Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​រស់នៅ​តាម​ប្រឡាយ​ស្ទឹងមានជ័យ​ជាង​៥០០​គ្រួសារ​នឹង​ទទួលបាន​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់

​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​រស់នៅ​តាម​ប្រឡាយ​ស្ទឹងមានជ័យ​ជាង​៥០០​គ្រួសារ​នឹង​ទទួលបាន​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់ នៅពេលដែល​ការស្ថាបនា​ប្រឡាយ​និង​ផ្លូវ​អម​សងខាង​ប្រឡាយ​នេះ ស្ថា​នា​បាន​រួចរាល់​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ត​បណ្តាញ​ទឹកស្អាត ភ្លើង​អគ្គីសនី​ចូល​ផ្ទះ​ប្រជាពលរដ្ឋ រួម​នឹង​ការដាក់​ប​ង្កោ​ល​ភ្លើង​សាធារណៈ​នៅលើ​ផ្លូវ​នេះ​ថែមទៀត ដើម្បីអោយ​តំបន់​នេះ​ក្លាយជា​ទីក្រុង​ស្ទឹងមានជ័យ ។​


​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បានបង្ហាញ​ពី​គម្រោង​នេះ​កាលពី​ថ្ងៃទី​៦ តុលា ក្នុង​វេទិកាសាធារណៈ​ស្តីពី​គម្រោង​ស្តារ​និង​អភិវឌ្ឍន៍​ប្រឡាយ​ស្ទឹងមានជ័យ ដែលមាន​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​ជាង​៥០០​គ្រួសារ នៅក្នុង​ទី​អារាម​វត្ត​ស្ទឹងមានជ័យ​។​
​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានអោយដឹងថា ប្រឡាយ​ស្ទឹងមានជ័យ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​នឹងធ្វើ​ការអភិវឌ្ឍ​នេះ​មាន​ប្រវែង​១៣៥០​ម៉ែត្រ ដោយ​ឆ្លងកាត់​ខណ្ឌ​ចំនួន​២ នោះ​គឺ​ខណ្ឌមានជ័យ​និង​ខណ្ឌ​សែន សុខ ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​និង​រង​ផលប៉ះពាល់​ប្រឡាយ​នេះ​ចំនួន​៥៦២​គ្រួសារ ហើយ​ប្រជាពលរដ្ឋ​ទាំងអស់នេះ​នឹង​ទទួលបាន​ដី​ទំហំ​៤​គុណ​និង​៦​ម៉ែត្រ​ជា​កម្មសិទ្ធិ​ស្របច្បាប់​នៅ​ហ្នឹង​កន្លែង​តែម្តង​។​
​ប្រឡាយ​ស្ទឹងមានជ័យ​នឹងត្រូវ​សាងសង់ឡើង ដោយ​បុក​ស៊ី​ផាយ​ដូច​នៅ​ប្រឡាយ​បាក់​ទូក​ដែរ ដោយ​ត្រូវធ្វើ​ផ្លូវ​៦​ម៉ែត្រ​ជា​ប្រភេទ​ផ្លូវ​បេតុង រៀបចំ​ត​បណ្តាញទឹក ភ្លើង​អគ្គីសនី​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ដាក់​ប​ង្កោ​ល​ភ្លើង​សាធារណៈ​នៅលើ​ផ្លូវ​នេះ​ថែមទៀត ។ ប្រឡាយ​ស្ទឹងមានជ័យ​នេះ​បាន​ដើរតួ​យ៉ាងសំខាន់ ក្នុង​ការនាំ​ទឹក​ទំលាក់​ចូលទៅ​បឹងទំពុន​។​
