ភ្នំពេញ៖ បើតាមសេចក្តីប្រកាសព័ត៌មាន ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២០ ព្រឹត្តិការណ៍ដ៏អស្ចារ្យឈានមុខនៅក្នុងប្រទេសឌីជីថលកម្ពុជា
ត្រូវបានត្រឡប់មកវិញ ជាលើកទីពីរនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០២០នេះដែលមានរយៈពេលបីថ្ងៃ និងមានអ្នកចូលរួមជាច្រើន
រួមមាន អ្នកជំនាញឌីជីថល ទាំងក្នុងស្រុក ក្នុងតំបន់និងអន្តរជាតិ សហគ្រិន និង អ្នកគាំទ្រវិស័យឌីជីថលដែលនឹងប្រមូលផ្តុំគ្នានៅសាល
ពិព័រណ៍កោះពេជ្រ ក្នុងព្រឹត្តិការណ៍ឌីជីថលកម្ពុជាខាងមុខនេះដោយរួមបញ្ចូលកម្មវិធីពិសេសៗបន្ថែមទៀត ព្រមទាំងមានការចូលរួមពីសំណាក់វាគ្មិនដ៏មានបទពិសោធន៍ជាច្រើនរូប។
ព្រឹត្តិការណ៍នេះ រៀបចំឡើងដោយវិទ្យាស្ថានជាតិឯកទេសទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន (NIPTICT)
ដែលជាគ្រឹះស្ថានអប់រំនិងស្រាវជ្រាវទៅលើផ្នែកឌីជីថលសម្រាប់សិស្សនិស្សិត។ ព្រឹត្តិការណ៍ឌីជីថលកម្ពុជា២០២០
គឺជាព្រឹត្តិការណ៍ដ៏ធំមួយនឹងឈានមុខគេ ក្នុងវិស័យឌីជីថលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលដឹកនាំដោយចក្ខុវិស័យរបស់
រដ្ឋាភិបាលនិងអ្នកដឹកនាំវិស័យឯកជន ដែលបានប្តេជ្ញាកសាងមូលដ្ឋានគ្រឹះក្នុងវិស័យឌីជីថល នៅព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែរីកច
ម្រើនយ៉ាងឆាប់រហ័សក៏ដូចជាពន្លឿនសេដ្ឋកិច្ចនៅកម្ពុជា ឲ្យកាន់តែប្រសើរឡើង។
ក្នុងនាមយើងជាអ្នកចូលរួមក្នុងស្រុកនិងក្រៅស្រុកទាំងអស់ បានត្រៀមសម្រាប់ការមកដល់របស់ខ្លួននៅរាជធានីភ្នំពេញ
ក្នុងគោលបំណងធ្វើឲ្យឌីជីថលកម្ពុជាឆ្នាំ ២០២០នេះ ក្លាយជាសន្និសីទឌីជីថលឈានមុខដំបូងគេ
ផ្តោតទៅលើប្រធានបទឌីជីថលសំខាន់បំផុត និងបញ្ហាដែលកំពុងជួបប្រទះនៅកម្ពុជា។
ព្រឹត្តិការណ៍ឌីជីថលកម្ពុជា២០២០ នឹងមានការចូលរួមពីសំណាក់វាគ្មិន ១២០ នាក់ អ្នកតាំងពិព័រណ៍ ២០០ នាក់ និងភ្ញៀវចូលរួមជាង
៣០,០០០ នាក់មកពី ១០ ប្រទេស ដែលតំណាងឲ្យស្ថាប័នរដ្ឋាភិបាលនិងស្ថាប័នការទូត ប្រតិបត្តិករទូរគមនាគមន៍
ក្រុមហ៊ុនផ្តល់សេវាបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ ICT ក្រុមហ៊ុនអភិវឌ្ឍន៍ឌីជីថលនិងបច្ចេកវិទ្យា ធនាគារ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ្នកទើបចាប់ផ្តើមអាជីវកម្មថ្មី អង្គការក្រៅរដ្ឋាភិបាល គ្រឹះស្ថានអប់រំ និងដៃគូអភិវឌ្ឍន៍។
