សម្តេចតេជោ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំយ៉ាងខ្លាំងក្លាក្នុងការជំរុញ និងលើកស្ទួយវិស័យអប់រំជាតិ ឲ្យកាន់តែរីកចម្រើនទៅមុខ ទោះបីជាបុគ្គលមួយក្រុមតូចមើលស្រាល និងជាន់ឈ្លីប្រមាថដល់ការអប់រំ និងសញ្ញាបត្រក្នុងប្រទេសយ៉ាងណាក្តី។
នៅព្រឹកថ្ងៃអង្គារទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុបចំនួន ១៩៧៧នាក់។
ជាកិច្ចចាប់ផ្តើមនៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ឃើញថា ដោយសារតែថ្ងៃនេះចំនួនគរុនិស្សិតមានចំនួនច្រើន ហើយអគារដែលប្រគល់សញ្ញាបត្រនេះ មិនអាចដាក់និស្សិតរហូតជិត២ពាន់នាក់បាន ដូច្នេះសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍លើកឡើងពីគម្រោងពង្រីកអគារវិទ្យាស្ថានជាតិអប់រំ ឲ្យធំបន្ថែមទៀត ដោយសម្តេចតេជោបានមានប្រសាសន៍ថា នៅថ្ងៃអនាគតអគារនៃសាលនេះ អាចនឹងត្រូវវាយចោល ដោយត្រូវពង្រីកអគារនេះឲ្យធំបន្ថែមទៀត ដើម្បីឲ្យមានភាពងាយស្រួលក្នុងការប្រារព្ធពិធីផ្សេងៗ ទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្ស។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ពីសារសំខាន់ នៃវិស័យអប់រំ ដែលជាវិស័យអាទិភាពទី១ ក្នុងចំណោមវិស័យចំនួន៤ នៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិ។ ជាថ្មីម្តងទៀតសម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ពីគោលដៅសំខាន់ចំនួន២ ក្នុងការកសាងប្រទេសជាតិ ក្រោយងើបពីសង្គ្រាម ដែលគោលដៅ ទី១) គឺការប្រែក្លាយតំបន់សមរភូមិក្តៅទាំងអស់ ឲ្យទៅជាតំបន់មានសុខសន្តិភាព និងការអភិវឌ្ឍ និងទី២) ប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាង ឲ្យទៅជាតំបន់សន្តិភាព តំបន់ទីផ្សារ និងទៅជាតំបន់ដែលមានកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសជាតិខាង។
ជាមួយគ្នានេះ សម្តេចតេជោ បន្តទៀតថា កាលពីឆ្នាំ២០១៦កន្លងទៅនេះ សម្តេចតេជោបានចុះទៅតាមតំបន់ព្រំដែនកម្ពុជាមួយចំនួន ហើយក៏បានកសាងសាលារៀនជាច្រើនខ្នង ទុកឲ្យកូនក្មួយបានសិក្សារៀនសូត្រគ្រប់ៗគ្នា។ ក្នុងនោះអគារស្នាក់នៅរបស់គ្រូ និងសិស្សក៏ត្រូវបានផ្តល់ជូនស្របជាមួយសាលារៀនផងដែរ។
សម្តេចតេជោ បានបញ្ជាក់ថា ការបណ្តុះបណ្ដាលធនធានគ្រូបង្រៀន គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជួយបណ្តុះបណ្ដាលធនធានមនុស្ស ឲ្យទទួលបានចំណេះជំនាញសមស្របនានា ដើម្បីអនាគតយុវជន ។ ទន្ទឹមនឹងនោះ សម្តេចតេជោ បានបន្តថា ការចាប់ផ្តើមពង្រឹងវិស័យអប់រំជាតិកម្ពុជា បានចាប់ផ្តើមកកើតឡើងវិញតាំងពីឆ្នាំ ១៩៧៩ គឺផ្តើមដោយអ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀនអ្នកមិនចេះសោះ ដើម្បីឲ្យវិស័យនេះកាន់តែដើរទៅមុខ ហើយរហូតដល់ពេលនេះ វិស័យអប់រំមានការរីកចម្រើន ដែលធ្វើឲ្យយុវជនមានឱកាសបានសិក្សារៀនសូត្រទាំងក្នុងសាលារដ្ឋ និងឯកជន។
នៅក្នុងពិធីប្រគល់សញ្ញាបត្រនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បាននាំយកនូវសៀវភៅអប់រំទូន្មានរបស់ភិរម្យអ៊ូ (ក្រមង៉ុយ) និងបណ្ឌិត អ៊ូ ចុង ជូនដល់គរុសិស្ស និស្សិតម្នាក់ចំនួន២ក្បាល និងថវិកាម្នាក់១០ម៉ឺន រួមទាំងផ្តល់នូវដំណើរកម្សាន្ត ទៅតំបន់ទេសចរណ៍ខេត្តសៀមរាបផងដែរ។
តាមរបាយការណ៍របស់លោក ហង់ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងថា គរុសិស្ស និស្សិតដែលទទួលសញ្ញាបត្រនៅព្រឹកនេះ រួមមាន៖ និស្សិតអធិការអប់រំ ៥៦នាក់ នារី ៩នាក់, បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ ៤០នាក់ នារី ៥នាក់, គ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញា+១) ចំនួន ៨៤៦នាក់ នារី ៣៩៣នាក់, គ្រូបង្រៀនកម្រិតមូលដ្ឋាន (១២+២) ចំនួន ៣០នាក់ នារី ២០នាក់, គ្រូបង្រៀនកម្រិតមូលដ្ឋានតាមប្រព័ន្ធពន្លឿនចំនួន ១០០៥នាក់ នារី៣៨៨នាក់៕ដោយ៖កូឡាប