ភ្នំពេញ៖ សេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុបនៅក្នុងសំណុំរឿង EBA ត្រូវបានប្រកាសជាផ្លូវការហើយ នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១២ ខែកុម្ភៈនេះ។ គណៈកម្មការអឺរ៉ុប សម្រេចដកការអនុគ្រោះពន្ធ ជាបណ្ដោះអាសន្នពីកម្ពុជា លើទំនិញចំនួន៤០ប្រភេទ ដែលភាគច្រើនជាសម្លៀកបំពាក់។ ផលិតផលទាំងអស់នេះ នាំចេញពីកម្ពុជាទៅអឺរ៉ុបក្នុងតម្លៃសរុបប្រមាណ១ពាន់លានអឺរ៉ូជារៀងរាល់ឆ្នាំ។
សហភាពអឺរ៉ុប បានសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនៅកម្ពុជា គ្រប់មុខទំនិញលើកលែងសព្វាវុធឬ Everything But Arms (EBA) មួយផ្នែកទៅលើមុខទំនិញមួយចំនួន ដែលនឹងប៉ះពាល់ទឹកប្រាក់ជាង១ពាន់លានដុល្លារអាមេរិកនៃការនាំចេញសរុបរបស់កម្ពុជាទៅសហភាពអឺរ៉ុប។
បើតាមសេចក្តីសម្រេច ការព្យួរនេះនឹងប៉ះពាល់ផលិតផលស្បែកជើង និងសម្លៀកបំពាក់មួយចំនួន។ ហើយទំនិញសម្រាប់ធ្វើដំណើរ និងស្ករត្រូវបានសម្រេចព្យួរទាំងស្រុង។ សេចក្តីសម្រេចបញ្ជាក់ទៀតថា ការព្យួរបណ្តោះអាសន្ននេះនឹងប៉ះពាល់ដល់ការនាំចេញក្នុងទំហំទឹកប្រាក់ប្រមាណ ១១០០លានដុល្លារជារៀងរាល់ឆ្នាំ ដែលស្មើប្រមាណ ២០ភាគរយនៃទំហំទឹកប្រាក់នៃការនាំចេញសរុបពីកម្ពុជា ដែលមានតម្លៃប្រមាណ ៥៨០០លានដុល្លារអាមេរិក។
សេចក្តីសម្រេចបញ្ជាក់ថា ប្រសិនបើគ្មានការជំទាស់ពីសភាអឺរ៉ុប និងក្រុមប្រឹក្សានៅពេលខាងមុខ ការព្យួរនេះនឹងចូលជាធរមាននៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។
សេចក្តីសម្រេចបញ្ជាក់ទៀតថា គណៈកម្មការសហភាពអឺរ៉ុបនឹងបន្តតាមដានស្ថានភាពសិទ្ធិស៊ីវិល សិទ្ធិនយោបាយ ការងារ ដីធ្លី និងផ្ទះសម្បែងផងដែរនៅកម្ពុជា។ គណៈកម្មការអាចនឹងធ្វើវិសោធនកម្មសេចក្តីសម្រេចព្យួរនេះ ប្រសិនបើស្ថានភាពទាំងនេះមានភាពល្អប្រសើរនៅកម្ពុជា។
កម្ពុជាទទួលបានឋានៈអនុគ្រោះពន្ធ EBA តាំងពីឆ្នាំ២០០១មកម្ល៉េះ។
យោងតាមរបាយការណ៍របស់សហភាពអឺរ៉ុប ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបក្នុងឆ្នាំ២០១៨ មានទំហំប្រមាណ ៥,៨ពាន់លានដុល្លារ ដែលក្នុងនោះផលិតផលសម្លៀកបំពាក់ មានជាង ៧៣,៤ភាគរយនៃការនាំចេញ ស្បែកជើងប្រមាណ១២,៧ភាគរយ កង់ ៥,៧ភាគរយ និងអង្ករ ៣ភាគរយ។
ចំណែកលោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងសារលើហ្វេសប៊ុកនៅថ្ងៃទី១២កុម្ភៈថា សូមអរគុណសហគមន៍អឺរ៉ុប និងសូមអបអរសាទររាជរដ្ឋាភិបាល ក៏ដូចជាបងប្អូនកម្មករកម្មការិនី ព្រមទាំងវិស័យកាត់ដេរទាំងអស់ ដែលលទ្ធផលចេញមកហើយគឺថា EBA រក្សាបាន៨០%នៃទំនិញទាំងឡាយ ដែលត្រូវបន្តនាំទៅសហគមន៍អឺរ៉ុប ហើយនឹងត្រូវកាត់បន្ថយតែ២០%ប៉ុណ្ណោះ នៅរយៈពេល៦ខែបន្ទាប់ពីថ្ងៃនេះ (១២ កុម្ភៈ ២០២០)។ វិញ្ញាសាលំហាត់EBAនេះ បានគំរាមកំហែងកាត់ពីកម្ពុជាជាង២ឆ្នាំមកហើយ! ដូចនេះការរក្សាទុក៨០%នេះ ជាការយោគយល់និងទទួលស្គាល់ការពិតនៅកម្ពុជាបាន៨០% រីឯ២០%ដែលត្រូវកាត់៦ខែទៀត ដោយបានភ្ជាប់ ជាមួយខ្លឹមសារចុងក្រោយថាអាចពិចារណាឱ្យមកវិញទៀតផង ប្រសិនជាមានការរីកចម្រើន….។ ដូចនេះ២០%នេះក៏មិនទាន់ខ័ណ្ឌចប់ដែរ គឺថាបន្តសហការវាយតម្លៃនិងសហការគ្នាបន្តទៀត.….! អាចថាអត់បាត់បង់អ្វីទាំងអស់ក៏អាចថាបានដែរ!។
ម្យ៉ាងទៀត ការកាត់បន្ថយ២០% ក៏ជាវិញ្ញាសាសាកល្បងពង្រឹងសមត្ថភាពខ្លួនជាបណ្តើរៗ ក្នុងការបាត់បង់EBA ទាំងស្រុងនៅពេលវេ់លាណាមួយនាពេលអនាគត ដែលកម្ពុជាមានបានមកដល់ដែរ! ហើយពាណិជ្ជកម្មគឺជាជម្រើស ពេលខ្លះបានមួយ និងត្រូវបាត់បង់អ្វីមួយ! Business is a trade off!៕ដោយ៖កូឡាប