កណ្ដាល៖ លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ បានឲ្យដឹងថា មានករណី ហិង្សាដោយចេតនា ក្នុងករណីទំនាស់ពាក់សម្តីពេលផឹកស៊ី ចូលឆ្នាំចិន បណ្ដាលឲ្យភាគីបុរសម្នាក់ រងរបួសជាទម្ងន់ដេរ៣០ថ្នេរ ហើយភាគីបុរសដៃដល់រត់គេចខ្លួនបាត់។
លោកអធិការស្រុកកៀនស្វាយ បានឲ្យដឹងទៀតថា ករណីនេះកើតឡើងកាលពីម៉ោងជាង៩យប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០នេះ នៅចំណុចភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ លោកអធិការ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផាត សុជាតិ ភេទប្រុស អាយុ៣២ ឆ្នាំ មានទីលំនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកម្មករ រងរបួសត្រង់ខ្នងចំហៀងខាងឆ្វេង១កន្លែង ដេរចំនួន៣០ថ្នេរ ត្រង់កែងដៃខាងឆ្វេងចំនួន២កន្លែង។
ចំណែកជនសង្ស័យ ឈ្មោះ សេង រ៉ានី ហៅគ្នី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ គេចខ្លួន។
លោកព្រុំ សំណាង បាននិយាយរៀបរាប់ថា នៅថ្ងៃខែឆ្នាំកើតហេតុខាងលើនោះ ជនសង្ស័យកំពង់អង្គុយផឹកស្រា ជាមួយឈ្មោះដា វុទ្ធី ភេទប្រុស អាយុ២២ឆ្នាំ ជាបងប្អូនបង្កើតរួមនិងមិត្តភក្តិប្រុសស្រីជាច្រើននាក់ទៀត នៅលើគ្រែខាងមុខផ្ទះរបស់ខ្លួន ។ ហើយពេលកំពុងផឹកស្រានោះ ជនសង្ស័យបានឈ្លោះប្រកែកគ្នាដោយពាក្យសម្តី ខ្លាំងៗ ហើយក៏បានប្រតាយប្រតបគ្នាទៅវិញទៅមក ជាមួយឈ្មោះ ដា វទ្ធី (ជាបងប្អូន) ភ្លាមនោះជនរងគ្រោះដែលត្រូវជាបងជីដូនមួយសាច់ថ្លៃជាមួយជនសង្ស័យ មានផ្ទះនៅជិតខាងគ្នា បានទៅជួយឃាត់ ស្រាប់តែជនសង្ស័យបានយកកាំបិតដងវែងមួយ កាប់សំពងទៅលើជនរងគ្រោះ ដោយគ្មានញញើតដៃ ត្រូវចំនួន៣កាំបិត ចំត្រង់ខ្នងនឹងកែងដៃខាងឆ្វេង បណ្តាលឲ្យរងរបួសជាទម្ងន់ ហើយក្រោយពីកាប់រួចជនសង្ស័យបានរត់គេចខ្លួនបាត់ ដោយកាន់ទាំងកាំបិតទៅជាមួយ។
ចំពោះជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅ ព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។
ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ បានចុះដល់ចំណុចកើតហេតុ ដើម្បីពិនិត្យកន្លែងកើតហេតុ និងបន្តនីតិវិធីស្រាវជ្រាវចាប់ជនដៃដល់៕ដោយ៖បញ្ញាស័ក្តិ