តុលាការសង្កាត់ Comanche រដ្ឋ Oklahoma អាមេរិក កំពុងដំណើរការសំណុំរឿងមួយស្តីពីម្តាយនឹងកូនស្រីបង្កើត២នាក់ ត្រូវចោទប្រកាន់ពីបទស្មន្ថភាព ។ ជនជាប់ចោទគឺអ្នកស្រី Patricia Ann Spann អាយុ៤៣ឆ្នាំ និងកូនស្រី Misty Velvet Dawn Spann អាយុ ២៥ឆ្នាំ បានរៀបការជាមួយគ្នានៅខែមីនា ឆ្នាំ២០១៦ ។
ចំណងទាក់ទងរបស់អ្នកទាំង២ ត្រូវបានក្រសួងសេវាកម្មមនុស្ស អាមេរិក រកឃើញថ្ងៃខែសីហា ឆ្នាំ២០១៦ តាមរយៈការត្រួតពិនិត្យតាមសិទ្ធិកុមារនៅទីក្រុង Duncan។
ម្តាយនិងកូន២នាក់នេះ កំពុងប្រឈមមុខនិងទោសជាប់គុកពន្ធនាគារ១០ឆ្នាំ
ដីកាចាប់ខ្លួនរបស់តុលាការត្រូវបានចុះហត្ថលេខានៅថ្ងៃ២ ខែកញ្ញា ហើយម្តាយកូនទាំង២ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ ។
៥ថ្ងៃក្រោយមកស្ត្រីទាំង២ មានវត្តមានក្នុងសវនាការមួយរបស់តុលាការ ប៉ុន្តែអ្នកទាំង ២ ពុំព្រមសារភាពកំហុសឡើយ ។
ក្នុងអំឡុងពេលស៊ើបអង្កេត ស្ថាប័នសន្តិសុខនៅបានរកឃើញថា អ្នកស្រី Patricia ក៏ធ្លាប់បានរៀបការជាមួយកូនប្រុសបង្កើតរបស់ឈ្មោះ Jody Calvin Spann នាឆ្នាំ២០០៨ផងដែរ តែ២ឆ្នាំក្រោយមកអាពាហ៍ពិពាហ៍នេះត្រូវបានបញ្ចប់ដោយមូលហេតុស្មន្ថភាព ។
នាខណៈពេលនោះតុលាការឲ្យដឹងថា ចំណងទាក់ទងរវាងអ្នកស្រីPatricia និងកូនប្រុសពុំបានមានទំនាក់ទំនងផ្លូវភេទទេ ហើយមូលហេតុនៃទង្វើនេះ ព្រោះតែអ្នកស្រីប៉ា ចង់រារាំងការធ្វើកាតព្វកិច្ចយោធារបស់កូន ។
សមត្ថកិច្ចបានឲ្យដឹងថា អ្នកស្រីPatricia បានបាត់បង់សិទ្ធិចិញ្ចឹមកូន៣នាក់ តាំងពីប៉ុន្មានឆ្នាំមុនម្លេះ ហើយកូនទាំង៣របស់គាត់សុទ្ធរស់នៅជាមួយជីដូនខាងឪពុក ។
Patricia ជឿថា អាពាហ៍ពិពាហ៍របស់ខ្លួនជាមួយនឹងកូនៗពុំមែនជាទង្វើរខុសច្បាប់ទេ ព្រោះថា ឈ្មោះរបស់នាងពុំមាននៅក្នុងសំបុត្រកំណើតរបស់កូនៗឡើយ។ ឆ្លើយតបនឹងសំណួររបស់អ្នកកាសែតពីអ្វីដែលកំពុងកើតឡើង កូនប្រុសទី២របស់អ្នកស្រីPatricia លើកឡើងថា ម្តាយរបស់ខ្លួន បានរុញច្រានបងស្រីនិងបងប្រុសឲ្យធ្លាក់ក្នុងអាពាហ៍ពិពាហ៍ស្មន្ថភាពមួយ ។ កូនប្រុសទី២ឈ្មោះ Cody និយាយថា “ខ្ញុំគិតថា គាត់ពុំមានបុគ្គិលលក្ខណៈគ្រប់គ្រាន់ធ្វើជាម្តាយឡើយ គ្រាដែលបានរុញច្រានបងស្រីរបស់ខ្ញុំឲ្យធ្លាក់ក្នុងសភាពបែបនេះ ។ គាត់បានបង្ខំបងស្រីខ្ញុំហើយមនុស្សច្រើននាក់ណាស់ដែលដឹងរឿងនេះ” ។ Cody សង្កត់ធ្ងន់ថា ៖ “ចំពោះមនុស្សម្នាក់ដែលប៉ងរុញច្រានកូនស្រីរបស់ខ្លួនឲ្យចូលគុក សួរថា តើអាចធ្វើជាម្តាយបែបណាទៅ ? ទោះបីនេះជារឿងដែលគាត់ចង់ ប៉ុន្តែយើងខ្ញុំទាំងអស់គ្នាសុទ្ធតែពុំបានគិតបែបនេះទេ ជាក់ស្តែងឥឡូវនេះ បងស្រីរបស់ខ្ញុំកំពុងអង្គុយក្នុងទ្រុង ដោយសារជម្រើរបស់គាត់” ។
តាមច្បាប់នៃរដ្ឋOklahoma ការរៀបការជាមួយមនុស្សក្នុងក្រុមគ្រួសារតែមួយត្រូវបានចាត់ទុកថាជាទង្វើស្មន្ថភាព ទោះបីជាមានឬមិនមានការរួមភេទក៏ដោយ ។ ប្រសិនបើត្រូវរងការកាត់ទោសនោះអ្នកប្រព្រឹត្តអំពើនេះអាចជាប់ពន្ធនាគារដល់ទៅ១០ឆ្នាំ ៕