រួមជាមួយ NIPTICT ក៏មានការគាំទ្រពីសំណាក់ស្ថាប័នរដ្ឋាភិបាល រួមមានក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងអប់រំយុវជននិងកីឡា ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងពាណិជ្ជកម្ម
និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទទួលបានការសហការពីអង្គការដែលមកពីវិស័យឯកជន ដែលជាអ្នកឧបត្ថម្ភ
និងអ្នករួមចំណែកដ៏ធំ រួមមាន Smart Axiata, Cellcard និង Metfone ដៃគូសហការ5G រួមមាន ក្រុមហ៊ុន Huawei ដៃគូសហការ
Fintech រួមមាន UnionPay និង Wing ដៃគូធនាគារ PPCBank ដៃគូអ៊ីនធឺណិត Ezecom ដៃគូរ smart house LG ដៃគូសណ្ឋាគារ
Raffles Hotel Le Royal ដៃគូភេសជ្ជៈ Angkor Beverage ដៃគូហេដ្ឋារចនាសម្ព័ន្ធ Edotco ដៃគូធ្វើដំណើរ Grab, ដៃគូ
ចាប់ផ្តើមអាជីវកម្មថ្មី ដែលជាសហគ្រាសខ្មែរ អ្នកឧបត្ថម្ភដទៃទៀត រួមមាន Seatel, Visa និង TrueMoney
និងអ្នកសហការអ្នករៀបចំកម្មវិធីរួមមាន ក្រុមហ៊ុន Sabay និង ក្រុមហ៊ុន Compass Advertising ។
ព្រឹត្តិការណ៍ឌីជីថលកម្ពុជា២០២០ ជាព្រឹត្តិការណ៍ដ៏ឈានមុខប្រចាំឆ្នាំលើកទី២ របស់ព្រះរាជាណាចក្រកម្ពុជាលើវិស័យបច្ចេកវិទ្យាឌីជីថល នឹងបង្ហាញពីគោលដៅចុងក្រោយបំផុត នៃការរៀបចំព្រះរាជាណាចក្រកម្ពុជា សម្រាប់ទទួលយកសេដ្ឋកិច្ចឌីជីថល
និងដើម្បីបង្ហាញពីសក្តានុពលនៃការរីកចម្រើន ខាងវិស័យបច្ចេកវិទ្យាឌីជីថល រួមជាមួយនឹងគោលបំណងអភិវឌ្ឍន៍ជាក់លាក់រួមមាន ទី១:ការបង្កើតវេទិកាថ្នាក់ជាតិ ដើម្បីបង្ហាញទៅកាន់ឆាកអន្ដរជាតិថា ប្រទេសកម្ពុជាជាប្រទេសមួយ ដែលមានភាពទាក់ទាញទៅលើការវិនិយោគ លើវិស័យឌីជីថល វិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន។
ទី២: ការពិភាក្សាអំពីវឌ្ឍនភាពនៃការអភិវឌ្ឍន៍គោលនយោបាយ ក្របខ័ណ្ឌច្បាប់ និងការអប់រំ នៅក្រោម
ការរីកចម្រើននៃវិស័យសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា។ ទី៣:ការធ្វើបទបង្ហាញនិងផ្សព្វផ្សាយពីសារសំខាន់ នៃវិស័យឌីជីថលបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ដើម្បីបង្កើនផលិតភាពនិងប្រសិទ្ធ
ភាពការលើកកម្ពស់ប្រព័ន្ធសិក្សាអប់រំ ការពង្រឹងជំនាញឌីជីថល និងបច្ចេកវិទ្យាដើម្បីជាឱកាសឲ្យប្រទេសកម្ពុជាបានចូលរួម
