ស្វាយរៀង៖ លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨នេះបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមរក្សាសន្តិភាពនិងការពារដាច់ខាតមិនឱ្យមានសង្គ្រាមដើម្បីទទួលបាននូវការអភិវឌ្ឍជាបន្តទៅទៀត។ លោកបានមានប្រសាសន៍ដូច្នេះនៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាលរបស់សាលាឃុំសំរោង ស្ថិតក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលជាអំណោយរបស់លោកផ្ទាល់ ព្រមទាំងមានការចូលរួមពីសំណាក់លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងលោកឧកញ្ញ៉ា លី យូគៀក។
ថ្លែងក្នុងឱកាសនោះលោក នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋជាងមួយពាន់នាក់ ដោយបាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលតែងតែនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង។
លោកនាយឧត្តមសេនីយ៍ បានមានប្រសាសន៍បន្តទៀតថា ៖ ប្រទេសកម្ពុជា គឺធ្លាប់បានឆ្លងកាត់នូវភ្លើងសង្គ្រាមធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាករាល់ ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានបំផ្លិចបំផ្លាញអស់គ្មានស់ តែក្នុងរយៈពេល៣៩ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំនាវាកម្ពុជា ឱ្យមានការរីកចម្រើនទាំងក្នុងកម្រិតជាតិ និងលើឆាកអន្តរជាតិ ដោយបានផ្តោតសំខាន់ ទៅលើវិស័យ៤ ជាអាទិភាពមាន ទឹក ភ្លើង ផ្លូវ និងធនធានមនុស្ស ដូច្នេះយើងទាំងអស់គ្នាត្រូវតែនាំគ្នារក្សាសុខសន្តិភាពនេះឲ្យស្ថិតស្ថេរយូរអង្វែង និងការពារដាច់ខាតកុំឲ្យកើតមានសង្គ្រាម។
នាយឧត្តមសេនីយ៍ផ្តាំផ្ញើ ដល់អាជ្ញាធរដែនដីកងកម្លាំងប្រដាប់ ត្រូវការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេសត្រូវផ្តល់សេវាសាធារណៈឲ្យបានរហ័សនៅក្នុងមូលដ្ឋាន បន្ថែមជាងនេះ ត្រូវរួមគ្នាថែរក្សាសមិទ្ធផលដែលមានស្រាប់ និងបន្តកសាងឲ្យបានច្រើនបន្ថែមទៀត ក្នុងការសំរួលដល់ការរស់នៅរបស់ពលរដ្ឋឲ្យមានជីវភាពធូធារ។
លោក ងួន រ៉ាំ អភិបាលស្រុកចន្ទ្រាបានមានប្រសាសន៍ឱ្យដឹងផងដែរថា ៖ ដោយផ្អែកតាមសំណូមពររបស់ក្រុមប្រឹក្សាឃុំនិងប្រជាពលរដ្ឋដែលបានលើកឡើងក្នុងវេទិកាថ្នាក់ស្រុក ខេត្តនៅតាមបណ្តាឃុំទាំង៦ក្នុងស្រុកចន្ទ្រា ពុំទាន់មានសាលាឃុំត្រឹមត្រូវតាមស្តង់ដា សម្រាប់ធ្វើការបម្រើសេវាជូនប្រជាពលរដ្ឋ លោកនាយឧត្តមសេនីយ៍ មឹុង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្វាយរៀង ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកចន្ទ្រានិងក្រុងបាវិត