ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២០ បានកំពុងស្រាវជ្រាវ Page មួយដែលមានឈ្មោះ ”ព័ត៌មានពិត ពីកម្ពុជា” ដែលបានបង្ហោះព័ត៌មានក្លែងក្លាយថា មេរោគកូរ៉ូណាបានកំពុងរាតត្បាតនៅកម្ពុជា និងមានមនុស្សស្លាប់ជិត 100 នាក់ហើយ។
លោក ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានមានប្រសាសន៍ថាព័ត៌មានក្លែងក្លាយដែលបានបង្ហោះក្នុង Page នោះគឺក្នុងគោលបំណងបង្កឱ្យមានភាពចលាចល ក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ ហើយនាយកដ្ឋានបាននិងកំពុងចាត់វិធានការស្រាវជ្រាវអំពី Pageនេះដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ចំណែកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ បានមានប្រសាសន៍ថា ក្នុងនាមខ្ញុំបាទស្នងការនគរបាលខេត្តព្រះសីហនុ សូមធ្វើការបដិសេដនិងច្រានចោលទាំងស្រុងនូវព័ត៌មានមិនពិត ដែលបង្ហោះថា មានមនុស្សស្លាប់ដោយសារឆ្លងជំងឺរលាកសួតនៅខេត្តព្រះសីហនុ។
សមត្ថកិច្ចយើងខ្ញុំ កំពុងសហការ ជាមួយនាយកដ្ឋានជំនាញដើម្បី ស្រាវជ្រាវរកអ្នកបំប៉ោង ព័ត៌មាននេះ អនុវត្តតាមផ្លូវច្បាប់៕ដោយ៖កូឡាប