ប្រកួតប្រជែងស្នាដៃទាំងនៅលើឆាកជាតិ និងអន្តរជាតិ។ ទី៤: ការប្រមូលផ្តុំអ្នកជំនាញនិងអ្នកដឹកនាំ នៅក្នុងវិស័យ
បច្ចេកវិទ្យាឌីជីថលនិងព័ត៌មានវិទ្យា ព្រមទាំងវិស័យ ទំនាក់ទំនងទូរគមនាគមន៍ក៏ដូចជាស្ថាប័នរដ្ឋាភិបាលវិនិយោគិន អ្នកបង្កើតបច្ចេកវិទ្យាថ្មីស្ថាប័នស្រាវជ្រាវ ដើម្បីផ្លាស់ប្តូរគំនិតទទួលបានចំណេះដឹងថ្មី និងជំរុញឲ្យមានការផ្សព្វផ្សាយ ពីការអនុវត្ដន៍ដ៏ល្អបំផុតសម្រាប់ការផ្លាស់ប្តូរបទពិសោធន៍ ការពិភាក្សាគ្នាអំពីនិន្នាការនិងបញ្ហាប្រឈមនានា នៅក្នុងវិស័យឌីជីថលនិងព័ត៌មានវិទ្យា ព្រមទាំងបង្ហាញពីបញ្ហាដែលកំពុងជួបប្រទះ ដែលអាចស្វែងរកដំណោះស្រាយបានតាមរយៈបច្ចេកវិទ្យាឌីជីថល។ ទី៥:
ការជំរុញនិងលើកទឹកចិត្តសហគ្រិនភាព និងការច្នៃប្រឌិត និងទី៦ការអនុញ្ញាតឲ្យសហគ្រិន និងអ្នកចាប់ផ្តើមអាជីវកម្មថ្មី
ទទួលបានការអភិវឌ្ឍន៍នូវបណ្តាញរបស់ពួកគេ ក៏ដូចជាឱកាសជួបជាមួយក្រុមហ៊ុន ដែលផ្ដល់វិភាគទានដល់សហគ្រិនដែលជាអ្នកចាប់ផ្ដើម។
ព្រឹត្តិការណ៍ដល់គួរឲ្យកត់សម្គាល់ ឌីជីថលកម្ពុជាឆ្នាំ ២០២០ រួមមាន៖
១.វេទិការដ្ឋមន្រ្តីក្រសួងព័ត៌មាននិងទូរគមនាគមន៍ប្រចាំតំបន់អាស៊ាន និងកិច្ចពិភាក្សារវាងរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងទូរគមនាគមន៍ប្រចាំតំបន់អាស៊ាន និងវិស័យឯកជនមកពីក្នុងស្រុក និងក្រៅស្រុក។
២. វេទិកាសម្រាប់អ្នកទើបនឹងចាប់ផ្តើមវិស័យបច្ចេកវិទ្យាឌីជីថលថ្មី
៣. វេទិកាសម្រាប់អ្នកអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាឌីជីថល
៤.សន្និសីទនិងសិក្ខាសាលាសម្រាប់អ្នកដឹកនាំ និងអ្នកជំនាញផ្នែកឌីជីថលដើម្បីឲ្យពួកគាត់បានចែករំលែកព័ត៌មាន ទាក់ទងនឹងការវិវឌ្ឍន៍ចុងក្រោយបង្អស់នៃបច្ចេកវិទ្យាឌីជីថលនិងគោលការណ៍របស់បច្ចេកវិទ្យាឌីជីថលនាថ្ងៃអនាគត។
៥. ពិព័រណ៍ឌីជីថលថ្នាក់ជាតិនិងថ្នាក់តំបន់
៦. ការផ្តល់ពានរង្វាន់ព័ត៌មាននិងទូរគមនាគមន៍កម្ពុជា ពានរង្វាន់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យា ពានរង្វាន់មូលនិធី USO CBRD និង
ពានរង្វាន់សហគ្រិនវ័យក្មេងដែលមានភាពឆ្នៃប្រឌិតទៅលើផ្នែកផលិតផលបច្ចេកវិទ្យា។
ក្នុងរយៈពេល៣ថ្ងៃពេញនេះអ្នកចូលរួមនឹងរីករាយជាមួយប្រធានបទ និងការតាំងពិព័រណ៍ដូចជា ការសរសេរកូដ FinTech, AgriTech,
