Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការកាប់​ឈើ និង​ការដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់ ជា​លក្ខណៈ​ទ្រុងទ្រាយ​ធំ​មាន​ភាពស្ងប់ស្ងាត់ ប៉ុន្តែ​នៅមាន​ការ​លូច​បន្លំ​ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ​ដោយ​ខុសច្បាប់ តាម​រូបភាព​តូចៗ​បន្ត​កើតមាន​

spot_img

​ភ្នំពេញ​៖គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ឲ្យ​ដឹងថា តាមរយៈ​ការស្រាវជ្រាវ និង​ស៊ើបអង្កេត​របស់​ជំនាញ បាន​បញ្ជាក់ថា ការកាប់​ឈើ និង​ការដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់ ជា​លក្ខណៈ​ទ្រុងទ្រាយ​ធំ​មាន​ភាពស្ងប់ស្ងាត់ ប៉ុន្តែ​នៅមាន​ការ​លូច​បន្លំ​ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ​ដោយ​ខុសច្បាប់ តាម​រូប​ភាពជា​រថយន្ត​សាំ​ម​យ៉ុង រថយន្ត​កែច្នៃ​ធុន​តូច គោយន្ត ម៉ូតូ រទេះគោ រទេះក្របី រ​ម៉ក ។​

​អ្នកនាំពាក្យ គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ដូចខាងក្រោម​៖

​ឆ្នាំ​២០១៩​កន្លងទៅនេះ គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បានដាក់​ចេញ​នូវ​ផែនការ យុទ្ធសាស្ត្រ និង​បើក​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជា​លទ្ធផល ឃាត់ខ្លួន​និង​បញ្ជូន​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ចំនួន​៥៩​នាក់​, ចាប់យក​ឈើ​ចម្រុះ​ចំនួន​៩.២១៥,៨៧៦​ម៉ែត្រត្រីគុណ និង​ចាប់យក​មធ្យោបាយ​សរុប​ចំនួន​៤៩១​គ្រឿង ព្រមជាមួយ​គ្នា​នោះ​យើង​បាន​អនុវត្ត​វិធានការ​បំផ្ទុះ ដុត កាត់​បំផ្លាញចោល​នូវ​រថយន្ត​បា​កុង និង​មធ្យោបាយ​កែច្នៃ​សរុប​ចំនួន​២១២​គ្រឿង​។ ឈើ​ដែល​ចាប់បាន​ខាងលើ គណៈកម្មការ​ជាតិ កំពុង​ថែរក្សា​មិនឱ្យ​បាត់ ឬ​ឆេះ​ដោយ​ប្រការ​ណាមួយ​ឡើយ ហើយ​ឈើ​នេះ​ត្រូវបាន​ដាក់ឱ្យ​ដេញថ្លៃ ឬ​ពិគ្រោះ​ថ្លៃ ដើម្បី​ប្រមូល​ថវិកា​ជូន​ជាតិ​។​

​គណៈកម្មការ​ជាតិ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច នៅតែ​បន្តធ្វើ​ការផ្សព្វផ្សាយ អប់​រំជា​សាធារណៈ ដើម្បីឱ្យ​បុគ្គល​គ្រប់រូប​ជ្រួតជ្រាប យល់ដឹង​អំពី​ច្បាប់​ពាក់ព័ន្ធ​នឹង​ព្រៃឈើ ក្នុងន័យ​ឱ្យ​ចៀស​ឆ្ងាយ​ពី​ការប្រព្រឹត្ត​ខុសច្បាប់ និង​ចូលរួម​ថែរក្សា​ព្រៃឈើ​ឱ្យបាន​គង់វង្ស ទុក​សម្រាប់​ប្រយោជន៍​ជាតិ និង​ពិភពលោក​ទាំងមូល​។​

