តាកែវ៖ ថ្មីៗនេះមានម្ចាស់ហ្វេសបុកឈ្មោះ បងពេទ្យចិត្តស្មោះ បានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើ នាយកសាខាធនាគារហត្ថកសិករស្រុកត្រាំកក់ ខេត្តតាកែវថា បានរំលោភលើសេចក្តីទុកចិត្តលើអតិថិជន ដោយបានប្រាប់ឲ្យអតិថិជនបង់ផ្តាច់ពីបណ្តាស្ថាប័នផ្សេងៗ រួចសន្យាថានិងអោយគាត់ខ្ចីទឹកប្រាក់ពីហត្ថកសិករក្នុងទំហំទឹកប្រាក់ ២ម៉ឺន៥ពាន់ដុល្លារ តែក្រោយមានការបង់ផ្តាច់លើប្រាក់កម្ចីរបស់ស្ថាប័នប្រាសាក់រួច បានធ្វើសំណុំឯកសារដើម្បីខ្ចីប្រាក់ពីធនាគារហត្ថកសិករ តែអស់រយៈពេលជិត២០ថ្ងៃមកនេះ ស្រាប់តែខាងធនាគារហត្ថកសិករថាមិនអាចឲ្យអតិថិជនឈ្មោះ ឃុន ប៊ុននី ខ្ចីបាននោះទេ ដោយគ្មានមូលហេតុអ្វីប្រាប់ទៅអតិថិជនវិញឡើយ ។
ក្នុងនោះដែរលោកស្រី ឃុន ប៊ុននី ដែលជាអតិថិជន បានធ្វើការរិះគន់យ៉ាងខ្លាំងទៅ លើសេវាកម្មរបស់ធនាគារហត្ថកសិករស្រុកត្រាំកក់ថា នៅមានសភាពរញេរញៃ និងការសម្រេចរបស់នាយកសាខាមិនមានភាពច្បាស់លាស់ណាមួយឡើយ ដោយស្រេចតែលើអស់លោកចង់ឲ្យគេខ្ចី ឬមិនឲ្យគេខ្ចីស្រេចតែចិត្តអស់លោក ។ លោកស្រីបានបន្តថា សកម្មភាពនិងទង្វើរបស់បុគ្គលិកធនាគារហត្ថកសិករនេះ និយាយបាតដៃខ្នងដៃ និងធ្វើឲ្យអតិថិជនបាត់បង់នូវសេចក្តីទុកចិត្តយ៉ាងខ្លាំង ខណៈដែលខាងបុគ្គលិករបស់ហត្ថកសិករស្រុកត្រាំកក់ បានឲ្យគាត់បង់ផ្តាច់ចេញពីស្ថាប័នរបស់គេ ហើយងាកមកខ្ចីកន្លែងគាត់វិញ តែអូសបន្លាយរូបគាត់ ជិត២០ថ្ងៃហើយ រួចប្រាប់ថាមិនអាចឲ្យខ្ចីបានទេហើយគ្មានមូលហេតុអ្វីទាំងអស់។
ជុំវិញករណីនៃការរិះគន់នេះដែរ លោកនាយកសាខាធនាគារហត្ថកសិករស្រុកត្រាំកក់ បាននិយាយតាមទូរស័ព្ទជាមួយភ្នាក់ងារសារព័ត៌មានយើងនៅរសៀលថ្ងៃទី ១៧ ខែកុម្ភៈ នេះថា រូបលោកមិនអាចផ្តល់ព័ត៌មានដល់ជនទី៣បានទេ បើគ្មានការអនុញ្ញាត ហើយលោកថ្ងៃនេះលោកបានសុំច្បាប់មិនអាចជួបជាមួយនិងអ្នកសារព័ត៌មានបានឡើយ មានការងារអ្វីអាចទៅទាក់ទងខាងធនាគារនៅស្រុកត្រាំកក់បាន ព្រោះនេះជាគោលការណ៍របស់ធនាគារ។
ក្រោយការជួបសម្ភាសន៍ផ្ទាល់នេះដែរ លោកស្រី ឃុន ប៊ុននី ជាអតិថិជនបាននិយាយ នាយកធនាគារហត្ថកសិករស្រុកត្រាំកក់នេះ មិនមានទំនួលខុសត្រូវទាល់តែសោះ ហើយនិយាយទៀតថា បើនូវមានមន្ត្រីបាតដៃខ្នងដៃបែបនេះ នូវបម្រើរការងារបន្តទៀតនោះ មិនដឹងជាអតិថិជនប៉ុន្មានាក់នោះទេ ដែលបាត់បង់នូវសេចក្តីទុកចិត្តលើសេវាកម្មរបស់ធនាគារហត្ថកសិករនោះ ៕ដោយ៖ តាកែវ