Big Data, ប្រព័ន្ធដំណោះស្រាយសិប្បនិម្មិត (AI), គំនិតច្នៃប្រឌិត (Design Thinking), គេហដ្ឋានឆ្លាតវៃ (Smart Homes),
កីឡាអេឡិចត្រូនិច (e-Sport), មនុស្សដែលមានទេពកោសល្យផ្នែកឌីជីថលនៅកម្ពុជា (Cambodia digital talent),
ពាណិជ្ជកម្មអេឡិចត្រូនិច និងគោលនយោបាយសេដ្ឋកិច្ចឌីជីថល ប្រព័ន្ធអេកូឌីជីថល ការផ្ដល់មូលនិធិ និងការរៃអង្គាសមូលនិធិ។
លើសពីនេះទៅទៀតអ្នកចូលរួមនឹងមានឱកាសស្តាប់ ប្រសាសន៍ពីសំណាក់រដ្ឋមន្រ្តីក្នុងវិស័យឌីជីថល នៅតំបន់អាស៊ាននិងមនុស្សដែល
មានទេពកោសល្យឌីជីថលនៅតំបន់អាស៊ាន។
ព្រឹត្តិការណ៍ឌីជីថលកម្ពុជា២០២០ អាចប្រារព្ធទៅបានដោយសារការគាំទ្រ និងការដឹកនាំរបស់មន្រ្តីរដ្ឋាភិបាលសំខាន់ៗដែល
មានការចូលរួមចំណែកជាច្រើនដែលមិនអាចកាត់ថ្លៃបាន មកកាន់ឌីជីថលកម្ពុជានិងការខិតខំបង្កើតនិងរក្សាមូលដ្ឋាន
ដ៏រឹងមាំសម្រាប់ការរីកលូតលាស់នៃវិស័យឌីជីថល ក្នុងរយៈពេលយូរអង្វែងប្រកបដោយនិរន្តរភាព។
លោកបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានNIPTICT បានមានប្រសាសន៍ថា វិទ្យាស្ថានជាតិឯកទេសទូរគមនាគមន៍
និងបច្ចេកវិទ្យាព័ត៌មានមានមោទនភាពណាស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ពីសំណាក់រាជរដ្ឋាភិបាល
និងវិស័យឯកជនក្នុងការបង្កើតវេទិកាដ៏ឆ្នើមអស្ចារ្យមួយនេះ ក៏ដូចជាដើម្បីកសាងអនាគតវិស័យឌីជីថលរបស់ប្រទេសកម្ពុជា
និងលើកកម្ពស់ប្រទេសកម្ពុជាឲ្យក្លាយ ជាអ្នកដឹកនាំនាំមុខវិស័យបច្ចេកវិទ្យាឌីជីថល។ ស្របតាមគោលដៅដែលបានចែង
របស់យើងក្នុងការកសាងអនាគតវិស័យឌីជីថល របស់ប្រទេសកម្ពុជាប្រធានបទសម្រាប់ឆ្នាំ ២០២០
គឺមនុស្សដែលមានទេពកោសល្យឌីជីថល។ ព្រឹត្តិការណ៍ឌីជីថលកម្ពុជា ២០២០ នឹងពង្រឹងវិស័យឌីជីថលនិងព័ត៌មានវិទ្យា
និងទូរគមនាគមន៍ឲ្យក្លាយជាវិស័យ ដែលមានតួនាទីសម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា” ។
លោកបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (MPTC) និងជាអនុប្រធានទី ១
នៃក្រុមប្រឹក្សាមូលនិធិ ស.អ CBRD បានមានប្រសាសន៍ថាព្រឹត្តិការណ៍ឌីជីថលកម្ពុជា ២០២០
បានចូលរួមចំណែកក្នុងការសម្រេចបាននូវផែនការ កសាងសមិទ្ធផលឆ្នាំ ២០១៩-២០២០ និងការស្រាវជ្រាវនិងការអភិវឌ្ឍន៍ នៃវិស័យ
បច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ ដែលបង្កើតឡើងដោយក្រុមប្រឹក្សាមូលនិធិស.អ CBRD ដើម្បី