​ជា​គម្រោង​តួ​ប្រឡាយ​ស្ទឹងមានជ័យ​មាន​ទំហំ​៨​ម៉ែត្រ ចិ​ញ្វើ​ម​២ ម៉ែត្រ សាងសង់​ផ្លូវ​បេតុង​ទទឹង​៦​ម៉ែត្រ ផ្លូវ​មុខផ្ទះ​៥​ម៉ែត្រ ដី​នៅសល់​មុខផ្ទះ​១​ម៉ែត្រ​កន្លះ​និង​ក្រោយ​ផ្ទះ​កន្លះ​ម៉ែត្រ ។​
​មន្ត្រី​ដដែល​បាន​បន្តថា បើ​សំណង់​នៅតែ​មិន​រៀបរយ​បែបនេះ វា​នឹង​បង្កអោយមាន​ហានិភ័យ​ច្រើនណាស់ ដូច​ជាមាន​អគ្គីភ័យ​យើង​ជួយ​មិនបាន ដោយ​ឡានទឹក​ចូល​មិន​រួច និង​ប៉ះពាល់​អនាម័យ​បរិស្ថាន​ធ្ងន់ធ្ងរ ដូច្នេះហើយ​ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដាច់ខាត​ត្រូវតែ​ធ្វើការ​អភិវឌ្ឍន៍ និង​ទទួលបាន​ផលប្រយោជន៍​ឈ្នះ​ទាំងអស់គ្នា​។​
​លោក​មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ​ក្នុងឱកាស​នោះបាន​មានប្រសាសន៍ថា ការបើក​អោយមាន​វេទិកាសាធារណៈ​នេះ​ឡើង មាន​គោលបំណង់​ចង់អោយ​ប្រជាពលរដ្ឋ​ដែល​ទទួលរង​ផលប៉ះពាល់​នៃ​គម្រោង​ខាងលើនេះ​បាន​បញ្ចេញមតិ យោបល់​និង​ការ​កង្វល់​របស់​ពួកគាត់ ដើម្បីអោយ​អាជ្ញាធរ​បាន​ជួយ​ដោះស្រាយ​និង​សម្រួល​ជូន​ពួកគាត់ មុននឹង​ការដ្ឋាន​នេះ​ចាប់ផ្តើម​ដំណើរការឡើង ។​លោក​បាន​បញ្ជាក់ទៀតថា ជា​គម្រោង​ការបើក​ការដ្ឋាន​នឹងត្រូវ​ធ្វើ​ឡើងជា​តំណាក់​ការៗ ហើយ​ផ្ទះ​ប្រជាពលរដ្ឋ​ក៏ត្រូវ​រុះរើ​មក​ស្នាក់នៅ​ជា​បណ្តោះអាសន្ន​នៅតាម​តង់​ជា​តំណាក់​ការ​ផងដែរ ពោល​គឺអាច​ប្រមាណ​១០០​គ្រួសារ​ម្តង ។​ចំពោះ​ពេលវេលា​ប្រជាពលរដ្ឋ​អាច​ស្នាក់នៅ​ជា​បណ្តោះអាសន្ន​នៅតាម​តង់​នេះ​ប្រមាណ​២​ទៅ​៣​ខែ​ប៉ុណ្ណោះ​។ ទោះបីជា​យ៉ាងណាក្តី​ពាក់ព័ន្ធ​និង​បញ្ហា​នេះ លោក​មាន ចាន់​យ៉ា​ដា​បាន​សំណូម​អោយ​ប្រជាពលរដ្ឋ​ទាំ​អស់​ចូលរួម​ជាមួយ​អាជ្ញាធរ​ទាំងអស់គ្នា​ដើម្បី​ជម្រុញ​ការដ្ឋាន​នេះ​អោយបាន​លឿន​និង​ឆាប់​បានទទួល​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​។​
​គួរបញ្ជាក់​ផងដែរ​ថា ក្នុង​វេទិកាសាធារណៈ​ស្តីពី​គម្រោង​ស្តារ​និង​អភិវឌ្ឍន៍​ប្រឡាយ​ស្ទឹងមានជ័យ​នេះ ប្រជាពលរដ្ឋ​ដែល​ទទួលរង​ផលប៉ះពាល់​បាន គាំទ្រ​យ៉ាង​ពេញទំហឹង និង​ជម្រុញ​អោយ​អាជ្ញាធរ​អនុវត្ត​ការងារ​នេះ​អោយបាន​ឆាប់ បើទោះបី​ពួកគាត់​ប្រឈម​និង​ការលំបាក​មួយចំនួន​នៅពេល​រុះរើ​ផ្ទះ​របស់​ពួកគាត់​ក៏ដោយ​៕​ ​ដោយ​៖​កូ​ឡាប​

×