​នាពេល​បច្ចុប្បន្ននេះ តាមរយៈ​ការស្រាវជ្រាវ និង​ស៊ើបអង្កេត​របស់​ជំនាញ បាន​បញ្ជាក់ថា ការកាប់​ឈើ និង​ការដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់ ជា​លក្ខណៈ​ទ្រុងទ្រាយ​ធំ​មាន​ភាពស្ងប់ស្ងាត់ ប៉ុន្តែ​នៅមាន​ការ​លូច​បន្លំ​ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ​ដោយ​ខុសច្បាប់ តាម​រូប​ភាពជា​រថយន្ត​សាំ​ម​យ៉ុង រថយន្ត​កែច្នៃ​ធុន​តូច គោយន្ត ម៉ូតូ រទេះគោ រទេះក្របី រ​ម៉ក ។​ល​។ គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នឹង​បន្ត​អនុវត្ត​វិធាន​ដូច​ក្រោម​៖

ទី​១- អភិបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមរយៈ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើការ​ដឹកនាំ សម្របសម្រួល​កងកម្លាំង មន្ត្រី​ជំនាញ​មាន​សមត្ថកិច្ច​នានា​ដែល​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ធ្វើការ​ត្រួតពិនិត្យ​រាល់​ការដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ​ដែលមាន​ការអនុញ្ញាត​ទាំងអស់ ចាប់ពី​ដើមទី កណ្តាល​ទី និង​ចុង​ទី​។ ត្រួតពិនិត្យ​រោង​សន្និធិ ឃ្លាំង សិប្បកម្ម​កែច្នៃ​ផល អនុផល​ព្រៃឈើ និង​ចាត់​នូវ​វិធានការ​ចាំបាច់​នានា​ស្រប​នឹង​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​លេ​ខៈ ០៥ ស​.​រ​.​ណ​.​ន ស្តីពី វិធានការ​ចាំបាច់​នានា​ក្នុងការ​ពង្រឹង​ការគ្រប់គ្រង​ធនធានធម្មជាតិ ចុះ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៦​។​

​ទី​២- បុគ្គល ឬ​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នេះ នឹងត្រូវ​អនុវត្ត​វិធានការ​ច្បាប់​។ ជនសង្ស័យ និង​វត្ថុតាង​ត្រូវ​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​តាម​នីតិវិធី​។​

ទី​៣- មធ្យោបាយ ឧបករណ៍ និង​សម្ភារ​ដែល​បំផ្លាញ​ព្រៃឈើ​មានដូចជា រថយន្ត គោយន្ត ម៉ូតូ រទេះគោ រទេះក្របី រ​ម៉ក រណារយន្ត​… ត្រូវបាន​ស្នើសុំ​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​បំផ្លាញចោល ដោយ​អនុលោម​តាម​មាត្រា​១១៩ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ “… វត្ថុ​ដែលមាន​គ្រោះថ្នាក់​ចំពោះ​មនុស្ស ឬ​ចំពោះ​ទ្រព្យសម្បត្តិ ដូចជា​អាវុធ ឬ​ជាតិ​ផ្ទុះ ព្រមទាំង​វត្ថុ​ដែល​បាន​កាន់កាប់​ដោយ​ខុសច្បាប់ មិនអាច​ប្រគល់ឱ្យ​វិញ​បានទេ​។ វត្ថុ​ទាំងនោះ​ត្រូវ​រឹបអូស​ទុកជា​សម្បត្តិ​រដ្ឋ ឬ​ត្រូវ​បំផ្លាញចោល …” ។​

​គណៈកម្មការ​ជាតិ សូម​អំពាវនាវ​ដល់​សាធារណជន និង​អ្នកសារព័ត៌មាន​ទាំងអស់ បន្ត​ចូលរួម​ផ្តល់ព័ត៌មាន​ពិត ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ថ្នាក់ ហើយ​ព័ត៌មាន​នោះ​នឹង​អាចឈាន​ទៅរក​ការទប់ស្កាត់​និង​បង្ក្រាប​រាល់​បទល្មើស​ព្រៃឈើ ព្រមទាំង​សូម​គោរព​ច្បាប់ គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​ទាំងអស់គ្នា​ស្រប​នឹង​ទិស​ស្លោក “​ជួយ​គិត ជួយ​ធ្វើ រួមគ្នា​ទទួលខុសត្រូវ​” ។​

​អាស្រ័យ​ហេតុ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន និង​អ្នកសារព័ត៌មាន​មេត្តា​ជ្រាប​៕ ដោយ​៖​កូ​ឡាប

spot_img
×