ភ្នំពេញ៖ ក្រោមការយកចិត្តទុកដាក់ថែទាំ និងការព្យាបាល បុរសជនជាតិចិន ដែលឆ្លងមេរោគកូរ៉ូណាវីរុស នៅក្រុងព្រះសីហនុ លទ្ធផល តេស្តបង្ហាញថា អវិជ្ជមាន លើកទី១។ ក្រសួងសុខាភិបាល បញ្ជាក់ថាអ្នកជំងឺជនជាតិចិនដែលឆ្លងវីរុសកូរ៉ូណា មានសុខភាពល្អប្រសើរដូចធម្មតាឡើងវិញ ខណៈការធ្វើតេស្ត២លើក បង្ហាញលទ្ធផលអវិជ្ជមាន។
បើយោងតាមការចុះផ្សាយ របស់ផេកហ្វេសបុក នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង ក្រសួងសុខាភិបាល នៅថ្ងៃទី ៥ កុម្ភ: ២០២០ អោយដឹងថា ជនជាតិចិនដែលឆ្លង មេរោគកូរ៉ូណាវីរុសប្រភេទថ្មី នៅក្រុងព្រះសីហនុ ផ្អែកតាមលទ្ធផលមន្ទីរពិសោធន៏ នៃវិទ្យស្ថានប៉ាស្ទ័រកម្ពុជា បង្ហាញថា អវិជ្ជមាន ជាលេីកទី១ តែយ៉ាងបុរសនេះនៅតែបន្តដាក់គាត់ក្នុងមន្ទីរពេទ្យដដែលដើម្បីបន្តតាមដានសុខភាព។
រហូតម៉ោង ៦:១៥ ល្ងាច ថ្ងៃទី ៥ កុម្ភ: ២០២០ អ្នកប៉ះពាល់កន្លែងផ្សេងៗគ្នាជាមួយអ្នកជំងឺ និងអ្នកជិះយន្តហោះជាមួយអ្នកជំងឺ រហូតពេលនេះ អ្នកទាំងនោះពុំមានអ្នកចេញរោគសញ្ញាអ្វីនៅឡេីយដែរ។
មន្ត្រីជំនាញនឹងបន្តតាមដានសុខភាពអ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំងអស់ជារៀងរាល់ថ្ងៃ ។
គ្រូពេទ្យថែទាំអ្នកជំងឺក៏ គ្មានចេញរោគសញ្ញាអ្វីទេ និងគ្រប់គ្រូពេទ្យបំរេីការនៅមន្ទីរពេទ្យក្រុងព្រះសីហនុ កំពុងបំរេីការងារក្នុងមន្ទីរពេទ្យជាធម្មតា ។
រហូតពេលនេះពុំទាន់រកឃេីញករណីជំងឺកូរ៉ូណាវីរុសថ្មីទៀតទេ ។
ក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីលទ្ធផលនៃការធ្វើតេស្ត លើវត្ថុវិភាគរបស់អ្នកជំងឺជនជាតិចិនម្នាក់ ដែលបានរកឃើញមានឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី នៅខេត្តព្រះសីហនុ ដោយលទ្ធផលនៃការធ្វើតេស្តចំនួន២លើក បង្ហាញនូវលទ្ធផលអវិជ្ជមាន។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា បច្ចុប្បន្នអ្នកជំងឺមានសុខភាពល្អប្រសើរដូចធម្មតាវិញហើយ រីឯការធ្វើតេស្តលើវត្ថុវិភាគរបស់អ្នកជំងឺរូបនេះ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញលទ្ធផលអវិជ្ជមានចំនួន២លើក គិតត្រឹមថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
ក្រសួងបញ្ជាក់ថា ថ្វីត្បិតតែសុខភាពរបស់ជនជាតិរូបនោះ មានសភាពល្អប្រសើរ និងដើម្បីឲ្យមានភាពច្បាស់លាស់ តាមការពិភាក្សាជាមួយអង្គការសុខភាពពិភពលោក អ្នកមិនទាន់ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះនៅឡើយទេ ដោយទុកតាមដានបន្ថែមទៀតរហូតដល់ថ្ងៃអាទិត្យទី ០៩ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីរង់ចាំការធ្វើតេស្តជាថ្មីម្តងទៀត ទៅតាមវិធានវេជ្ជសាស្ត្រ ក្នុងការបញ្ជាក់នូវ ភាពសះស្បើយដោយមិនមានវីរុសកូរ៉ូណាថ្មី ពិតប្រាកដរបស់អ្នកជំងឺ។
ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា នៅពេលវិភាគធ្វើតេស្តបង្ហាញលទ្ធផលអវិជ្ជមាន វីរុសកូរ៉ូណាថ្មីនេះ ជាលើកទី៣ នៅថ្ងៃទី១0 ខែកុម្ភៈ ឆ្នាំ២០២០នោះ ក្រសួងនឹងរៀបចំតាមលក្ខណៈបច្ចេកទេស ឲ្យអ្នកជំងចេញពីមន្ទីរពេទ្យតែម្តង ហើយសមាជិកគ្រួសារគាត់បីនាក់ទៀត ដែលមានអវិជ្ជមានវីរុស ក៏នឹងបានរួចផុតពីការសង្កេតតាមដានសុខភាពចំនួន១៤ថ្ងៃ ស្របពេលជាមួយគ្នាទៅនឹងការចាកចេញពីមន្ទីរពេទ្យរបស់អ្នកជំងឺ។
សូមបញ្ជាក់ថា លោក ចា ជិនហូរ អាយុ៦០ឆ្នាំ ដែលផ្ទុកជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា បានធ្វើដំណើរមកពីទីក្រុងវូហាន ជាមួយក្រុមគ្រួសារ៣នាក់ទៀត មកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ បន្ទាប់ពីមកដល់រយៈពេល២ថ្ងៃ លោកមានអាការៈក្អក ក្តៅខ្លួនខុសធម្មតា ហើយត្រូវបានមន្ត្រីសុខាភិបាល យកសំណាកបំពងកទៅពិនិត្យឃើញថា គាត់មានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០៕ ដោយ៖កូឡាប