ទី១ការលើកកម្ពស់ការអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់បច្ចេកវិទ្យាព័ត៌មាន។ ទី២ការជំរុញឲ្យមានការស្រាវជ្រាវ
និងការអភិវឌ្ឍន៍ក៏ដូចជា ការច្នៃប្រឌិតក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងទី ៣
ការជំរុញឲ្យមានការអភិវឌ្ឍន៍អ្នកចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យថ្មី។
លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ MPTC បានមានប្រសាសន៍ថា “គោលនយោបាយកំពុងត្រូវបាន បង្កើតឡើង ដោយរាជរដ្ឋាភិបាលកម្ពុជាជាពិសេសទាក់ទងនឹងការរៀបចំប្រទេសសម្រាប់សេដ្ឋកិច្ចឌីជីថល ស្របតាមទស្សនវិស័យដែលមានរយៈពេលវែង ដើម្បីធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេស ឈានមុខគេខាងបច្ចេកវិទ្យាឌីជីថល” ។ លោកបន្តថា“ ឌីជីថលកម្ពុជា ២០២០រំលេចនូវការប្តេជ្ញាចិត្ត របស់កម្ពុជាក្នុងការកសាងសេដ្ឋកិច្ចឌីជីថល និងសង្កត់ធ្ងន់លើអាទិភាព
ដែលយើងដាក់លើការបង្កើនធនធានមនុស្ស ខាងវិស័យឌីជីថល នៅព្រះរាជាណាចក្រកម្ពុជា” ។
លោកជឿជាក់ថាការគាំទ្រដល់ការអភិវឌ្ឍន៍ ជំនាញរបស់យុវជនដែលមានទេពកោសល្យ នឹងរួមចំណែកដល់ការសម្រេចបាន
នូវយុទ្ធសាស្ត្រចតុកោណ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី ៦ ជាពិសេសការរៀបចំសម្រាប់សេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី
៤ ។
គួរបញ្ចាក់ផងដែរថាព្រឹត្តិការណ៍ឌីជីថលកម្ពុជា ២០២០ នឹងមានការចូលរួមពីសំណាក់ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងព័ត៌មានវិទ្យា
និងមានវាគ្មិនប្រមាណ ១២០ នាក់ដែលបានចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលផងដែរ
ព្រឹត្តិការណ៍នេះមានការតាំងពិព័រណ៍ប្រមាណជា ២០០ស្ដង់និងសង្ឃឹមថានឹងមាន អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះជាង ៣០,០០០
នាក់មកពីស្ថាប័នជាតិនិងអន្តរជាតិ ដែលរួមមានស្ថាប័នរដ្ឋាភិបាល ស្ថាប័នការទូត ប្រតិបត្តិករទូរគមនាគមន៍ក្រុមហ៊ុន
ផ្តល់សេវាបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ ក្រុមហ៊ុនអភិវឌ្ឍន៍ឌីជីថល ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ្នកចាប់ផ្តើមអាជីវកម្មថ្មី
អង្គការក្រៅរដ្ឋាភិបាល គ្រឹះស្ថានអប់រំនិងដៃគូអភិវឌ្ឍន៍៕ ដោយ៖បញ្ញាស័ក្តិ