគីជនរងគ្រោះ និងតុលាការ) ដែលពាក់ព័ន្ធក្នុងសំណុំរឿង។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចាត់ទុកថា អំពើនៃការបន្ដបកស្រាយនូវអង្គហេតុ ប្រៀបធៀបអង្គហេតុទៅលើបញ្ហាផ្សេងទៀត ដែលមិនពាក់ព័ន្ធក្នុងសំណុំរឿងការប្រគល់ ឬបង្ហាញនូវឯកសារសម្ងាត់ក្នុងសំណុំរឿងសម្រាប់ការផ្សព្វផ្សាយ ការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ ក្នុងចេតនាបង្កឲ្យមានការប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ចៅក្រម អង្គចៅក្រម និងស្ថាប័នតុលាការ អាចប្រឈមនឹងការចោទប្រកាន់ តាមបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមាន ។
លោកផែង វណ្ណៈ បានបញ្ជាក់ថា ករណី វ៉ៃខ្នោះគ្រូបង្រៀននៅខេត្តកំពង់ចាម លោក អភិបាលខេត្ត ហៅ លោក ហួត វុទ្ធី ទៅសាកសួរ ?
មេធាវី លោកគ្រូ អ៊ូ ជាលី ប្ដឹងទៅក្រសួងយុត្តិធម៌ ស្នើសុំឲ្យធ្វើ អធិការកិច្ចលើសំណុំរឿងករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ចាម។
ប្រភពពីមន្ត្រីសាលាខេត្តកំពង់ចាម បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២០ លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានហៅលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ទៅជួប ។ ប៉ុន្តែ ព័ត៌មានលម្អិតអំពីជំនួបនោះមិនត្រូវបានបញ្ចេញឲ្យដឹងនោះទេ ។
មន្ត្រីសាលាខេត្តកំពង់ចាមមួយរូប បានឲ្យដឹងថា លោក អភិបាល ខេត្តបានតាមដានរឿងនេះ និង បានឲ្យនគរបាល និង តុលាការ ធ្វើការឲ្យបានត្រឹមត្រូវតាមច្បាប់ ដើម្បីរកយុត្តិធម៌ឲ្យទាំងអស់គ្នា ។
លោកគ្រូ អ៊ូ ជាលី បានឲ្យដឹងថា លោកបានឲ្យមេធាវីដាក់ពាក្យបណ្ដឹងប្ដឹងទៅ លោក រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ហើយ ដើម្បីស្នើសុំឲ្យមានការធ្វើអធិការកិច្ចលើសំណុំរឿងមិនប្រក្រតីករណី គ្រោះថ្នាក់ចរាចរណ៍ នៅភូមិ អង្គរបាន ៩ ឃុំ អង្គរបាន ស្រុក កងមាស ខេត្ត កំពង់ចាម កាលពីថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩ ។
លោកគ្រូ បានដាក់ពាក្យបណ្ដឹងប្ដឹងនាយនគរបាលជាន់ខ្ពស់ខេត្តកំពង់ចាម ៤ នាក់ ទៅ អគ្គស្នងការនគរបាលជាតិ ។
បន្ទាប់មកទៀត លោកគ្រូ កំពុងរៀបចំឯកសារប្ដឹង លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ទៅរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ និង ទៅ ឧត្ដមក្រុមប្រឹក្សានៃ អង្គចៅក្រម និងចុងក្រោយ ប្ដឹងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែម្ដង ។
លោក អ៊ូ ជាលី ជាគ្រូបង្រៀននៅវិទ្យាល័យឥន្ទ្រទេវី បានឲ្យដឹងថា លោករងនូវអំពើអយុត្តិធម៌បំផុតដោយហេតុថា លោកមិនបានបង្កគ្រោះថ្នាក់ចរាចរណ៍នៅ ភូមិ អង្គរបាន ៩ ឃុំ អង្គរបាន ស្រុកកងមាស ខេត្ត កំពង់ចាម សោះ បែរជានគរបាល ស្រុកកងមាស ចាប់វ៉ៃខ្នោះរូបលោក បញ្ជូនលោកទៅតុលាការ ដកហូតរថយន្តរបស់លោក និង ទាមទារឲ្យលោកដាក់ប្រាក់តម្កល់ ១០០០០ ដុល្លារ ទើបអនុញ្ញាតឲ្យលោកបាននៅក្រៅឃុំ ។
នគរបាលបច្ចេកទេស វិទ្យាសាស្រ្ត និង នគរបាល ចរាចរ ក្រសួងមហាផ្ទៃ បានស្រាវជ្រាវរកឃើញថា រថយន្តរបស់ លោក អ៊ូ ជាលី មិនបានបង្កគ្រោះថ្នាក់ចរាចរណ៍ទេ និង បានធ្វើរបាយការណ៍បញ្ជាក់ច្បាស់លាស់ថែមទៀតផង ។ ប៉ុន្តែ នៅតែ ចៅក្រម និង ព្រះរាជអាជ្ញាខេត្តកំពង់ចាម មិនដោះលែងរថយន្ដ និង ប្រាក់តម្កល់ របស់លោក អ៊ូ ជាលី ។
លោកថា តើតុលាការខេត្តកំពង់ចាម សំអាងលើអ្វី ដែលនៅតែបន្តចោទប្រកាន់ លោក អ៊ូ ជាលី និង ឃាត់ឡាន និង រក្សាទុកប្រាក់តម្កល់ បើនគរបាលបច្ចេកទេស វិទ្យាសាស្រ្ត និង នគរបាលចរាចរ ក្រសួងមហាផ្ទៃ រកឃើញថា រថយន្តរបស់លោក អ៊ូ ជាលី និង លោក អ៊ូ ជាលី មិនពាក់ព័ន្ធករណី គ្រោះថ្នាក់ចរាចរណ៍នៅភូមិអង្គរបាន ៩ ឃុំ អង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ផង ?៕ ដោយ៖កូឡាប
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីប្រកាសព័ត៌មាន របស់អយ្យការអមសាលាដំបូងខេត្តកំពង់ចាម និងរបាយការណ៍របស់នគរបាលបច្ចេកទេស វិទ្យាសាស្រ្ត និង នគរបាលចរាចរ ក្រសួងមហាផ្ទៃ ដែលមានទាំងស្រុងនៅខាងក្រោមនេះ ៖