ដោយឡែកក្នុងស្រុកចន្ទ្រាលោកទទួលបន្ទុកតាមឃុំទាំង៦ក្នុងស្រុកជួយសាងសង់អគារសាលាឃុំឱ្យបានគ្រប់ឃុំក្នុងឆ្នាំ២០១៧។ ជំហានដំបូងលោកបានរកទីតាំងដីភូមិមួយកន្លែងសម្រាប់សាងសង់សាលាឃុំសំរោងដោយឃុំសំរោងគ្មានដីសាងសង់សាលាឃុំរួចហើយលោកបានទិញដីរបស់ប្រជាពលរដ្ឋមួយកន្លែងនឹងបានកសាងសាលាឃុំស្ថិតនៅភូមិចេកឃុំសំរោងស្រុកចន្ទ្រាខេត្តស្វាយរៀងអស់ទឹកប្រាក់១.៥០០ដុល្លា នៅថ្ងៃទី៧ខែសីហាឆ្នាំ២០១៧លោកបានចាប់ផ្តើមបញ្ចុះបឋមសិលាសាងសង់អគារ០១ខ្នងដែលមានទំហំបណ្តោយប្រវែង១២ម៉ែត្រទទឹង ៨ម៉ែត្រ រ៉ង់ដាខាងមុខ(៥ម៉ែត្រ×៤ម៉ែត្រ)និងធ្វើរបងបេតុង អណ្តូងទឹក០១ជម្រៅ១១៥ម៉ែត្រ បង្គន់អនាម័យ០១បន្ទប់ បន្ទប់ទឹក០១ ដងទង់ជាតិ សម្ភារៈការិយាល័យកុំព្យូទ័រនិងព្រីនធ័រ សរុបទឹកប្រាក់អស់ចំនួន ៣៩.៦៦០ដុល្លារ ហើយបានដំណើរការសាងសង់រួចរាល់ដែលរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសាលាឃុំសំរោង ស្រុកចន្ទ្រាខេត្តស្វាយរៀង នៅថ្ងៃអាទិត្យ ១៣ រោជ ខែបុស្ស ឆ្នាំ រកា នព្វសក័ ព.ស ២៥៦១ត្រូវនិងថ្ងៃទី១៤ខែមករាឆ្នាំ២០១៨នេះ។
លោកអភិបាលស្រុកបានមានប្រសាសន៍បន្តទៀតថាៈឆ្លើយតបទៅនឹងការអំពាវនាវរបស់លោកនាយឧត្តមសេនីយ៍ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកចន្ទ្រានិងក្រុងបាវិត អស់លោក លោកស្រី ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកចន្ទ្រាទទួលបន្ទុកតាមឃុំ បានឧបត្ថម្ភថវិកាដំណើរការសាងសង់អគារសាលាឃុំ៤ទៀតមានឃុំ ចន្ទ្រា ឃុំ ច្រេស ឃុំ ទួលស្តី និងឃុំ មេ. សរ. ថ្ងក ដែលមានទំហំដូចអគារសាលាឃុំសំរោងដែរនិងបានរៀបចំកែសម្រួលប្លង់ឱ្យប្រហាក់ប្រហែលតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៧ស្តីពីការសាងសង់ ការជួសជុលនិងកែលំអសលាឃុំ. សង្កាត់។
ក្នុងឱកាសនោះដែរសំរាប់ ប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួម ក្នុងពិធីនាពេលនោះម្នាក់ៗទទួលបានសារ៉ុងម្នាក់១ និងអំណោយស៊ីម៉ង់ចំនួន១០០តោន របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងលោកស្រី ប៉ែន ចាន្នី ប្រគល់ជូនអាជ្ញាធរស្រុកចន្ទា ដើម្បីកសាងសមិទ្ធផលនានាជួនលោកគ្រូអ្នកគ្រូម្នាក់ៗថវិកា៣មឺុនរៀល ជូនក្រុមកងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទម្នាក់ៗទទួលបានថវិកា៣ម៉ឺនរៀលជូនក្រុមប្រឹក្សាឃំុម្នាក់ៗទទួលបានថវិកា៣មឺុនរៀល ជូនក្រុមយុវជនម្នាក់ៗទទួលបានថវិកា២មឺុនរៀលនិងជូនសិស្សានុសិស្សម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀលផងដែរ៕វ៉ៃកូ